ដោយៈ សុក្ខារិន / ពោធិសាត់ៈ នៅក្នុងឱកាសទិវាបរិស្ថានឆ្នាំនេះ ក្រោមប្រធានបទ ” មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និង បៃតង ” នោះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ វិច្ឆិកា កន្លងទៅថ្មីៗ បានប្រារព្ធធ្វើទិវាអនាម័យបរិស្ថានជាតិនៅលើសួនច្បារ វេទិកាអុំទូក ក្រោមអធិបតីភាពលោក សាយ សុជាតិ អភិបាលរង តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ រួចមក លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថាៈ ស្របតាមស្មារតីនៃ អនុក្រឹត្យលេខ ៤៧ អនក្រ ស្ដីពីការបង្កើតទិវាអនាម័យបរិស្ថានជាតិ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ និងសេចក្ដីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីការប្រារព្ធទិវាអនាម័យបរិស្ថាន ជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ ” មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និង បៃតង ” កម្មវិធីថ្ងៃនេះ បានប្រារព្ធធ្វើឡើង ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស ឲ្យចូលរួមទាំងស្មារតី សម្ភារៈ ក្នុងការធ្វើអនាម័យ និងកែលំអសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅបំបាត់នូវភាពកខ្វក់ សំរាមនិងកាកសំណល់ផ្សេងៗ ដើម្បីកែលំអគុណភាពបរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគ្របដណ្ដប់ ដោយរុក្ខជាតិបៃតងខ្ចី ផ្កាចម្រុះពណ៌ លើកស្ទួយសុខភាព ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងប្រជាពលរដ្ឋ ប្រកបដោយអនាម័យ បរិស្ថានល្អ។

លោក សាយ សុជាតិ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈ អភិបាល ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថាៈ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលជា សេនាធិការ ឲ្យក្រសួងបរិស្ថាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចគាំពារ បរិស្ថាន ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការគ្រប់គ្រងការអភិវឌ្ឍន៍ ដោយចីរភាព ការផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន។

លោកអភិបាលរងខេត្ត បានបន្តទៀតថាៈ បញ្ហាបរិស្ថាន ជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្ដាច់មុខ របស់មន្ទីរបរិស្ថាន ឬបុគ្គល អង្គភាព ណាមួយនោះទេ គឺទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២២ នេះ ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ ” មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមពីយើងទាំងអស់គ្នា ដែលជាប្រជាជនកម្ពុជា ក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់ធម្មជាតិ ក្នុងប្រទេសរបស់យើង និងចូលរួមថែរក្សា ការពារទាំងអស់គ្នា ដើម្បីមាតុភូមិយើងស្អាត និងបៃតង។

លោក សាយ សុជាតិ បានមានប្រសាសន៍ថាៈ យើងអាចចូលរួមបានជាមួយសកម្មភាព ងាយៗ រួមមានការប្រតិបត្តិមេត្រីភាព បរិស្ថាន​ធ្វើការសំអាតអនាម័យ បរិស្ថាន តាមលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់សំរាម កាកសំណល់ផ្សេងៗ ក្នុងធុងសម្រាម ឲ្យបានត្រឹមត្រូវ និងដាំដើមឈើ ឲ្យមានភាពបៃតងស្រស់ ប្រកបដោយផាសុកភាព។

លោកបានបន្ថែមទៀតថាៈ ការផ្លាស់ប្ដូរឥរិយាបទ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើ ប្រាស់ ផលិតផល ធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិក នឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះ កំពុងគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ ដល់ភពផែនដីរបស់យើង។ ដូច្នេះការប្រារព្ធទិវានេះ ​នឹងក្លាយជាចរន្តចលករ​ដែលជំរុញ ឲ្យមានការផ្ដួចផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុស ត្រូវ ក្នុងការទុកដាក់សំណល់ ដោយមិនបោះ ចោលពាសវាលពាសកាល នៅទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាព ទីក្រុងពោធិ៍សាត់របស់យើង។

សូមបញ្ជាក់ថា ទិវាបរិស្ថាននេះ បានធ្វើពិធីដង្ហែជុំវិញផ្សារថ្មីពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយឲ្យ អាជីវករ និងប្រជាពលរដ្ឋ បានយល់ដឹងពីអនាម័យបរិស្ថាន ព្រមទាំងបានចែកជូនស្បោង សម្រាប់ដាក់សម្រាមកាកសំណល់ ផងដែរ៕ V / N