ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចិនបានបញ្ចប់ការសាងសង់កែវយឹតធំបំផុតរបស់ពិភពលោក ដែលនឹងត្រូវបែរទិសទៅរកព្រះអាទិត្យដោយផ្ទាល់ដើម្បីសិក្សាពីរបៀបដែលឥរិយាបថរបស់វាប៉ះពាល់ដល់ផែនដី។
កែវយឹតឈ្មោះ Daocheng Solar Radio Telescope ឬ DSRT ដែលមានទីតាំងនៅតំបន់ខ្ពង់រាបក្នុងខេត្តស៊ីឈាន់ភាគនិរតីប្រទេសចិន គឺមានបន្ទះថាសចំនួន ៣១៣។បន្ទះថាសនីមួយៗមានអង្កត់ផ្ចិត ១៩,៧ ហ្វីត (៦ម៉ែត្រ) ហើយរួមគ្នាបង្កើតបានជារង្វង់ប្រវែង ១,៩៥ ម៉ាយ (៣,១៣ គីឡូម៉ែត្រ)។
ការរៀបចំដ៏ធំនៃគ្រឿងចក្រវិទ្យាសាស្ត្រ ដែលចំណាយអស់ ១៤ លានដុល្លារនេះ គ្រោងនឹងសិក្សាពីភ្លើងព្រះអាទិត្យ និងការបញ្ចោញពពកខូរ៉ូណាល់ (CME)ដែលទាំងពីរនេះអាចជះឥទ្ធិពលអវិជ្ជមានដល់គ្រឿងអេឡិចត្រូនិច បណ្តាញថាមពលនិងផ្កាយរណប។
CME គឺជាពពកដ៏ធំមួយនៃភាគល្អិតផ្ទុកបន្ទុកអគ្គិសនី ដែលត្រូវបានកម្តៅរហូតដល់សីតុណ្ហភាពក្តៅខ្លាំងហើយបន្ទាប់មកបានបញ្ចេញចេញជាមួយនឹងល្បឿនយ៉ាងលឿនដោយថាមពលដែលបញ្ចេញក្នុងភ្លើងពន្លឺព្រះអាទិត្យ។
លោក វូ លីន (Wu Lin) នាយករងផ្នែករចនាគម្រោងកែវយឹត DSRTបាននិយាយថា “យើងអាចព្យាករណ៍បានថាតើព្យុះព្រះអាទិត្យបោកបក់មកកាន់ផែនដីឬអត់”។
លោកវូបានប្រាប់ទូរទស្សន៍ CCTV+ តាមរយៈវេបសាយ Space.com ថា “ប្រសិនបើវាផ្ទុះមកកាន់ផែនដី ហើយនឹងមកដល់ពួកយើង យើងនឹងអាចចេញការព្រមានជាមុនចំពោះព្យុះព្រះអាទិត្យបែបនេះ។ តាមវិធីនេះ យើងអាចផ្តល់នូវការព្យាករណ៍អំពីបរិយាកាសអវកាសសម្រាប់ប្រតិបត្តិការធម្មតារបស់ផ្កាយរណបនៅក្នុងលំហ និងបណ្តាញថាមពលនៅលើដី”។
កែវយឹតនេះនឹងចាប់ផ្តើមប្រតិបត្តិការសាកល្បងនៅខែមិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីបញ្ចប់ការសាកល្បងការតម្រែតម្រង់បន្ថែម៕
កែវយឹត DSRT ត្រូវបានសាងសង់រួចរាល់