ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយ មជ្ឈមណ្ឌល អាស៊ាន-ជប៉ុន រៀបចំសិក្ខាសាលា ស្ដីពីការនាំភ្ញៀវទេសចរជប៉ុន ដោយឥតគិតថ្លៃ នៅសណ្ឋាគារ សុខាល័យ​អង្គរ ខេត្តសៀមរាប។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ស្តារវិស័យទេសចរណ៍ ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងពង្រឹង សមត្ថភាពមគ្គុទេ្ទសក៍ទេសចរណ៍ ថ្នាក់តំបន់ ក្នុងការនាំទេសចរជប៉ុន។

យោងតាមក្រសួងទេសចរណ៍ សិក្ខាសាលានេះ នឹងជ្រើសរើសបេក្ខជន ចំនួន ២៥ នាក់ ប្រចាំខេត្តសៀមរាប ដែលបង្រៀនដោយអ្នកជំនាញ មកពីប្រទេសជប៉ុន និងកម្ពុជា។ ដោយឡែក បេក្ខជន បេក្ខនារី ត្រូវជាមគ្គុទេ្ទសក៍ទេសចរណ៍ ថ្នាក់តំបន់ស្របច្បាប់ ដែលធ្លាប់បម្រើការងារ យ៉ាងតិច ៣ ឆ្នាំ និងមានឯកទេសភាសាជប៉ុនផងដែរ។

ជាមួយគ្នានេះ សិក្ខាសាលា ស្តីពីការនាំភ្ញៀវទេសចរជប៉ុន នឹងមានការចែករំលែក បទពិសោធន៍ ដែលទាក់ទងទីផ្សារ នាំភ្ញៀវទេសចរជប៉ុន ផងដែរ។ សិក្ខាសាលានេះ នឹងឈប់ទទួលពាក្យ នៅថ្ងៃទី១២ ខែធ្នូ និងចាប់ផ្តើមចូលរៀន ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ៕/V