ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តឲ្យប្រតិភូអភិបាលរាជ ធានី-រដ្ឋធានីអាស៊ាន ទាំងអស់បន្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធ្វើយ៉ាងណាជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានីឱ្យមានភាពឆ្លាតវៃ និងបៃតងដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសុខមាលភាពរបស់ប្រជាជន ។

ការជំរុញលើកទឹកចិត្តនេះធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីអាស៊ានដែលដឹកនាំដោយលោកChadchart Sittipunt អភិ បាលរាជ ធានីបាងកកប្រទេសថៃចូលជួបសម្តែងការគួរសមនៅមុនពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអា ស៊ានដែលរាជធានីភ្នំពេញត្រូវ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនាព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ​២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅក្នុងជំនួបនេះលោក Chadchart sittipunt បានគោរពសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោដែលបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស,ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ បានយ៉ាងជោគ ជ័យ,រៀបចំនិងដឹកនាំកិច្ចប្រជុំកំពូល អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធទទួលបានយ៉ាងជោគជ័យយ៉ាងត្រចះត្រចង់ ។

ក្នុងឱកាសនោះលោក Chadchart sittipunt បានគោរពប្ដេជ្ញាជូនសម្ដេចតេជោថានឹងគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជធានី-រដ្ឋធានីឱ្យបានកាន់តែ ខ្លាំងឡើងថែមទៀតដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គមនិងសុខាភាពរបស់ប្រជាជននៅតាមបណ្ដារាជធានី-រដ្ឋធានីក្នុងសហគមន៍អា ស៊ាន។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិរាជធានីភ្នំពេញដែលកាលពីឆ្នាំ១៩៧៩ សម្ដេចបានជួបប្រជាជនត្រឹម តែ៧០នាក់តែប៉ុណ្ណោះប៉ុន្តែតាមរយៈការអភិវឌ្ឍបើកទូលាយផងនិងតាមរយៈការអភិវឌ្ឍតាមបែបស៊ីជម្រៅផងរាជធានីភ្នំពេញបានកើនទំហំពី ៣០០ គីឡូ ម៉ែត្រការ៉េទៅ ៧០០គីឡូម៉ែត្រការ៉េ និង សំណង់លើផ្ទៃដី១ហិចតាពី ២ពាន់ម៉ែត្រការ៉េដល់៥ម៉ឺនម៉ែត្រការ៉េ និង មានប្រជាជនរស់នៅអចិន្រ្តៃយ៍ប្រមាណជាង ២,២ លាននាក់ ។

ក្នុងឱកាសនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីអាស៊ានទាំងអស់បន្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធ្វើយ៉ាងណាជំរុញការ អភិវឌ្ឍរាជធានី-រដ្ឋធានីឱ្យមានភាពឆ្លាតវៃ និងបៃតងដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាពជាពិសេសសុខមាលភាពរបស់ប្រជាជន ៕