ដោយៈ ប.ខុន / ភ្នំពេញៈ ទូកជ័រពីរគ្រឿង ដែលគេប្រើធ្វើជាមធ្យោបាយ សម្រាប់នេសាទត្រី ដោយឧបករណ៍ឆក់ នៅតាមដងទន្លេតូច ត្រូវបានចាប់ទុក ដោយកម្លាំងអាវុធហត្ថ ស្រុកព្រះស្តេច និង បានប្រគល់ឱ្យមក ខណ្ឌរដ្ឋបាលជលផល ព្រៃវែង ចាត់ការ តាមច្បាប់បន្ត។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផល ព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថាៈ ការបង្ក្រាបបទល្មើសជលផល ដោយប្រើ ឧបករណ៍ឆក់ត្រី កាលពីវេលាទៀបភ្លឺ ថ្ងៃទី១ ខែធ្នូ ដោយកងកម្លាំងរាជអាវុធហត្ថ ស្រុកព្រះស្ដេច ខេត្តព្រៃវែង រឹបអូសបានតែវត្ថុតាង ឯជនសង្ស័យ បានរត់គេចខ្លួនបាត់ ដោយមេឃងងឹត។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ សំណុំរឿងបទល្មើស ជលផលនេសាទ ដោយឧបករណ៍ឆក់ ដែលកងរាជអាវុធហត្ថ ស្រុកព្រះស្ដេច ឃាត់ចាប់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចដងទន្លេតូច ភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច បានប្រគល់ឱ្យមករដ្ឋបាលជលផល ចាត់ការបន្តតាមច្បាប់។ វត្ថុតាង រួមមាន: ទូកជ័រ ២គ្រឿង ទំហំ ៦,៥ ម៉ែត្រ គុណ ០,៨ ម៉ែត្រ ជម្រៅ ០,៤ ម៉ែត្រ និងមួយ គ្រឿងទៀត ៥,៥ ម៉ែត្រ គុណ ០,៨ ម៉ែត្រ ជម្រៅ ០,៤ ម៉ែត្រ អាំងវេទ័រ ២ គ្រឿង, អាគុយ ៤០ អា ១គ្រឿង, ម៉ាស៊ីន ២គ្រឿង ម៉ាក kawa 6.5 សេស និងម៉ាក megapump 6.5 សេស និងដងឆក់ ២ គូ ភ្ជាប់ខ្សែភ្លើង ៥ ម៉ែត្រ។

លោក អូន ស៊ី ណាត បានឱ្យដឹងទៀតថាៈ បទល្មើសជលផល ដោយប្រើឧបករណ៍ឆក់ នៅក្នុងរដូវទឹកស្រកនេះ នៅតែកើតមានទោះបីជា ជនសង្ស័យ ដែលឃាត់ខ្លួនបាន កន្លងទៅ បានបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ក៏ដោយ។ ក្នុងខែវិច្ឆិកា កន្លងទៅ ខណ្ឌរដ្ឋបាលជលផល ព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសជលផល ដោយប្រើឧបករណ៍ឆក់ត្រី បាន ២ករណី មានជនសង្ស័យបីនាក់ បានបញ្ជូនទៅតុលាការ។

នៅថ្ងៃទី១ ខែធ្នូ ដដែល ផ្នែករដ្ឋបាលជលផល កំពង់លាវ សហការជាមួយនឹងសហគមន៍ នេសាទ កន្ទិលសែនជ័យ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅឃុំព្រែកជ្រៃ ស្រុកពោធិរៀង ដោយបានដកហូត និងដុតបំផ្លាញចោល លូស្បៃមុង ២៣ មាត់ របាំងស្បៃមុង ប្រវែង ២៥០ ម៉ែត្រ បង្គោលចំរឹង ចំនួន ៤៨០ ដើម និងចាក់លែងកូនត្រី ចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ៣០ គីឡូក្រាម៕/V