​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​ដែល​អាម៉េរិក​ចេញ​គោលនយោបាយ​គាំទ្រ​ឧស្សាហកម្ម​បៃតង​មិន​មាន​បំណង​ប្រជែង​​ឬ​ចង់អោយ​អឺរ៉ុប​ខាតបង់​ទេ នៅ​ពេល​លោក​និង​សម​ភាគី​បារាំង អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​សន្យា​ពុះពារ​ជម្នះ​ជម្លោះ​ពាណិជ្ជកម្ម​កាត់​មហាសមុទ្រ​អា​ត្លង់​ទិច​។​

​ថ្លែង​បន្ទាប់ពី​ជំនួប​កំពូល​នៅ​សេត​វិមាន មេដឹកនាំ​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​កិច្ចសហការ​គ្នា​ចំ​ពេល​សហភាព​អឺរ៉ុប​មាន​ការព្រួយបារម្ភ​ថា ច្បាប់​កាត់បន្ថយ​អតិផរណា (IRA)​របស់​លោកបៃ​ដិន​មាន​​លក្ខណៈ​ប្រឆាំង​ការធ្វើ​ជំនួញ​ប្រកួតប្រជែង ហើយ​នឹង​នាំ​អោយ​មនុស្ស​ជាច្រើន​នៅ​សហភាព​អឺរ៉ុប​បាត់បង់​ការងារ​ធ្វើ ជាពិសេស​ក្នុង​វិស័យ​ថាមពល​និង​រថយន្ត​។​

​ប្រធានាធិបតី​ចូ បៃ​ដិន និង​សម​ភាគី​បារាំង អេម​ម៉ានុយ​អែល ម៉ា​ក្រុង ចាប់ដៃ​គ្នា​បន្ទាប់​ពី​ការធ្វើ​សន្និសីទកាសែត​រួមគ្នា​មួយ​នៅ​សេត​វិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​០១​ធ្នូ​

​លោកបៃ​ដិនបាន​និយាយ​ក្នុង​សន្និសីទកាសែ​តរួមគ្នា​មួយ​ថា «​យើង​បាន​ព្រមព្រៀង​ពិភាក្សាគ្នា​លើ​ជំហាន​ជាក់ស្តែង​ដើម្បី​សម្របសម្រួល​និង​អោយ​ស៊ីគ្នា​នឹង​មធ្យោបាយ​របស់​យើង​ដើម្បី​អោយ​ពួក​យើង​អាច​​ពង្រឹង​និង​ធានា​ខ្សែសង្វាក់​ផ្គត់ផ្គង់ កម្មន្តសាល​កម្ម​ហើយ​នឹង​នវានុវត្តន៍ទាំង​នៅ​សងខាង​មហា​មុទ្រអា​ត្លង់​ទិច​»​។​

​ប្រធានាធិបតី​អាម៉េរិក​បាន​បន្ថែមថា លោក​នឹង​មិន​សុំ​ទោស​ទេ​ចំពោះ​គោលនយោបាយ​IRA​តំលៃ​៤៣០​ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​អនុម័ត​កាលពី​ខែ​សីហា ដែល​ភាគច្រើន​ផ្តោត​លើ​ការវិនិយោគ​និង​​ការគាំទ្រ​ការវិនិយោគ​លើ​ការប្រយុទ្ធប្រឆាំង​នឹង​បំរែបំរួល​អាកាសធាតុ ព្រម​ទាំង​ការចំណាយ​សង្គម​។​លោក​ថា ច្បាប់​IRA​មិន​មាន​បំណង​យក​ប្រៀប​លើ​សម្ពន្ធមិត្ត​អាម៉េរិក​ណាមួយ​ឡើយ ផ្ទុយទៅវិញ​វា​​ពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជាមួយ​ដៃគូ​របស់​យើង ដូចជា​អឺរ៉ុប​ដើម្បី​ការពារ​ទល់នឹង​ភាព​ងាយ​រងគ្រោះ​សេដ្ឋកិច្ច ដូច​អ្វី​ដែល​បាន​កើតឡើង​ក្នុងអំឡុង​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​និង​សង្គ្រាម​អ៊ុ​យក្រែន​។​

​លោក​ម៉ា​ក្រុង​បាន​ទទួលស្គាល់ថា​គោលដៅ​របស់​ច្បាប់ IRA​គឺ​បង្កើត​ការងារ​និង​ជំរុញ​អន្តរកាល​ឆ្ពោះទៅកាន់​ថាមពលបៃតងនិង​គឺជា​«​កម្មវុត្ថុ​រួម​»​ជាមួយ​អឺរ៉ុប​ តែ​ថា «ឧបត្ថម្ភ​ធន​របស់​IRA​សំរាប់​ឧស្សាហកម្ម​​អាម៉េរិក​គំរាម​ធ្វើអោយ​ប៉ះពាល់​ធុរកិច្ច​អឺរ៉ុប» និង​ថា​បញ្ហា​ស្នូល​មួយ​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​លោកបៃ​ដិន​គឺ​របៀប​«​ធ្វើអោយ​រស់​ឡើង​វិញ​»​សម្ពន្ធភាពអាម៉េរិក-បារាំងនិង​ធ្វើការ​ជាមួយ​គ្នា​ជាមួយនឹង​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​៕