​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រីហ្វាំង​ឡង់ លោកស្រី សាន​ណា ម៉ា​រី​ន (Sanna Marin)​កាលពី​ថ្ងៃ​សុក្រ​ទី​២​ធ្នូ បាន​ផ្តល់​ការវាយតម្លៃ “​ដោយ​ស្មោះត្រង់​យ៉ាង​ព្រៃផ្សៃ​”​អំពី​សមត្ថ​​ភាព​របស់​អឺរ៉ុប បន្ទាប់​ពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ដោយ​បញ្ជាក់​ដោយ​ត្រង់ៗ​ថា “​យើង​មិន​ខ្លាំង​គ្រប់គ្រាន់​” ដើម្បី​តតាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​តែ​ឯង​នោះ​ទេ​។​

​ក្នុងពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី មេដឹកនាំ​នៃ​ប្រទេស​ត្រៀម​ចូល​ជា​សមាជិក​ណា​តូ​មួយ​នេះ បាន​និយាយថា​ការ​លុកលុយ​និង​ការកាន់កាប់​អ៊ុយ​ក្រែន​ពី​សំណាក់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លាតត្រដាង​ឱ្យឃើញ​ទាំង​ភាពទន់ខ្សោយ​និង​កំហុស​យុទ្ធសាស្ត្រ​របស់​អឺរ៉ុប​ក្នុងការ​ដោះស្រាយ​ជាមួយ​រុស្ស៊ី​។​

​លោកស្រី​បាន​ប្រាប់​នៅ​វិទ្យាស្ថាន​ឡូ​វី (Lowy) ក្នុង​ទីក្រុង​ស៊ីត​នី​ថា “​ខ្ញុំ​ត្រូវតែ​ស្មោះត្រង់ ស្មោះត្រង់​យ៉ាង​ព្រៃផ្សៃ​ជាមួយ​អ្នក​។ អឺរ៉ុប​មិន​ខ្លាំង​គ្រប់គ្រាន់​ទេ​នៅ​ពេល​នេះ​។​យើង​នឹង​មាន​បញ្ហា​បើ​គ្មាន​​សហរដ្ឋ​អាម៉េរិក​”​។​

​លោកស្រី​ម៉ា​រី​ន​បាន​ទទូចថា អ៊ុយ​ក្រែន​ត្រូវតែ​ទទួលបាន “​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​” ដើម្បី​ឈ្នះ​សង្គ្រាម ដោយ​បន្ថែម​ថា​សហរដ្ឋ​អាម៉េរិក​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការផ្គត់ផ្គង់​ដល់​រដ្ឋាភិបាល​​ក្រុង​គៀវ​ជាមួយនឹង​អាវុធ ហិរញ្ញវត្ថុ និង​ជំនួយ​មនុស្សធម៌​ដែល​ចាំបាច់ ដើម្បី​រារាំង​ការ​រុលទៅមុខ​របស់​រុស្ស៊ី​។​

​លោកស្រី​បាន​និយាយទៀតថា “​យើង​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​ក៏​កំពុង​កសាង​សមត្ថភាព​ទាំង​នោះ​ផងដែរ នៅពេល​និយាយ​អំពី​ការការពារ​អឺរ៉ុប ឧស្សាហកម្ម​ការពារ​អឺរ៉ុប និង​ធ្វើ​ឱ្យ​ប្រាកដថា យើង​អាច​ទប់ទល់​គ្រប់​ស្ថានភាព​ផ្សេងៗ​”​។​

​ហ្វាំង​ឡ​ង់​បាន​ទទួលឯករាជ្យ​ពី​រុស្ស៊ី​កាលពី​ជិត ១០៥ ឆ្នាំមុន ហើយ​មិនយូរប៉ុន្មាន​បាន​បង្ក​ការស្លាប់​និង​របួស​យ៉ាង​ធ្ងន់ធ្ងរ​លើ​កងទ័ព​ឈ្លានពាន​សូ​វៀត​ត្បិត​ហ្វាំង​ឡ​ង់​បាន​ចាញ់​ប្រៀប​ខាង​សព្វាវុធ​​យ៉ាង​សម្បើម​ក៏ដោយ​។​

​មេដឹកនាំ​ហ្វាំង​ឡ​ង់​អាយុ ៣៧ ឆ្នាំ​បាន​រិះគន់​គោលនយោបាយ​សហភាព​អឺរ៉ុប ដែល​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការភ្ជាប់​ទំនាក់ទំនង​ជា​មួយ​លោកពូ​ទីន ហើយ​បាន​និយាយ​ថា​ប្លុក​អឺរ៉ុប​គួរតែ​ស្តាប់​​រដ្ឋ​សមាជិក ដែល​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត​រហូតដល់​វា​ដួល​រលំ​។​

​ចាប់តាំងពី​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ ២០០៤ មក បណ្តា​ប្រទេស​ដូចជា​អេ​ស្តូ​នីនិ​ង​ប៉ូឡូញ​បាន​ជំរុញ​ឱ្យ​សមាជិក​សហភាព​អឺរ៉ុប​ដទៃ​ទៀត​ប្រកាន់​ជំហរ​តឹងរ៉ឹង​លើ​លោកពូ​ទី​ន​ដែល​ជំហរ​​នេះ​ត្រូវ​បាន​បន្ទន់​ដោយ​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ក្រិក ដែល​គាំទ្រ​ឱ្យ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​លោកស្រី​ម៉ា​រី​ន​បាន​និយាយថា “​យើង​គួរតែ​ស្តាប់​មិត្តភក្តិ​នៅ​តំបន់​បាល់​ទិក​និង​ប៉ូឡូញ​របស់​យើង​ឱ្យបាន​ឆាប់​។​អស់​រយៈពេល​ជា​យូរ​មក​ហើយ អឺរ៉ុប​កំពុង​បង្កើត​យុទ្ធសាស្ត្រ​ឆ្ពោះទៅរក​រុស្ស៊ី​ដើម្បី​ធ្វើឱ្យ​​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​ជិតស្និទ្ធ និង​ដើម្បី​ទិញ​ថាមពល​ពី​រុស្ស៊ី​…​យើង​បាន​គិតថា នេះ​នឹង​ទប់ស្កាត់​សង្គ្រាម​បាន​”​។​

​លោកស្រី​បាន​បន្ថែមថា វិធីសាស្ត្រ​នេះ​ត្រូវបាន “​សបញ្ជាក់​ឱ្យឃើញ​ថា​ខុស​ទាំង​ស្រុង​។​ពួកគេ​មិន​ខ្វល់​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ទេ ពួកគេ​មិន​ខ្វល់​ពី​ការដាក់ទណ្ឌកម្ម​ទេ​។​ពួកគេ​មិន​ខ្វល់​ពី​បញ្ហា​​នេះ​នោះ​ឡើយ​”៕

​លោកស្រី​ម៉ា​រី​ន​បាន​ប្រាប់​នៅ​វិទ្យាស្ថាន​ឡូ​វី​ថា ការឈ្លានពាន​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​បាន​លាតត្រដាង​ចំណុចខ្សោយ​របស់​អឺរ៉ុប​