ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ហ្គាណាថ្ងៃនេះនឹងមានឱកាសសងសឹកអ៊ុយរូហ្គាយ ដែលទម្លាក់ពួកគេនៅវគ្គ ១/៤ ក្នុងវើលខាប់២០១០ប៉ុន្តែរឿងនោះអាចនឹងលំបាកបន្តិចហើយសម្រាប់ក្រុមផ្កាយខ្មៅអាហ្វ្រិកមួយនេះ។ ដោយឡែកកូរ៉េខាងត្បូង កាមេរូន និង ស្វីស ហាក់ពុំមានសង្ឃឹមយកឈ្នះនៅការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេនោះទេ នៅពេលលេងប៉ះព័រទុយហ្គាល់ ប្រេស៊ីល និងសែប៊ី។
– ហ្គាណា vs អ៊ុយរូហ្គាយ (ពូល H)
* គ្រាប់បាល់ចំនួន ១០ គ្រាប់ត្រូវបានស៊ុតបញ្ចូលទីក្នុងការប្រកួតបើកឆាកពូល H ចំនួន២របស់ហ្គាណា។
* អ៊ុយរូហ្គាយត្រូវតែយកឈ្នះហ្គាណា ដើម្បីមានឱកាសឡើងដល់វគ្គ១៦ក្រុមចុងក្រោយ។
* Luis Suarez ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងយុទ្ធនាការជម្រុះវើលខាប់របស់អ៊ុយរូហ្គាយ។
ហ្គាណានិងអ៊ុយរូហ្គាយបានជួបគ្នាចុងក្រោយនៅវគ្គ ១/៤ នៃវើលខាប់២០១០ ដែលហ្គាណាស៊ុតប៉េណាល់ទីមិនចូលនៅនាទីចុងក្រោយនៃម៉ោងបន្ថែម បន្ទាប់ពី Luis Suarez បានយកដៃទះបាល់ចេញពីទីដោយចេតនា។ អ៊ុយរូហ្គាយបានបន្តឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី និងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការធ្វេសប្រហែសរបស់ហ្គាណា។ នៅ ១២ ឆ្នាំក្រោយមក ហ្គាណាមានឱកាសសងសឹកលើបរាជ័យនេះហើយ។
អ៊ុយរូហ្គាយលេងប្រយ័ត្នពេកមិនទាន់រកគ្រាប់បាល់បាននៅឡើយទេក្នុងវើលខាប់កាតា ហើយកំពុងឈរនៅបាតតារាងពូល H ដោយទទួលបាន១ពិន្ទុពីការប្រកួតពីរលើកដំបូងរបស់ពួកគេ។ កូនក្រុមរបស់លោក Diego Alonso ត្រូវតែបោះបង់ចោលវិធីសាស្ត្រប្រុងប្រយ័ត្នជ្រុលដែលពួកគេបានអនុវត្តនៅក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេ ខណៈឥឡូវពួកគេត្រូវតែយកឈ្នះឱ្យខាងតែបាន។ គម្លាតគ្រាប់បាល់អាចជាកត្តាកំណត់ជោគវាសនានៅក្នុងពូល H ប្រសិនបើកូរ៉េខាងត្បូងយកឈ្នះព័រទុយហ្គាល់ ដូច្នេះយើងអាចរំពឹងអ៊ុយរូហ្គាយលេងវាយសម្រុកមិនដកដៃនោះឡើយ។
មួយពិន្ទុគឺគ្រប់គ្រាន់សម្រាប់ហ្គាណាក្នុងការឆ្លងផុតវគ្គជម្រុះក្នុងពូល H ប៉ុន្តែនៅទីបំផុតពួកគេទទួលបានឱកាសដើម្បីសងសឹកវើលខាប់២០១០ ហើយក្រុមផ្កាយខ្មៅហ្គាណាត្រូវគេរំពឹងថានឹងវាយសម្រុកមិនដកដៃទេ។ គ្រាប់បាល់ចំនួន ១០ គ្រាប់ត្រូវបានស៊ុតបញ្ចូលទីក្នុងការប្រកួតបើកឆាកពូល H ចំនួនពីរលើករបស់ហ្គាណា ហើយក្រុមផ្កាយខ្មៅត្រូវគេរំពឹងថានឹងប្រើវិធីសាស្ត្រស្រដៀងគ្នាលើក្រុមអ៊ុយរូហ្គាយនៅថ្ងៃសុក្រនេះ។
