ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សំពោចធំ (Large-spotted civet) Viverra megaspila ជាប្រភេទសត្វកម្រ និងជិតផុតពូជ ប៉ុន្តែសត្វដ៏កម្រនេះ បច្ចុប្បន្ន គេឃើញកំពុងមានវត្តមាន នៅប្រទេសកម្ពុជា ពិសេសតំបន់ការពារទេសភាពខ្ពង់រាប ភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី និងតំបន់ការពារទេសភាព ខ្ពង់រាបភាគខាងជើង ខេត្តព្រះវិហារ។

យោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ សត្វសំពោចធំ ត្រូវបានគេ ចាត់ជាប្រភេទ មំសាសត្វ មាឌតូច និងក៏ត្រូវបានចាត់ថ្នាក់ ជាប្រភេទរងគ្រោះ ជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។

សត្វសំពោចធំ មានវត្តមាន នៅតំបន់អាស៊ីអាគ្នេយ៍ ភាគខាងត្បូងប្រទេសចិន និងឧបទ្វីប ប្រទេសម៉ាឡេស៊ី។

សំពោចធំ ភាគច្រើន ត្រូវបានកត់ត្រា នៅតំបន់ដែលមានរយៈ កំពស់ទាប ក្រោម ៣០០ ម. (ធៀបនឹងនីវ៉ូទឹកសមុទ្រ)។ នៅក្នុងប្រទេសកម្ពុជា សត្វសំពោចធំ ភាគច្រើន ត្រូវបានគេ កត់ត្រា តាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិ នៅក្នុងព្រៃល្បោះ នៃតំបន់ការពារទេសភាព ខ្ពង់រាបភាគខាងកើត (ខេត្តមណ្ឌលគិរី) និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង (ខេត្តព្រះវិហារ)។

សម្រាប់កត្តាគំរាមកំហែង ចំពោះសត្វសំពោចធំ មានដូចជា ការបាត់បង់ទីជម្រក និងការបរ បាញ់ / ដាក់អន្ទាក់៕ V / N