ដោយៈប.ខុន/ភ្នំពេញៈ កន្ត្រកចាប់សំរាមនៅតាមប្រឡាយនិងអូរក្នុងក្រុងព្រះសីហនុ មិនត្រឹមតែទប់ស្កាត់និងកាត់បន្ថយសំរាមមិនឱ្យហូរធ្លាក់ទៅដល់ក្នុងសមុទ្រទេ គឺថែមទាំងបាន ជួយបង្កភាពងាយស្រួលដល់ការរើសយកសំរាមដែលនៅសល់តម្លៃនិងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋដែលមានមុខរបររើសសំរាម។


លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២២ថា សំរាមដែលស្ទាក់ចាប់បាន ដោយកន្ត្រកចាប់សំរាមនៅតាមអូរនិងប្រឡាយបានប្រហែលពី៥០ទៅ៦០កុងថឺន័រក្នុងមួយឆ្នាំ។កន្ត្រកត្រងសំរាមមានចំនួន៧បានដាក់នៅលើទីតាំងចំនួន៤កន្លែង ដោយ១កន្លែងនៅអូរសុខា មួយកន្លែងនៅអូរអាចម៍មឹក មួយកន្លែងនៅអាងចម្រុះ១៦ហិកតានិងមួយកន្លែងទៀតនៅបន្ទប់ទឹកលេខ១១។ ចាប់តាំងពីដាក់កន្ត្រកនេះនៅតាមប្រឡាយទាំងនោះមកសំរាម នៅលើផ្ទៃសមុទ្រត្រូវបានកាត់បន្ថយច្រើន។
ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថាសំរាមមានច្រើនជាប្រភេទស្បោងជ័រ ដបទឹកសុទ្ធ សំណល់កញ្ចប់បាយដែលអណ្តែតមកតាមទឹកពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ក្រោយពេលភ្លៀងខ្លាំងសំរាមបានអណ្តែតមកទើរពេញកន្ត្រក ក្នុងមួយឆ្នាំត្រូវដឹកយកសំរាមចេញយ៉ាងតិច២០ដងដោយក្នុងមួយដងមានពី២ទៅ៣កុងថឺន័រ។សំរាម មានច្រើនតែនៅពេលមានភ្លៀងខ្លាំង។ចុងក្រោយនេះបរិមាណសំរាមដឹកចេញពីកន្លែងចាប់សំរាមមានការថយចុះ ដោយសារប្រជាពលរដ្ឋមានមុខរបររើសអេតចាយមកជួយរើសយកសំបកដបនិងសំបកកំប៉ុងដែលអាចលក់បានចេញអស់មួយផ្នែកធំ។
លោក ហិប សុខាន់ណារ៉ូ នាយកគ្រប់គ្រងទីលានទុកដាក់សំរាមសំណល់ទីប្រជុំជននៃមន្ទីរបរិស្ថានខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី០១ខែធ្នូថា ចាប់តាំងពីរដ្ឋបាលខេត្តព្រះសីហនុបានចាត់វិធានការដាក់កន្ត្រកចាប់សំរាមនៅតាមអូរនិងប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុមកឃើញថាសំរាមនៅលើផ្ទៃសមុទ្រដែលតែង តែអណ្តែតមកដល់ឆ្នេរវិញត្រូវបានកាត់បន្ថយយ៉ាងច្រើន។
នាយកគ្រប់គ្រងទីលានទុកដាក់សំរាមខាងលើនិយាយឱ្យដឹងទៀតថាសំរាមដែលចាប់បាននៅតាមកន្ត្រកចាប់សំរាម បានដឹកមកដល់ទីលានក្នុងមួយឆ្នាំមានមិនតិចជាងពី២០០ទៅ៣០០តោនទេ។ តែនៅពេលចុងក្រោយនេះសំរាមដឹកមកពីកន្ត្រកចាប់សំរាមបានថយចុះដោយសារបងប្អូនដែលមានមុខរបររើសអេតចាយបានទៅរើសដល់មុខកន្ត្រក ដោយមានគ្នាមួយក្រុមប្រហែល១០នាក់តែងបានទៅរើសយកសំណល់ដែលអាចលក់បានក្រោយពេលមានភ្លៀងធ្លាក់។
លោក ហិប សុខាន់ណារ៉ូ បាននិយាយឱ្យដឹងទៀតថាសំរាមអាតចាយ ដែលប្រមូលបានពីតាមកន្ត្រកចាប់សំរាមនៅតាមប្រឡាយក្នុងមួយឆ្នាំប្រហែលជា១០០តោន ពលរដ្ឋរើសអាតចាយនៅតាមកន្ត្រកសំរាមក្រោយពេលភ្លៀងម្តងៗ រកបានប្រាក់ចំណូលពី៣០០ទៅ៤០០ដុល្លារ។សរុបមកវិញកន្ត្រកចាប់សំរាម ដែលបានដាក់នៅតាមអូរនិងប្រឡាយ នៅក្រុងព្រះសីហនុ មិនត្រឹមតែជួយកាត់បន្ថយសំរាមហូរចូលសមុទ្រទេ គឺថែមទាំងបានជួយបង្កើនភាពងាយស្រួលក្នុងការប្រមូលសំរាមមានតម្លៃនិងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋដែលមាន មុខរបររើសសំរាមផងដែរ៕/PC