Luis Suarez ត្រូវបានដាក់ឱ្យសម្រាកសម្រាប់ការប្រកួតចុងក្រោយរបស់អ៊ុយរូហ្គាយទល់នឹងព័រទុយហ្គាល់ ជាការប្រកួតដែលអ៊ុយរូហ្គាយចាញ់ ២-០។ Suarez ត្រូវគេរំពឹងថានឹងត្រឡប់ចូលជម្រើសដំបូងទល់នឹងហ្គាណា ជាការប្រកួតដែលមានអនុស្សាវរីយ៍ខ្លាំងសម្រាប់អតីតខ្សែប្រយុទ្ធ Liverpool រូបនេះ។ Suarez គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់អ៊ុយរូហ្គាយក្នុងយុទ្ធនាការជម្រុះវើលខាប់របស់ពួកគេ ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ ដោយមានតែកីឡាករបូលីវីប៉ុណ្ណោះ គឺ Marcelo Morena (១០ គ្រាប់) ស៊ុតបញ្ចូលទីបានច្រើនជាង Suarez ក្នុងក្រុមជម្រុះវើលខាប់នៅអាម៉េរិកខាងត្បូង។ Suarez គឺមានហាងឆេង ៧/៤ ក្នុងការរកគ្រាប់បាល់បាននៅថ្ងៃសុក្រនេះ ហើយឱកាសគួរតែអាចកើតឡើងសម្រាប់កីឡាករវ័យ ៣៥ ឆ្នាំដែលមានបទពិសោធន៍ច្រើននៅលើឆាកប្រកួតធំៗ។
ការស៊ុតចូលទីគ្នាលើស ២,៥ គ្រាប់ជាជម្រើសល្អបំផុតសម្រាប់ក្រុមទាំងពីរ ប៉ុន្តែភាគរយឈ្នះគឺលម្អៀងទៅខាងអ៊ុយរូហ្គាយបន្តិច។
លទ្ធផលព្យាករណ៍ អ៊ុយរូហ្គាយឈ្នះ ២-១។
– កូរ៉េខាងត្បូង vs ព័រទុយហ្គាល់ (ពូល H)
* កូរ៉េខាងត្បូងបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតចំនួន ១០ ក្នុងចំណោម ១២ ប្រកួតចុងក្រោយរបស់ពួកគេ។
* ព័រទុយហ្គាល់របូត២គ្រាប់ជាមួយហ្គាណាក្នុងការប្រកួតបើកឆាកវើលខាប់។
* Bruno Fernandes មានការចូលរួមចំនួន៨គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យព័រទុយហ្គាល់៥លើកចុងក្រោយ។
កូរ៉េខាងត្បូងត្រូវការឈ្នះទាំងអស់សង្ឃឹមដើម្បីមានឱកាសឆ្លងផុតពីពូល H ប៉ុន្តែការផ្តួលក្រុមព័រទុយហ្គាល់អាចជាកិច្ចការធំជាងភ្នំទៅទៀត។
កូនក្រុមរបស់លោក Paulo Bento បានបណ្តោយឱ្យហ្គាណាស៊ុតចូល៣គ្រាប់ ហើយស្មើអ៊ុយរូហ្គាយក្នុងជុំទីមួយទាំងសំណាង។ ទោះបីជាពួកគេប្រឈមមុខនឹងក្រុមបម្រុងព័រទុយហ្គាល់ក៏ដោយ ក៏ឱកាសដែលពួកគេឈ្នះក៏មិនសូវមាននោះដែរ។
ព័រទុយហ្គាល់កំពុងសម្លឹងយកចំណាត់ថ្នាក់កំពូលក្នុងពូល H ហើយគ្រាន់តែត្រូវការមួយពិន្ទុដើម្បីធានាវាប៉ុណ្ណោះ ប៉ុន្តែកីឡាករដូចជា Cristiano Ronaldo និង Bruno Fernandes សុទ្ធតែចង់ចូលលេង ត្បិតមិនបានចូលរួមហ្វឹកហាត់ម្សិលមិញក៏ដោយ ដូច្នេះវាមិនទំនងទេដែលយើងនឹងឃើញគ្រូបង្វឹក Fernando Santos ដាក់កីឡាករបម្រុងឱ្យចូលលេងច្រើននៅថ្ងៃនេះ។
