ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖យុទ្ធជនគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងតិច២.០០០នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ាទល់នឹងកងកម្លាំងនៃរបបយោធាដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលមួយកាលពីឆ្នាំមុន នេះបើតាមការអះអាងពីមេដឹកនាំរដ្ឋាភិបាលស្រមោលមួយនៅក្នុងកិច្ចសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០១ធ្នូ ។
មេដឹកនាំរូបនេះ បានទទូចសុំជំនួយយោធា។
លោក ឌូវ៉ា ឡាស៊ី ឡា(Duwa Lashi La)ប្រធានាធិបតីស្តីទីនៃរដ្ឋាភិបាលឯកភាពជាតិ(NUG)ដែលផ្សំឡើងដោយសមាសភាពរដ្ឋាភិបាលមុននិងមនុស្សផ្សេងទៀតដែលប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា បាននិយាយដូច្នេះក្នុងការផ្តល់កិច្ចសម្ភាសន៍មួយដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញពីទីតាំងលាក់កំបាំងមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក ឌូវ៉ា ឡាស៊ី ឡា ផ្តល់កិច្ចសម្ភាសន៍មួយដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញពីទីតាំងលាក់កំបាំងមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា
អតីតគ្រូបង្រៀននិងមេធាវី លោក ឌូវ៉ា ឡាស៊ី ឡា បាននិយាយថា« យើងចាត់ទុកការស្លាប់ជាតំលៃដែលយើងនឹងត្រូវលះបង់»។
ក្រុមយោធាកាន់អំណាចចាត់ទុកលោកនិងបក្ខពួកជាពួកភេរវករ ហើយហាមមិនអោយប្រជាជនទាក់ទងជាមួយពួកគេឡើយតែរដ្ឋាភិបាលលួចលាក់របស់ពួកគេរីករាយនឹងការគាំទ្រពីប្រជាជនទូទៅ។ក្រុមប្រដាប់អាវុធជាសម្ពន្ធមិត្ត ដែលហៅខ្លួនឯងថា “កងកម្លាំងយោធារបស់ប្រជាជន” បានបង្ហាញខ្លួននៅទូទាំងប្រទេស។
ក្រុមប្រដាប់អាវុធជាសម្ពន្ធមិត្ត ដែលហៅខ្លួនឯងថា “កងកម្លាំងយោធារបស់ប្រជាជន” បានបង្ហាញខ្លួននៅទូទាំងប្រទេស
លោក ឌូវ៉ា ឡាស៊ី ឡា បានថតជាមួយទាហាននៃ”កងកម្លាំងយោធារបស់ប្រជាជន” ដែលរួមមានអតីតនិស្សិតនិងអ្នកមានវិជ្ជាជីវៈ ដែលត្រូវបង្ខំចូលព្រៃដោយសារការបង្ក្រាបរបស់យោធា។លោកបាននិយាយថា«ខ្ញុំមិនដឹងថានឹងបាត់បង់ជីវិតពេលណា។វាអាស្រ័យលើបំណងរបស់ព្រះ ។ខ្ញុំត្រៀមបូជ្ញាខ្លួនសំរាប់ប្រទេសរបស់ខ្ញុំ»។
សូមបញ្ជាក់ថា ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីពេលក្រុមយោធាធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យមួយកាលពីខែកុម្ភៈឆ្នាំមុន ដោយយោធាតែងប្រើកងកម្លាំងបង្ក្រាបលើការតវ៉ារបស់ប្រជាជននិងវាយឆ្មក់លើកន្លែងលាក់ខ្លួនក្រុមប្រឆាំង។
បន្ថែមលើការស្លាប់ប្រមាណ២.០០០នាក់ក្នុងការប្រយុទ្ធគ្នា ជនស៊ីវិលជាង២.៥០០នាក់ទៀតត្រូវបានសម្លាប់នៅកន្លែងផ្សេងៗដោយការបង្ក្រាបរបស់សមត្ថកិច្ចនៃរបបយោធានិងការវាយប្រហារលើទីតាំងនានាដែលក្រុមយោធាគិតថាជាកន្លែងលាក់ខ្លួនក្រុមភេវរករ។
សូមបញ្ជាក់ថា ពួកយុទ្ធជនគាំទ្រលទ្ធិប្រជាធិបតេយ្យមានអាវុធអន់ជាងក្រុមយោធាមីយ៉ាន់ម៉ាឆ្ងាយណាស់ ដោយសារអាជ្ញាធរមីយ៉ាន់ម៉ាបានទទួលអាវុធពីរុស្ស៊ី ចិននិងឥណ្ឌា ។ក្រុមយោធាតែងប្រើយន្តហោះចម្បាំងវាយប្រហារលើទីតាំងក្រុមប្រឆាំង រួមទាំងក្រុមជនជាតិនៅតាមព្រំដែន។
យោងតាមអង្គការសហប្រជាជាតិ មនុស្សជាង១,៣លាននាក់បានភៀសខ្លួននៅផ្ទៃក្នុងប្រទេសចាប់តាំងពីកើតមានរដ្ឋប្រហារ៕