​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនឹង​ពិបាក​ស្វែងរក​ប្រទេស​ណា​ដែល​មាន​មោទនភាព​ខ្លាំង​ចំពោះ​អាហារ​និង​វប្បធម៌​របស់​ខ្លួន​ជាង​បារាំង​នោះឡើយ​។​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា ពួកគេ​មាន​​ហេតុផល​គ្រប់យ៉ាង​ចំពោះ​មោទនភាព​នេះ បន្ទាប់​ពី​នំប៉័ង​បារាំង​ត្រូវបាន​ផ្តល់​ឋានៈ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិសេស​របស់​អង្គការ​យូណេស្កូ​។​

​នំប៉័ង​បារាំង ដែល​មាន​ន័យ​ត្រង់​ថា Wand (​នំប៉័ង​វែង​) និង​ត្រូវបាន​ប្រសិទ្ធ​នាម​ថា “២៥០ ក្រាម​នៃ​វេទមន្ត​និង​ភាពល្អ​ឥត​ខ្ចោះ​” ដោយ​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង​គឺជា​និមិត្តរូប​មួយ​តំណាង​​ឱ្យ​ប្រទេស​បារាំង​។​

​ហើយ​ពួក​អ្នកជំនាញ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ប្រទេស​ម៉ា​រ៉ុកក្នុង​សប្តាហ៍​នេះ​បាន​សម្រេច​ថា នំប៉័ង​បារាំង​ដ៏​សាមញ្ញ ដែល​ផលិត​ចេញ​តែ​ពី​ម្សៅ ទឹក អំបិល និង​មេ​សម​នឹង​ទទួលបាន​ការទទួលស្គាល់​​ពី​អង្គការ​សហប្រជាជាតិ​។​

​អង្គការ​យូណេស្កូ​បាន​បោះឆ្នោត​ដើម្បី​បញ្ចូល “​ចំណេះ​ធ្វើ​នៃ​សិល្បៈ​និង​វប្បធម៌​នំ​បុ័ង​បារាំង​” នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​រួម​បញ្ចូល​ប្រពៃណី​ប្រហែល ៦០០ រួច​ហើយ​ពី​ជាង ១៣០ ប្រទេស​។​

​ឋានៈ​នេះ​មិន​មាន​លទ្ធភាព​ការពារ​ពិសេស​ណាមួយ​ចំពោះ​នំប៉័ង​បារាំង​ទេ ប៉ុន្តែ​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ដើម្បី​”​ជួយ​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​បេតិកភណ្ឌ​និង​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​​របស់​វា​”​។​

​បារាំង​បាន​សម្រេចចិត្ត​ដាក់​នំប៉័ង​ទៅ​គណៈកម្មការ​យូណេស្កូ បន្ទាប់ពី​បាន​ឃើញ​ភីហ្សា​ពី​ទីក្រុង​នេ​ផល (Naples) ទទួល​បាន​ឋានៈ​ពិសេស​ដោយ​លោក​ម៉ា​ក្រុង​បានប្រកាសថា​”​នំប៉័ង​វែង​ធ្វើឱ្យ​ពិភព​​លោក​ទាំងមូល​ច្រណែន​”​។​

​លោក​បាន​បន្ថែមថា “​ឧត្តមភាព​និង​ជំនាញ​ត្រូវ​តែ​រក្សា​ទុក ហើយ​នោះ​ជា​មូលហេតុ​ដែល​វា​គួរតែ​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​”​។​

​ប្រធាន​អង្គការ​យូណេស្កូ លោក អូ​ឌ្រេ អា​ហ្ស៊ូ​ឡាយ (Audrey Azoulay) បាន​និយាយថា “​ខ្លួន​សាទរ​របៀប​រស់នៅ​របស់​ជនជាតិ​បារាំង ៖ នំប៉័ង​គឺជា​ពិធី​ប្រចាំថ្ងៃ​ដែល​ជា​ធាតុ​ផ្សំ​នៃ​រចនា​សម្ពន្ធ​​នៃ​អាហារ ដែល​មាន​ន័យ​ដូច​គ្នា​ទៅ​នឹង​ការចែករំលែក​និង​ការរស់រានមានជីវិត​”​។​

“​វា​មាន​សារៈសំខាន់​ដែល​ជំនាញ​និង​ទម្លាប់​សង្គម​ទាំង​នេះ​បន្ត​កើតមាន​នាពេល​អនាគត​”​។​

​នំប៉័ង​បារាំង ដែល​មាន​រាង​វែង​រលើបរលោង​ប្រហោង​ក្នុង សំបក​ក្រាស់​តែ​ស្រួយ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​របប​អាហារ​របស់​បារាំង​យ៉ាងហោចណាស់ ១០០ ឆ្នាំ​រួចមកហើយ ទោះបីជា​អ្នក​ខ្លះ​ជឿ​ថា​នំប៉័ង​មាន​អាយុកាល​យូរ​ជាង​នេះ​ក៏​ដោយ​៕

​នំប៉័ង​បារាំង​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​