ព័រទុយហ្គាល់បានទទួលជ័យជម្នះ ២-០ លើអ៊ុយរូហ្គាយដោយសារពីរគ្រាប់ពីសំណាក់កីឡាករ Fernandes brace និងបានលេងឈ្នះយ៉ាងរំភើប ៣-២ លើហ្គាណាក្នុងការប្រកួតបើកឆាករបស់ពួកគេ ហើយដូច្នេះយើងសង្ឃឹមពួកគេនឹងយកឈ្នះលើកូរ៉េខាងត្បូង តែមិនឈ្នះទល់សូន្យនោះទេ។
លទ្ធផលព្យាករណ៍ ព័រទុយហ្គាល់ឈ្នះ ២-១។
– កាមេរូន vs ប្រេស៊ីល (ពូល G)
* ប្រេស៊ីលមិនស្គាល់ចាញ់សោះក្នុងការប្រកួត១៧លើក ហើយក្នុងនោះបានឈ្នះទល់សូន្យ១០លើក។
* ប្រេស៊ីលមិនទាន់មានក្រុមណាស៊ុតចំគោលដៅទេនៅវើលខាប់២០២២នេះ។
* Richarlison បានស៊ុតបញ្ចូលទី ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៨ លើកចុងក្រោយរបស់គេសម្រាប់ប្រេស៊ីល។
កាមេរូនដាច់ខាតត្រូវឈ្នះឱ្យបាន៣គ្រាប់ឡើងទៅទើបមានឱកាសឆ្លងទៅវគ្គបន្ទាប់ ប៉ុន្តែការបំបាក់ប្រេស៊ីលក្នុងចំនួនគ្រាប់បាល់បែបនោះមិនអាចទៅរួចសូម្បីក្នុងការយល់សប្តិ។
ក្រុមតោកំណាចអាហ្វ្រិកបាននាំមុខមុនលើសែប៊ី មុនពេលគេវាយបក២គ្រាប់វិញក្នុងម៉ោងរបួសក្នុងតង់ទី១ និងគ្រាប់ទីបីភ្លាមៗបន្ទាប់ពីសម្រាក ប៉ុន្តែពីរគ្រាប់ក្នុងរយៈពេលបីនាទីបានធ្វើឱ្យពួកគេតាមស្មើនិងទទួលបាន១ពិន្ទុដ៏ស័ក្តិសម។
យ៉ាងណាក៏ដោយ ក្រោយចាញ់ស្វីសក្នុងជុំបើកឆាក ពួកគេត្រូវតែយកឈ្នះក្រុមកំពូលតារាងពូល G ប្រេស៊ីល ដើម្បីមានសង្ឃឹមក្នុងការឆ្លងផុតពីវគ្គចែកពូល។
ការទទួលជ័យជម្នះរបស់ប្រេស៊ីលលើស្វីសក្នុងជុំទីពីរគឺកើតចេញពីការស៊ុតបញ្ចូលទីចុងម៉ោងរបស់កីឡាករ Casemiro ហើយពួកគេអាចមានទំនុកចិត្តក្នុងការឡើងមកឈរលើកំពូលតារាង ដោយការយកឈ្នះនៅកីឡដ្ឋាន Lusail នៅថ្ងៃសុក្រនេះ។
ខណៈលោក Tite មានប្រយុទ្ធអស្ចារ្យជាច្រើននាក់ ប្រេស៊ីលក៏មានប្រព័ន្ធការពាររឹងមាំដូចដែកថែបផងដែរ ដូច្នេះលទ្ធភាពដែលពួកគេអាចយកឈ្នះទល់នឹងសូន្យនឹងអាចកើតឡើងម្តងទៀត។
ដោយហេតុថាប្រេស៊ីលបានរក្សា Clean Sheet ចំនួន ១២ ក្នុង ១៧ ប្រកួតចុងក្រោយ ដូច្នេះពួកគេពិតជាអាចឈ្នះលើកាមេរូននៅថ្ងៃនេះ។
លទ្ធផលទស្សនទាយ ប្រេស៊ីលឈ្នះ ២-០។
– សែប៊ី vs ស្វីស (ពូល G)
* សែប៊ីចាញ់តែ២ដងក្នុងចំណោម ២០ ប្រកួតចុងក្រោយរបស់ពួកគេ។
* ស្វីសស៊ុតមិនចំគោលដៅក្នុងការប្រកួតចុងក្រោយក្នុងពូល G របស់ពួកគេជាមួយប្រេស៊ីល។
* Aleksandar Mitrovic បានស៊ុតបញ្ចូលទី ៧ គ្រាប់ក្នុងការប្រកួតចំនួន ៧ លើកចុងក្រោយរបស់សែប៊ី។
