ដោយៈដេប៉ូ/ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំដល់ក្រសួងស្ថាប័នរដ្ឋពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ឱ្យរៀបចំអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៤និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ឆ្នាំ២០២២នេះឱ្យបានអធឹកអធម។នេះបើយោងសារាចរស្ដីពីការចាត់តាំងទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាដែលបានណែនាំដល់ប្រព័ន្ធឃោសនារដ្ឋនិងឯកជនឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជិតទាំងមូលឱ្យបានជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ៣ធ្នូ។

(រូបថតគេហទំព័រ EAC)

សារាចរក៏បានណែនាំគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមីទ្ទីង ជួបសំណេះសំណាលជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយរបស់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅតាមមូលដ្ឋានរៀងៗខ្លួនតាមគន្លងបរិបទថ្មីនៃកូវីដ-១៩។

សម្ដេចតេជោក៏បានបញ្ជាដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងសុខាភិបាល ក្រសួងអប់រំ មូលនិធិជនពិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីមីទ្ទីងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ជនមានពិការភាពនៅរាជធានីភ្នំពេញ។

ដើម្បីអបអរសាទរដល់ទិវា បដាមួយចំនួនក៏នឹងត្រូវរៀបចំផងដែរដែលមានខ្លឹមសារដូចជា ជយោ! ព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០។ ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ។ សូមហៅឈ្មោះខ្ញុំ ជាជាងហៅពិការភាពរបស់ខ្ញុំ។ លុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព។ បញ្ឈប់ការកេងប្រវ័ញ្ចគ្រប់រូបភាពលើជនមានពិការភាព និងពិការភាពជាភាពចម្រុះរបស់មនុស្សជាតិ។

គួរឱ្យដឹងដែរថា ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ត្រូវរៀបចំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ»៕សរន