ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) នារសៀលថ្ងៃទី២ ខែធ្នូ នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានថ្លែងថាៈ ” នៅពេលនេះ “កិច្ចប្រជុំអភិបាលរាជធានី -រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» របស់យើង បានឈានដល់ទីបញ្ចប់ ” ។
លោក អភិបាលរាជធានីភ្នំពេញ បានថ្លែងបន្តថាៈ ” ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួម យ៉ាងសកម្ម ប្រកបដោយការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនារបស់ ឯកឧត្តម- លោកជំទាវ អភិបាល-អភិបាលរងរាជធានី-រដ្ឋធានីទាំងអស់ នៃប្រទេសជាសមាជិក អាស៊ាន ” ។
លោក យល់ឃើញថាៈ ការផ្លាស់ប្តូរទស្សនទាន តាមរយៈបទបង្ហាញរបស់តំណាង រាជធានី- រដ្ឋធានីអាស៊ាន និងការចូលរួមមតិយោបល់ ពិភាក្សាអម្បាញ់មិញនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីការបន្តប្តេជ្ញាចិត្តដ៏រឹងមាំ របស់យើងទាំងអស់គ្នា ក្នុងការរួមដំណើរឆ្ពោះទៅសម្រេច ការកសាងសហគមន៍អាស៊ានមួយ ដែលកាន់តែមាន ភាពស្អិតរមួតលើគ្រប់វិស័យ មិនថានៅកម្រិតថ្នាក់ជាតិ ឬ កម្រិតថ្នាក់ក្រោមជាតិ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃ បណ្តារាជធានី-រដ្ឋធានីអាស៊ាន តាមរយៈការកសាង ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ពោលគឺ សមស្របទៅនឹងមូលបទ នៃកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤០-៤១ ដែលទើប កន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។
លោកបានបន្តថាៈ ជាក់ស្តែង យើងបានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមានខ្លឹមសារចំនួន ៦ ចំណុច ដោយបានឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែច្បាស់ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ នៃបណ្តារាជធានី-រដ្ឋធានីទាំង ១០ នៃប្រទេស ជាសមាជិកអាស៊ាន ពោលគឺ មជ្ឈភាពរាជធានី-រដ្ឋធានីអាស៊ាន គឺជាកម្លាំងចលករដ៏ចម្បង ដើម្បីឈានទៅ សម្រេចបានកំណើន និងវិបុលភាពរួម នៃប្រទេសក្នុងតំបន់។ ដូច្នេះ ទោះបីស្ថិតក្នុង ស្ថានភាពណាក៏ដោយ ប្រសិនបើយើង រក្សាបានស្មារតីសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ នោះយើងក៏អាចរួមគ្នា ដោះស្រាយ និងទប់ស្កាត់ បញ្ហាប្រឈមនានា សម្រាប់គ្រួសាររាជធានី-រដ្ឋធានីអាស៊ានយើង ប្រកបដោយប្រសិទ្ធ ភាព និងប្រសិទ្ធផលខ្ពស់។
រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់យ៉ាងមុតមាំថា រដ្ឋធានី ហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលត្រូវទទួលតំណែង ជាម្ចាស់ផ្ទះរៀបចំ *កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២៣” ខាងមុខនេះ នឹងបន្តដឹកនាំ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជាសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ដូចអ្វីដែលយើងកំពុងខិតខំរួមគ្នា សម្រេចបានក្នុងថ្ងៃនេះ។
លោក ឃួង ស្រេង បានមានប្បរសាសន៍ថាៈ “បន្ដិចទៀតនេះ បន្ទាប់ពីសុន្ទរកថាបិទរបស់ខ្ញុំ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស ធ្វើការផ្ទេរភាពជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំអភិបាល រាជធានី និងរដ្ឋធានីអាស៊ាន” ជូនប្រធានគណៈប្រតិភូរដ្ឋធានីហ្សាការតា សម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការជូនពរ សូមឲ្យទទួលបានជោគជ័យ ក្នុងការរៀបចំ ហើយ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមតបតាម ការអញ្ជើញ នៅឆ្នាំក្រោយនេះ” ។
ជាទីបញ្ចប់ លោកអភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ឯកឧត្តម- លោកជំទាវ អភិបាលរាជធានី-រដ្ឋធានី អភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈប្រតិភូនៃបណ្តាទីក្រុងអាស៊ាន ដែលផ្ដល់កិត្តិយសអញ្ជើញ ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនឹងនេះ លោកបានថ្លែងថាៈ ” ខ្ញុំសូមជូនពរ ឯកឧត្តម-លោកជំទាវ លោក- លោកស្រី សមាជិក-សមាជិកា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខ ភាព ល្អ មានសុភមង្គលក្នុងក្រុម គ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច” ។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថាៈ ” ឆ្នាំ២០២២ នេះ គឺជាខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំ នៃការបង្កើតសមាគមអាស៊ាន ហើយក៏ជា ឆ្នាំដែលរាជធានី-រដ្ឋធានី នៃប្រទេសជា សមាជិកអាស៊ាន បានចាប់ផ្ដើមរៀបចំ “វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំ អភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២២ ឡើងវិញ បន្ទាប់ពីយើងបានអាក់ខាន អស់រយៈពេល ២ឆ្នាំ កន្លងទៅ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ” ។
លោកបានបន្តថាៈ ” យ៉ាងណាមិញ ក្នុងរយៈពេលពេញមួយរសៀលនេះ យើងសម្រេច បាននូវការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុសាសន៍ដ៏គាប់ប្រសើរ ប្រកបដោយផ្លែផ្កា ហើយខ្ញុំអាច និយាយបានថា កិច្ចប្រជុំរបស់យើងនាពេលនេះ បានក្លាយជាវេទិកាដ៏ មានខ្លឹមសារ ដែល អនុញ្ញាតឱ្យយើងចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ជុំវិញការអភិវឌ្ឍ រាជធានី រដ្ឋធានី និងទីក្រុង និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធ ដើម្បីកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន ” ៕/V