ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក ស៊ុន សុទ្ធារិទ្ធ បានបញ្ជាក់ថាៈ សហព័ន្ធ មានធនធានមន្ដ្រីបច្ចេកទេស គ្រប់គ្រាន់ ទាំងអាជ្ញាកណ្ដាល និងចៅក្រម សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តែអ្វីដែលជាកង្វល់ គឺគុណភាពរបស់ កីឡាករ-កីឡាការិនី ដែលត្រូវប្រជែងមេដាយ ជូនជាតិប៉ុណ្ណោះ។

លោកបានលើកហេតុផលថាៈ ឆ្លងកាត់ការប្រកួតកីឡាជាតិលើកទី៣ ដែលទើបតែ បញ្ចប់ទៅនោះ សម្រាប់ការប្រកួតប្រជែង របស់កីឡាករ កីឡាការិនី ទាំងសមត្ថភាព និងបច្ចេកទេស ដោយពួកគេ បានគោរពបទបញ្ជា ការប្រកួតយ៉ាងល្អប្រសើរ។ រីឯមន្ដ្រី បច្ចេកទេស គឺដូចគ្នា ក្រោមការដឹកនាំរបស់លោក ប្រធានសហព័ន្ធ បានយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រ ការបើវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិ និងអន្ដរជាតិ រហូតថ្មីៗ ទើបប្រឡងជាប់អាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ ៦ រូបទៀតផង។

លោកអគ្គលេខាធិការសហព័ន្ធដដែល បានបន្ដថាៈ បច្ចុប្បន្ន អាជ្ញាកណ្ដាល ចៅក្រម អន្ដរជាតិរបស់កម្ពុជា គឺមាន ៧ រូប ។ ហេតុនេះ បញ្ហារៀបចំការប្រកួត នាថ្ងៃមុខ ពិសេសស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងអត់មានអ្វី ត្រូវព្រួយបារម្ភទេ គឺយើងបានបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម អន្ដរជាតិដល់កម្រិតមួយ ទាំងការងារព័ត៌មានវិទ្យា ការរៀបចំការប្រកួត និងបដិសណ្ឋារកិច្ច និងការងាររៀបចំទីលាន គឺដល់កម្រិតស្ដង់ដារមួយ អាចថាគេទទួលយកបានហើយ។

អ្វីដែលជាក្ដីបារម្ភ នៃការប្រជែងមេដាយវិញ លោក ស៊ុន សុទ្ធារិទ្ធ បានពន្យល់ថាៈ «យើងនៅមានផលលំបាក តែមួយប៉ុណ្ណោះ គឺផលលំបាកលើបច្ចេកទេស ក្នុងការប្រកួត ប្រជែង និងដណ្ដើមមេដាយជូនជាតិ គឺជាការលំបាក ព្រោះកន្លងមក បើតាមកម្រិតរបស់ យើង នៅលេខ៥ ឬលេខ៦ នៅឡើយទេ។ តែយើងសង្ឃឹមថា ក្រុមជម្រើសជាតិ ដែលទៅហាត់នៅចិន នឹងកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីឈានទៅដណ្ដើមមេដាយ ណាមួយ ក្នុងស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមយើងជាម្ចាស់ផ្ទះ៕/V