ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ កូនជ្រូកចំនួន ៨៦ ក្បាល និងសត្វក្រួច ទម្ងន់ជាង ៤ តោន ដែលគ្មានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ចចំរុះ បង្ក្រាបបាន និងយកទៅដុតកម្ទេច ចោល នៅទីតាំងការិយា ក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ ខេត្តកំពង់ឆ្នាំង ក្រោមការត្រួតពិនិត្យ ពីលោកព្រះរាជអាជ្ញារង អមតុលាការ រាជធានីភ្នំពេញ និងមានការចូលរួមសហការ ពីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាៈ ករណីដុតកំទេចសត្វជ្រូក និងសត្វក្រួច ដែលធ្វើឡើងនៅព្រឹកនេះ គឺមានការចូលរួមពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អមតុលាការ រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ របស់ក្រសួងស្ថាប័នជំនាញ ផងដែរ ។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបន្តថាៈ កិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសដែលគ្មានប្រភពច្បាស់លាស់នេះ គឺខាងនាយកដ្ឋាន ជាអ្នកបង្ក្រាប ចំណែកមន្ត្រី របស់លោក គ្រាន់តែចូលរួមសហការ ដុតកម្ទេចចោល។

តាមប្រភពពីសមត្ថកិច្ចចម្រុះ ដែលបានចុះបង្ក្រាបបទល្មើស ខាងលើនេះ បានឲ្យដឹងថាៈ កូនជ្រូក ចំនួន ៦៨ ក្បាល និងសាច់សត្វក្រួច ចំនួនជាង ៤ តោន ត្រូវបាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរៈសេនីយ៍ទោ សាន សាធុកា សហការជាមួយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន បានបង្ក្រាប ចាប់ឃាត់ កាលពីយប់ ថ្ងៃទី២១ និង ២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវជាតិ លេខ១  នៅចំណុចវាលស្បូវ និងចំណុចក្តីតាកុយ ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយធ្វើការឃាត់ការដឹកជញ្ជូនសាច់សត្វ គ្មានប្រភពច្បាស់លាស់  សមត្ថកិច្ចចំរុះ បានសហការគ្នា យកមកដុតកំទេចចោល ក្នុងទីតាំងការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលមានទីតាំង សម្រាប់ការដុត កំទេចចោល ផលិតផលពីសាច់ គ្មានគុណភាព និងប្រភពច្បាស់លាស់៕ V / N