ដោយ​: បូកគោ​/​កំពត​: ខេត្តកំពត​គ្រោង​នឹង​ចុះបញ្ជី​នូវ​ភូមិ​មួយ ផលិតផល​មួយ ចំនួន​២៦​មុខ​បន្ថែមទៀត ខណ​:​ដែល​ផលិតផល​ប្រមាណ​២១​មុខ​បាន​ចុះបញ្ជី​រួចរាល់​។​

​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​មាន​បើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ​គោលនយោបាយ ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ឆ្នាំ​២០១៦-​ឆ្នាំ​២០២៦​។

កិច្ចប្រជុំ​ក៏បាន​ផ្តោតលើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយរយ​:​ពេល​៥​ឆ្នាំ លើកទីមួយ​ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣​ផងដែរ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ខាងលើ លោក​ពេញ ធារ​ម្យ អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា កិច្ចការងារ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ខេត្តកំពត​មានដំណើរ​ការល្អ និង​ទទួលបាន​លទ្ធផល​គួរឱ្យ​មោ​ទកៈ​។ រដ្ឋបាលខេត្ត​តែង​បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន ក៏ដូចជា​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការគ្នា​ធ្វើយ៉ាងណា​ឲ្យ​ការងារ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​បន្ថែមទៀត​សម្រាប់​ឆ្នាំក្រោយៗ​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​រយៈពេល​អនុវត្ត​៥​ឆ្នាំ​នៃ​ការជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ខេត្តកំពត​បាន​ចុះបញ្ជី​ផលិតផល​ជូន​ផលិតករ កសិករ សមាគម សហគមន៍ និង​សេវាករ​បម្រើ​សេវាកម្ម​ផ្សេងៗ​បាន​ចំនួន ២១​មុខ​ដែលជា​ចំនួន​ច្រើនជាង​បណ្តា​ខេត្ត​នានា​។ បច្ចុប្បន្ន រដ្ឋបាលខេត្ត​កំពុង​ត្រៀម​បម្រុង​ផលិតផល​ចំនួន​២៦​មុខ​បន្ថែមទៀត​ដើម្បី​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​ភូមិ​១​ផលិតផល​១​។​

​លោក​ម៉ែន សា​រ៉ុ​ម ប្រធាន​គម្រោង​ត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ​គោលនយោបាយ​ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​បាន​ថ្លែងថា ក្នុងនាម​ប្រធាន​គម្រោង លោក​សូម​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្តកំពត​ដែល​កន្លង​ទៅបាន​បំពេញការងារ​ប្រកបដោយ​លទ្ធផល​គាប់ប្រសើរ​។ កិច្ចការងារ​នេះ​ពិតជា​ជូ​ប​បញ្ហា​ប្រឈម និង​មាន​ក្តី​លំបាក​មួយចំនួន​ក្នុងការ​អនុវត្ត​ជាទូទៅ​។

លោក​ប្រធាន​បាន​បញ្ជាក់ថា​តាមរយ​:​កិច្ចប្រជុំ​នេះ លោក​សូម​ឲ្យ​សមាជិក​សមាជិកា​ទាំងអស់​លើក​ជា​មតិយោបល់​អំពី​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក​ដើម្បី​រួមគ្នា​រក​វិធី​ដោះស្រាយ​៕​