ដោយៈ បូកគោ / កំពតៈ ផ្លូវបេតុងមួយខ្សែ និងផ្លូវក្រាលក្រួសក្រហម មួយខ្សែ ព្រមទាំង ប្រឡាយទឹកមួយខ្សែ សរុបជាង ១០ គីឡូម៉ែត្រ បានលេចចេញជារូបរាង ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស សម្រាប់សាធារណជន ប្រើប្រាស់ប្រចាំថ្ងៃ។ សមិទ្ធផលទាំងនេះ ជាការចំណាយរបស់ក្រុមហ៊ុនជីបម៉ុង អិន.ស៊ី.ស៊ីមេន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៤៣ ម៉ឺនដុល្លារ។

លោក ហ្គ្រែម ប្រាយ ប្រធានរោងចក្រផលិតស៊ីម៉ង់ត៍ ទូកមាស បានថ្លែងក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ សមិទ្ធផលខាងលើ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា ផ្លូវ និងប្រឡាយ ទឹក ដែលកំពុងធ្វើពិធីបើក ដើម្បីបានប្រើប្រាស់ជាផ្លូវការ នាពេលនេះ ជាការឆ្លុះបញ្ចាំង នូវការខិតខំរបស់ ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជា កិច្ចសហការដ៏ល្អជាមួយ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់។ ក្រុមហ៊ុនជីបម៉ុង បានបង្កើតឡើងជាមួយផ្នត់គំនិត និងចក្ខុវិស័យច្បាស់លាស់ ក្នុងការរួមចំណែក បម្រើផលប្រយោជន៍សហគមន៍ ព្រមទាំងសង្គមជាតិទាំងមូល។

លោកប្រធានរោងចក្រ បានបញ្ជាក់ថាៈ ក្រុមហ៊ុនប្រកាន់យក និងដាក់ផែនការធំៗ ចំនួន ២ ជាអាទិភាព។ ទីមួយ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្បែររោងចក្រ ស្របតាមគោលការណ៍អភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ទីពីរ ចូលរួម និងលើកទឹកចិត្ត ដល់បុគ្គលិកក្រុមហ៊ុន ឱ្យចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍសហគមន៍។

លោក ឡុង វ៉ាន់ចាន់ អភិបាលរងស្រុកបន្ទាយមាស បានបញ្ជាក់ថាៈ ក្នុងនាមរដ្ឋបាល ស្រុកបន្ទាយមាស លោកសូមកោតសរសើរ ដោយស្មោះចំពោះក្រុមហ៊ុន ជីបម៉ុង .អិនស៊ី. ស៊ីមែន ដែលបានរួមចំណែកជាបន្តបន្ទាប់ បំណងអភិវឌ្ឍសហគមន៍ នៅតំបន់ជុំវិញ រោងចក្រ ក៏ដូចជា តាមបណ្តាស្រុកនានាក្នុងខេត្តកំពត។ សម្រាប់ស្រុកបន្ទាយមាស ក្រុមហ៊ុន បានជួយអភិវឌ្ឍជាច្រើនផ្នែក ដូចជា វិស័យអប់រំ សុខាភិបាល កសិកម្ម សុវត្ថិភាពចរាចរណ៍ផ្លូវគោគ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពុទ្ធចក្រជាដើម។

ជាមួយ សមិទ្ធផលទាំងនេះ អ្នករស់នៅក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច បានរៀប រាប់ថាៈ ក្នុងនាម ប្រជាពលរដ្ឋមូលដ្ឋាន ពួកគាត់មានភាពសប្បាយរីករាយ យ៉ាងខ្លាំង ចំពោះក្រុមហ៊ុនជីបម៉ុង ដែលតែងបានបង្កើតសមិទ្ធផល ជាបន្តបន្ទាប់ សម្រាប់សាធារណ ជនទូទៅ ពិសេសពលរដ្ឋ ក្នុងឃុំស្តេចគង់ខាងលិច តែម្តង។ ផ្លូវធ្វើដំណើរ និងប្រឡាយទឹក ដែលកំពុងចាប់បើកឱ្យដំណើរការប្រើប្រាស់ នាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ បានកាន់តែល្អ ប្រសើរ៕/V