ដោយៈយោធិន/កណ្តាលៈសិក្ខាកាមកងយោធាមួកខៀវកម្ពុជាចំនួន៣៨រូប នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២បានបង្ហាញពីសមត្ថភាពជំនាញបច្ចេកទេសប្រើប្រាស់ស្ពានបណ្តែតទឹកលើផ្ទៃទឹកដងទន្លេសាបដែលមានចរន្តទឹកហូរ បន្ទាប់ពីសិក្ខាកាមខាងលើនេះបានទទួលការហ្វឹកហាត់អស់រយៈកាលជាងបីសប្តាហ៍កន្លងទៅដោយក្រុមគ្រូជំនាញបច្ចេកទេសស្ពានបណ្តែតទឹកនៃសាធារណរដ្ឋប្រជាមានិតចិននៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិស្ថិតក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺននិងសំណេះសំណាលជាមួយកងកម្លាំងស្ពានបណ្តែតទឹកត្រៀមចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅតំបន់បេសកកម្មសាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលខាងមុខ។
ថ្លែងទៅកាន់កងកម្លាំងមួកខៀវស្ពានបណ្តែតទឹកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ទៅលើសមត្ថភាពកងកម្លាំងស្ពានបណ្តែតទឹកដែលខិតខំប្រឹងប្រែងយកអស់ស្មារតីនិងឆន្ទៈមោះមុតសម្រេចទទួលបានជំនាញស្ពានបណ្តែតខាងលើនេះដែលជាជំនាញថ្មីមួយទៀតឆ្លើយតបតាមតម្រូវការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់បម្រើឲ្យដល់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដែលកងយោធាមួកខៀវកម្ពុជាសម្រេចបានរយៈកាលជាង១៦ឆ្នាំកន្លងទៅនេះទទួលបានការកោតសរសើរនិងវាយតម្លៃខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខណៈដែលសាធារណមតិជាតិនិងអន្តរជាតិទទួលស្គាល់ជាសកលនូវកិត្យានុភាពកម្ពុជាលើវិស័យរក្សាសន្តិភាពដើម្បីមនុស្សជាតិលើសកលលោក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហ្វឺននិងសំណេះសំណាលជាមួយកងកម្លាំងស្ពានបណ្តែតទឹកត្រៀមចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅតំបន់បេសកកម្មសាធារណរដ្ឋអាហ្វ្រិកកណ្តាលក៏បានថ្លែងការកោតសរសរសើរនូវរាល់កិច្ចខិតខំប្រឹងប្រែងរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដែលបានបង្កើតឡើងនូវជំនាញថ្មីបច្ចេកវិទ្យាប្រើប្រាស់ស្ពានបណ្តែតទឹកក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនសាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចឆ្លើយតបនិងលើកទឹកចិត្តដល់កងកម្លាំងស្ពានបណ្តែតទឹកលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណកម្មាធិការជាតិសម្របសម្រួលកិច្ចការបណ្តាញជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានផ្តល់វិញ្ញាបនប័ត្របញ្ជាក់ការហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រើប្រាស់ស្ពានបណ្តែតទឹកជូនដល់សិក្ខាកាមទាំង៣៨រូប និង ក្រុមគ្រូជំនាញចិន និងផ្តល់ថវិកាជូនដល់កងកម្លាំងស្ពានបណ្តែតទឹកក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀលផងដែរ។.mara