ដោយៈ ជា សីហៈ/ភ្នំពេញៈ គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិស្មារតីចងចាំពិភពលោក យូណេស្កូភ្នំពេញ និងយូណេស្កូបាងកក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយអំពីបេតិកភណ្ឌឯកសារដែលបានចុះបញ្ជីក្នុង «ស្មារតីចងចាំពិភពលោក» និងរំលឹកខួបលើកទី៣០ នៃការបង្កើតកម្មវិធីស្មារតីចងចាំពិភពលោក នៅសាលអង្គរវត្ត នៃក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក្រោមអធិបតីភាព លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ក្នុងគោលបំណង បង្កើនការយល់ដឹង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សិក្ខាកាម អំពីបេតិកភណ្ឌឯកសារ និងកម្មវិធីស្មារតីចងចាំពិភពលោក។ ជាពិសេស ប្រមូលព័ត៌មាន និងធាតុចូលពីសិក្ខាកាមទាំងអស់ ដើម្បីធ្វើព្រាងសម្រង់បេតិកភណ្ឌឯកសារ ថ្នាក់ខេត្ត និងពិនិត្យលទ្ធភាពលើការរៀបចំបញ្ជីថ្នាក់ជាតិ ដែលជាជំហានដំបូង និងតៀមចុះបញ្ជីថ្នាក់តំបន់ ឬ/និងថ្នាក់អន្តរជាតិនាពេលអនាគត។ ការរៀបចំបញ្ជីបេតិកភណ្ឌឯកសារ ថ្នាក់ជាតិនេះ គឺដើម្បីការពារ និងអភិរក្សឲ្យគង់វង្សស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយ។

សិក្ខាសាលានេះ មានរបៀបវារៈដូចតទៅ ៖ បទបង្ហាញ ស្ដីពីគោលការណ៍ណែនាំ និងច្បាប់នានា អំពីបេតិកភណ្ឌឯកសារ និង បេតិកភណ្ឌឯកសារកម្ពុជាដែលបានចុះបញ្ជី, កិច្ចពិភាក្សា ដើម្បីពិនិត្យលទ្ធភាពក្នុងចងក្រងបញ្ជីបេតិកភណ្ឌឯកសារថ្នាក់ជាតិ, ការតាំងពិព័រណ៍ ដើម្បីរំលឹកខួប៣០ឆ្នាំ នៃការបង្កើតកម្មវិធីស្មារតីចងចាំពិភពលោក,ដំណើរទស្សនកិច្ចដល់ទីតាំងផ្ទាល់ មានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ដើម្បីស្វែងយល់បន្ថែមពីរបៀបទុកដាក់ កិច្ចការពារ និងអភិរក្ស បេតិកភណ្ឌឯកសារ រួមមាន បណ្ណសារ និងឯកសារសំឡេងដែលមានតម្កល់នៅទីនោះ៕/PC