​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ទាហាន​អ៊ុយ​ក្រែន​ដល់​ទៅ​១៣.០០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្សី​កាលពី​ខែ​កុម្ភៈ នេះ​បើ​តាម​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់​ប្រធានាធិបតី​​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី​។​

​លោក​មី​ខា​អ៊ី​ឡូ ប៉ូ​ដូល​យ៉ា​ក​( Mykhailo Podolyak)​បាន​ប្រាប់​ទូរទស្សន៍​អ៊ុ​យក្រែន​Channel 24​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​«​យើង​ទទួល​បាន​ការ​វាយ​តំលៃ​ផ្លូវការ​ពី​អគ្គសេនាធិការ​…​និង​វា​មាន​ចំនួន​​ពី​១០.០០០​ទៅ​១៣.០០០​នាក់​»​។​

​លោក​បាន​បន្ថែមថា លោក​ប្រធានាធិបតី​ហ្សេ​ឡេ​ស្គី នឹង​ប្រកាស​តួលេខ​នេះ​ជា​សាធារណៈ​នៅពេល​ត្រឹមត្រូវ​ណាមួយ​។​

​កាលពី​ខែ​មិថុនា ពេល​កងកម្លាំង​រុស្ស៊ី​វាយ​ដណ្តើម​ការគ្រប់គ្រង​ទាំងស្រុង​លើ​តំបន់​លូ​ហ្កានស​ខ៍ (Lugansk) លោក​ហ្សេ​ឡេន​ស្គី បាន​និយាយថា​អ៊ុយ​ក្រែន​បាន​«​បាត់បង់​ទាហាន​៦០​ទៅ​១០០​នាក់​ក្នុង​មួយ​​ថ្ងៃ​»​​និង​៥០០​នាក់​ទៀត​រងរបួស​ក្នុង​មួយថ្ងៃក្នុង​ការប្រយុទ្ធ​។​

​កាលពី​ខែ​កញ្ញា រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្កេ សយ​ហ្គូ បាន​និយាយថា​ទាហាន​រុស្ស៊ី​៥.៩៣៧​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការប្រយុទ្ធ​រយៈពេល​ជិត​ប្រាំពីរ​ខែ​។​

​ភាគី​ទាំងពីរ​ត្រូវបាន​គេ​ជឿ​ថា​បន្ថយ​ចំនួន​ស្លាប់​ឬ​រងរបួស​ពិតប្រាកដ​ដើម្បី​កុំអោយ​ទាហាន​របស់​ខ្លួន​បាក់​ទឹកចិត្ត​។​

​ឧត្តមសេនីយ៍កំពូ​លអា​ម៉េ​រិកលោកម៉ាក មីលលី ​បាននិយាយ​កាល​ពី​ខែវិច្ឆិកា​ថា ទាហាន​រុស្ស៊ី​ដល់​ទៅ​ជាង​១០០.០០០​នាក់​ត្រូវបាន​សម្លាប់​ឬ​រងរបួស​នៅ​អ៊ុ​យក្រែន ដោយ​កងកម្លាំង​អ៊ុយ​ក្រែនក៏​បាត់បង់​ក្នុងចំនួ​ន​ប្រ​ហាក់​​ប្រហែល​គ្នា​នេះដែរ​។​

​ជន​ស៊ីវិល​អ៊ុយ​ក្រែន​រាប់ពាន់​នាក់ក៏​ត្រូវបា​ន​សម្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​ដ៏​អាក្រក់​បំផុត​ប្រចាំ​អឺរ៉ុប​នេះ​ចាប់​តាំងពី​សង្គ្រាម​លោក​លើក​ទី​ពីរ​៕

​ទាហាន​អ៊ុយ​ក្រែន​កាន់ទុក្ខ​នៅជាប់ម​ឈូស​មិត្ត​រួម​អាវុធ​នៅ​កន្លែង​បញ្ចុះសព​មួយ​ក្នុង​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​២៣​វិច្ឆិកា​