ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ លទ្ធផលការអនុវត្តការងារទិញលក់ ស្រូវម្លិះស ឬផ្កា រំដួលសើម បានកកស្ទះ និងធ្លាក់ថ្លៃ នៅតាមបណ្ដាឃុំ ស្រុក មួយចំនួន ក្នុងខេត្តបន្ទាយមាន ជ័យ ក្នុងរយ:ពេល ១២ថ្ងៃ ដោយគិតត្រឹម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះ ឃើញថា បរិមាណប្រមូលច្រើនលើសលុប តែសមត្ថកិច្ច ទិញទៅឡសម្ងួត មិនសមាមាត្រ ឬទិញមិនអស់ឡើយ ក្នុងនោះដែរ គុណភាពស្រូវ មានលាយពូជច្រើន មិនសូវសុទ្ធល្អ ឡើយ ។ នេះបើតាមរបាយការណ៍ ស្តីពីលទ្ធផលការអនុវត្ត ការងារទិញលក់ ស្រូវម្លិះស ឬផ្ការំដួលសើម របស់លោក ហ៊ុល ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដែលកាសែតរស្មីកម្ពុជា ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោក ប៊ុន ឡាយជី បានបន្តថា : រយៈពេល ១២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំដដែល ក្រុមការងារដោះស្រាយបញ្ហាកកស្ទះ ការទិញលក់ស្រូវ ម្លិះស (ផ្ការំដួល) សើម និងការធ្លាក់ថ្លៃ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាល ខេត្តបន្ទាយមានជ័យ នឹងមានការចូលរួមពីបណ្ដាអង្គភាព ពាក់ព័ន្ធមួយចំនួន។ គឺរួមមាន មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីក្រោមឱវាទ បានចូលសហការ សម្របសម្រួលជាមួយ ក្រុមហ៊ុនទទួលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈ្មួញដែលប្រមូលទិញ ពីប្រជាកសិករ។​ ក្នុងនោះ នៅស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះ ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដើម្បីគ្រប់គ្រងស្ថានភាព ការប្រមូលទិញស្រូវ ដោយធានាមិនឱ្យមាន ការកកស្ទះ និងឲ្យស្របទៅតាមតម្លៃគោល ដែលដាក់ឲ្យអនុវត្តទទួលបានលទ្ធផល ដូចតទៅៈ តម្លៃអំឡុងពេលអនុវត្តតម្លៃគោល ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រូវចាប់ផ្ដើមឡើងថ្លៃមកវិញ ស្រូវម្លិះរំដួលសើម លេខ១ តម្លៃ ៩៨០ រៀល ទៅ ១.០៤០ រៀល ក្នុង១គ.ក្រ ។ ស្រូវម៉ាលីសរំដួលសើម​លេខ២ តម្លៃ ៨,៥ បាត ទៅ ៩ បាត ក្នុង១គ.ក្រ ។ ស្រូវម្លិះសើមរំដួលលេខ២ តម្លៃ ៩២៥ រៀល ទៅ ៩៦០ រៀល ៨ បាត ទៅ ៨,៣ បាត ក្នុង១គ.ក្រ ។

លោកបានបន្តថាៈ តម្លៃក្រោយពេលអនុវត្តតម្លៃគោល ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់បច្ចុប្បន្ន តម្លៃស្រូវ កាន់តែល្អ គឺស្រូវម្លិះ (រំដួល) សើមលេខ១ តម្លៃ ១.០១៦ រៀល ទៅ ១.០៥០ រៀល ៨ បាត ទៅ ៩,១ បាត ។

អំពីការប្រមូលទិញ មន្ត្រី បានឱ្យដឹងថាៈ ១-បរិមាណទិញ តាមបណ្តាស្រុកនិមួយៗ ចំនួន ៧.៧៤៨ តោន និង ២-បរិមាណទិញ តាមបណ្តាក្រុមហ៊ុន និងរោងម៉ាស៊ុីននិមួយៗ ដែលបានសហការជាមួយ ក្រុមការងារចំនួន១៦ ក្រុមហ៊ុន រោងម៉ាស៊ីន ឈ្មួញ បាន ៧.៧៤៨ តោន ។

មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានបូកសរុប សន្និដ្ឋាន និងវិភាគសង្ខេបថាៈ ដោយយោងលើការអនុវត្តការងារ ជាក់ស្ដែង ខាងលើ ឃើញថា បញ្ហាដែលកើតឡើង បណ្ដាលមកពីកត្តា បីយ៉ាងៈ ទី១. បរិមាណប្រមូលផលស្រូវ ក្នុងមួយថ្ងៃ ប្រមាណជា ២០.០០០ តោន ជាបរិមាណដែលលើសលុប ។ ទី២. សមត្ថភាពឡសម្ងួតស្រូវ មានចំនួន មិនសមមាត្រ និងបរិមាណ ដែលត្រូវច្រូតប្រចាំថ្ងៃ។ ទី៣. គុណភាពស្រូវមានលាយពូជ ច្រើន មិនសូវសុទ្ធល្អ ៕/V