ដោយៈ គង់ហេង / ត្បូងឃ្មុំ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអដ្ឋិធាតុរបស់ កម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ចំនួន ៤៩ រូប ធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១ ធ្នូ ម្សិលមិញ។

ពិធីប្រគល់-ទទួលអដ្ឋិធាតុយុទ្ធជនពលីកម្ពុជា ចំនួនខាងលើ ដែលបានទទួលមរណភាព ក្នុងគ្រាដ៏លំបាក កាលពីជាង ៤០ ឆ្នាំមុន នៅខេត្តដុងណាយ ប្រទេសវៀតណាមនោះ បានរៀបចំឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម អ៊ិច១៦ ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលភាគីប្រទេសវៀតណាម ជាអ្នកប្រគល់ដឹកនាំ ដោយលោក ឧត្តមសេនីយ៍ឯកបម្រុង ដូ កាន់ អនុប្រធានស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម និងជាតំណាងក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រោយពិធីប្រគល់-ទទួល និងដង្ហែអដ្ឋិធាតុ ទាំង ៤៩ រូប លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថាៈ ក្នុងនាមក្រុមការងារបច្ចេកទេស មាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួង នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជូនចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ចលនាឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍។

លោកនាយឧត្តមសេនីយ៍ បានបន្តថាៈ ជាង ៤០ ឆ្នាំមុន យុទ្ធមិត្តចំនួន ៤៩ នាក់ បានពលី ហើយបានទទួលមរណភាព ក្នុងកាលៈទេសៈដ៏លំបាក នាកាលនោះ គឺបានបញ្ចុះ​ សាកសព នៅខេត្តដុងណាយ ប្រទេសវៀតណាម។

លោកបានបញ្ជាក់ថាៈ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា មុននេះ យើងបានធ្វើពិធីបើកផ្នូរ ដល់ អដ្ឋិធាតុយុទ្ធជនកម្ពុជា ទាំង ៤៩ រូប ដែលបានរក្សាទុក នៅបូជនីយដ្ឋានយុទ្ធជនពលី កម្ពុជា នៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ ប្រទេសវៀតណាម៕/V