ដោយ៖​ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀលថ្ងៃដំបូង នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី អាស៊ាន ត្រូវបានបែងចែកពិភាក្សា តាមបន្ទប់ដាច់ដោយឡែកពីគ្នា តាមវិស័យ ក្នុងការចែករំលែក បទពិសោធន៍ អភិវឌ្ឍន៍ទីក្រុង បើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអា ស៊ាន បានបន្តពិភាក្សារបៀបវរៈ ដែលបានគ្រោងទុក ដោយបានបែងចែក ពិភាក្សា តាមបន្ទប់ដាច់ដោយឡែកពីគ្នា ដើម្បីចែករំលែកទស្សនៈរបស់ខ្លួន លើប្រធានបទ និងបទពិសោធន៍ នៃការអភិវឌ្ឍន៍ទីក្រុង។

ជាពិសេស ការរៀបចំផែនការទីក្រុង សំរាប់ការអភិវឌ្ឍប្រកបដោយចីរភាព, ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយចីរភាពសំរាប់ទីក្រុង, គោលនយោបាយ និងក្របខណ្ឌ បទបញ្ញតិ ឆ្ពោះទៅរកការធ្វើផែនការទីក្រុង ប្រកបដោយចីរភាព, ការដឹកជញ្ជូនក្នុងទីក្រុង, ការគ្រប់គ្រងគ្រោះមហន្តរាយ, ទីក្រុងបៃតង, ទីក្រុង និងការកាត់បន្ថយហានីភ័យ អាកាសធាតុ, បច្ចេកវិទ្យា និងសុវត្ថិភាពសាធារណៈ, បច្ចេកវិទ្យាសំរាប់ទីក្រុង ប្រកបដោយចីរភាព និងភាពធន់, ទេសចរណ៍ និងវប្បធម៌ ឆ្ពោះទៅសហគមន៍ ប្រកបដោយចីរភាព។

នាឱកាសនោះដែរ ប្រតិភូមកពីព្រះរាជាណាចក្រកម្ពុជា មកពីប្រទេសថៃ, ឥណ្ឌូណេស៊ី និងមកពីទីក្រុងសឹង្ហបូរី រួមទាំង អង្គការ Un Habitat ដែលជាអង្គការធ្វើការងារ ផ្នែកលំនៅដ្ឋាន ក៏បានចែករំលែក បទពិសោធន៍លើការអភិវឌ្ឍទីក្រុង ក្នុងសហគមន៍ អាស៊ាន និងលើផ្នែកនគរូបនីយ៍កម្មអាស៊ាន ការបង្ហាញរបាយការណ៍នគរូបនីយ៍កម្ម អាស៊ាន ប្រកបដោយចីរភាព៕/V