ដោយ៖ ដេប៉ូ / ភ្នំពេញ៖ គិតមដល់ពេលនេះ ការដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់ បណ្ដារាជធានី ខេត្ត រៀងៗខ្លួន សម្រាប់ដើម្បីដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង ០៥ ធ្នូ ២០២២ នោះ ត្រូវបាន ក្រសួងអប់រំ ឱ្យដឹងថា បានដឹកជញ្ជូន ដល់គោលដៅ ហើយនិងកំពុងរក្សាទុក នៅតាម រដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព ។

ក្រសួងអប់រំ បានឱ្យដឹងថាៈ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួម ពិនិត្យ យ៉ាងហ្មត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់គណៈមេប្រយោគ គណៈកម្មការអប្បមាទ ទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវ ស្តង់ដានៃការប្រឡង ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រសួងអប់រំ បានឱ្យដឹងដែរថាៈ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ៕/V