ដោយ:បូកគោ/កំពត: រថយន្តហាយឡែនឌ័របានបុក ម៉ូតូត្រង់ ផ្លូវបំបែកជាបួនបណ្តាលឲ្យយុវជនពីរនាក់បានស្លាប់។ ចំណែក ម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើង ក្នុងទឹកដីភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា យុវជនដែលបាត់បង់ជីវិត មាន៖១.ឈ្មោះហ៊ុយ ផាន់ណា អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ២.ឈ្មោះ ម៉ា លីគី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកយុវជនដែលរងរបួសឈ្មោះប៉ៃ ពន្លក អាយុ ១៨ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ សមត្ថកិច្ចបានរៀបរាប់ថាកាលពីវេលាម៉ោង១០ :១៥យប់ថ្ងៃទី១ ខែធ្នូមានករណីគ្រោះថ្នាក់ចរាចរដោយ រថយន្តបុកម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល។ មុនហេតុការណ៍កើតឡើងគឺរថយន្តហាយឡែនឌ័របានបើកមកពីទិសខាងកើតរួចបុកម៉ូតូមកពីទិសខាងត្បូងពេញទំហឹងបណ្តាលឱ្យយុវជនបីនាក់ដេករដូករណែលដោយពីរនាក់របួសធ្ងន់ និងម្នាក់របួសស្រាល។ ក្នុងស្ថានភាពបែបនេះអ្នកបើកបរបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ មន្ត្រីនគតបាលដដែលបានបន្តថាព្រោះតែស្នូរបុកលាន់ឮខ្លាំងទើបអ្នកជិតខាងនាំគ្នាចូលទៅមើលដោយឃើញយុវជនពីរនាក់រងរបួសធ្ងរ និងម្នាក់ទៀតរបួសស្រាលក៏ប្រញាប់ហៅ រថយន្តសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យជាបន្ទាន់។ ជាអកុសល យុវជនដែលរបួសធ្ងន់ទាំងពីរនាក់បាត់បង់ជីវិតតែម្តង៕សរន / N