ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅរសៀល ថ្ងៃទី២ ធ្នូ នេះ បានលើកឡើងពីប្រធានបទ “ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព” ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយ សម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ទាំង១០ ដើម្បីលើកឡើង និងពិភាក្សា អំពីបញ្ហាប្រឈម ក្នុងទីក្រុង នាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជា ទស្សនៈល្អៗ សម្រាប់ការកសាងសហគមន៍អាស៊ាន ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ជារៀងរាល់ឆ្នាំ រាជធានី ឬ រដ្ឋធានី នៃបណ្ដាប្រទេស ដែលជាម្ចាស់ផ្ទះអាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC) ។

កិច្ចប្រជុំនេះ ត្រូវបានខកខាន មិនបានរៀបចំ រយៈពេល ២ ឆ្នាំជាប់គ្នា គឺគ្រាន់តែចេញ សេចក្តីថ្លែងការណ៍ ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ នៅឆ្នាំ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រធានប្តូរវេនរបស់ អាស៊ាន ដោយ រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំកិច្ចប្រជុំនេះ ដោយផ្ទាល់ឡើងវិញ នាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ នេះ ។

លោកបានបន្តថាៈ បញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ បានរំលឹកដល់ មេដឹកនាំទីក្រុង ឱ្យយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការត្រៀមខ្លួនរបស់ទីក្រុង ឱ្យបានប្រសើរជាងមុន សម្រាប់ការលេចចេញ ជាយថាហេតុណាមួយ និងសម្រាប់ផែនការស្ដារឡើងវិញ ប្រកបដោយចីរភាព និងមានភាពធន់។ នៅក្នុងបរិបទនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា នាំមុខដោយឌីជីថលនីយកម្ម នឹងត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមផង និងជាឱកាស ផង សម្រាប់ទីក្រុងនីមួយៗ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់នៅក្នុងអង្គប្រជុំនេះ ថែមទៀតថាៈ ការបង្កើតទីក្រុងភ្នំពេញ ដំបូងគឺ សម្រាប់ដាក់មនុស្សតែ ៣០ ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីជាង ៤០ ឆ្នាំមុន ជាទីក្រុងដ៏កំសត់មួយនេះ បានក្លាយជាទីក្រុងខ្មោច មិនមានអ្វីទាំងអស់ ។ តែក្រោយពី សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិ មួយនេះ ឱ្យរួចផុតពីសង្គ្រាម សម្តេចតេជោ បានអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ និងបានធ្វើឱ្យរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ មករស់នៅ ប្រមាណ ៣​ លាននាក់។ លោកបានមានប្រសាសន៍ថាៈ ​នេះជាបទពិសោធន៍ដ៏ធំមួយ ដែលកម្ពុជាបានចែករំលែក ជូនអង្គប្រជុំនោះ គឺ “សន្តិភាព“ សន្តិភាព មានតំលៃណាស់ មិនអាចកាត់ថ្លៃបានទេ។ មានសន្តិភាព ទើបយើងមានឱកាស ក្នុងការអភិវឌ្ឍក្រុង និងប្រទេសឱ្យរីកចំរើនរុងរឿង។

ក្នុងកិច្ចប្រជុំនេះ អភិបាលរាជធានី និងរដ្ឋធានី ឬតំណាងមកពីរាជធានីនីមួយៗ ដូចជា ប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម បានផ្តល់នូវមតិយោបល់ បទពិសោធន៍ពីទីក្រុងរបស់ខ្លួន ជូនអង្គប្រជុំ ក្នុងការរៀបចំផែនការទីក្រុង សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព , ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយចីរភាព សម្រាប់ទីក្រុង , ការដឹកជញ្ជូនទីក្រុង ប្រកបដោយចីរភាព, ការគ្រប់គ្រងគ្រោះមហន្តរាយ , ការរៀបចំទីក្រុងបៃតង, ការកាត់បន្ថយហានិភ័យអាកាសធាតុ , បច្ចេកវិទ្យា និងសុវត្ថិភាពសាធារណៈ, បច្ចេកវិទ្យាសម្រាប់ទីក្រុង ប្រកបដោយចីរភាព និងមានភាពធន់ , ទេសចរណ៍ និងវប្បធម៌ ឆ្ពោះទៅសហគមន៍ប្រកបដោយចីរភាព៕/V