សែប៊ីត្រូវបានមនុស្សជាច្រើនយល់ឃើញថាជាក្រុមសេះខ្មៅដ៏មានសក្តានុពលនៅវើលខាប់២០២២ ប៉ុន្តែកំពុងឈរនៅបាតតារាងនៃពូល G ដោយទទួលបានមួយពិន្ទុពីការប្រកួតពីរលើកដំបូងរបស់ពួកគេ។ កូនក្រុមរបស់លោក Dragan Stojkovic ឥឡូវនេះស្ថិតក្នុងស្ថានភាពត្រូវតែឈ្នះដាច់ខាត ហើយនោះអាចទាញយកអ្វីដែលល្អបំផុតចេញពីក្រុមដែលមានទេពកោសល្យដ៏ធំរបស់គាត់។ ក្រុមសែប៊ីគឺសម្បូរដោយកីឡាករដែលលេងក្នុងលីកកំពូលអឺរ៉ុប ហើយពួកគេនឹងលេងជាមួយសន្ទុះចិត្តខ្ពស់ បន្ទាប់ពីបានរបូតការនាំមុខ២គ្រាប់ជាមួយនឹងកាមេរូន។ សែប៊ីបានចាញ់តែ២ដងពីការប្រកួតចំនួន ២០ លើកចុងក្រោយរបស់ពួកគេ ហើយមានចិត្តចង់កត់ត្រាជ័យជម្នះថ្ងៃនេះដើម្បីទទួលបានកៅអីមួយក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
បច្ចុប្បន្ន ស្វ៊ីសឈរនៅលេខ២ក្នុងពូល G ហើយជោគវាសនាគឺស្ថិតក្នុងដៃរបស់ពួកគេ។ ត្បិតឈរនៅលេខល្អក្នុងពូល G ក៏ពិតមែន ក៏ប៉ុន្តែស្វីសលេងមិនបានល្អទេក្នុងប្រទេសកាតា។ កូនក្រុមរបស់លោក Murat Yakin លេងយ៉ាងអន់ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេជាមួយនឹងកាមេរូន ហើយឈ្នះទាំងសំណាង ១-០ បន្ទាប់ពីកាមេរូនយកឱកាសរាប់មិនអស់ទៅចាក់ចោលនៅក្នុងតង់ទីមួយ។ ស្វីសមិនបានស៊ុតចំគោលដៅទល់នឹងប្រេស៊ីលទេ ហើយឥឡូវត្រូវជួបជាមួយគីឡូធ្ងន់ សែប៊ី ដែលដឹងច្បាស់ថាជ័យជម្នះនឹងនាំពួកគេទៅវគ្គ ១៦ ក្រុមចុងក្រោយ។
កីឡាករ Aleksandar Mitrovic បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេក្នុងការប្រកួតស្មើ ៣-៣ របស់សែប៊ីទល់នឹងកាមេរូន ហើយខ្សែប្រយុទ្ធ Fulham រូបនេះអាចជាបុរសដែលជួយឱ្យជម្រើសជាតិរបស់គាត់ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ Mitrovic ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងការប្រកួតចំនួន ៧ លើកចុងក្រោយរបស់សែប៊ី និង ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពូលនៅវគ្គជម្រុះវើលខាប់របស់សែប៊ី ដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងការប្រកួតក្នុងពូលទាំង៨លើករបស់ពួកគេ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះមានគ្រាប់បាល់វើលខាប់២គ្រាប់សម្រាប់ឈ្មោះរបស់គេ ហើយបច្ចុប្បន្នមានហាងឆេង ៧/៤ ក្នុងការស៊ុតចូលស្វីសនៅថ្ងៃសុក្រនេះ។
លទ្ធផលព្យាករណ៍ សែប៊ីឈ្នះ ២-១៕
កូរ៉េខាងត្បូងមិនរំពឹងឈ្នះព័រទុយហ្គាល់