ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅកម្រិតមូលដ្ឋាន ជាប្រធានបទសំខាន់ ក្នុងកិច្ចពិភាក្សានៃ វេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ដើម្បីស្វែងយល់ពី កិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលបន្ស៊ីគ្នា រវាងផែនការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងទីក្រុង នៅកម្រិតនិមួយៗ និងកម្រិតតំបន់ ក៏ដូចជា នៅរដ្ឋបាលមូលដ្ឋានអាស៊ាន។

កិច្ចពិភាក្សានេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី២ ខែធ្នូ ដែលដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេតព្រះស៊ីហនុ និងលោកស្រី Madelaine Alfelor Gazman អតីតៈអភិបាលខេត្តអ៊ីរីហ្គា នៃប្រទេសហ្វីលីពីន និងជាទូតឆន្ទៈនៃសមាគម UCLG ASPAC ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សានេះ លោកឡុង ឌីម៉ង់ បានលើកឡើងអំពីសក្តានុពល ដែលខេត្តព្រះសីហនុ មានស្រាប់ ហើយខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមាន ការយកចិត្តទុកដាក់ច្រើន ដូចបណ្តារាជធានី ខេត្តដទៃទៀត ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជា។ លោកបានបន្តថាៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពង្រីកមុខមាត់ខ្លួនឯង ឲ្យកាន់តែទំនើប កាន់តែឆ្លាតវៃ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តអភិវឌ្ឍន៍ ថ្នាក់ក្រោមជាតិ ឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ឱកាសលើវិនិយោគិនបរទេស មកបណ្តាក់ទុន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិសកលកូវីដ១៩ ដែលបានពន្យារពេល នៃវឌ្ឍនភាពរបស់ខ្លួន ដើម្បីសម្រេច SDGs ឬ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

លោកបានឱ្យដឹងថាៈ កិច្ចពិភាក្សា មានការផ្លាស់ប្តូរ បទពិសោធន៍គ្នា ទៅវិញទៅមក លើការបន្ស៊ីគ្នា រវាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនីមួយៗ រួមទំាងបញ្ហាប្រឈម ដែលបានកើតឡើង ហើយធ្វើការប្រៀបធៀប ទៅនឹងអ្វីដែលបានដាក់ចេញ ដោយអង្គការសហប្រជាជាតិ ដែលឆ្លើយតបទៅនឹងកម្រិតណាមួយ ដើម្បីដោះស្រាយ ឆ្ពោះទៅការសម្រេច គោលដៅអភិវឌ្ឍន៍ ទីក្រុងប្រកបដោយចីរភាព។

លោកបានបន្ថែមថាៈ ការអនុវត្តផែនការអភិវឌ្ឍប្របដោយចីរភាព របស់អង្គការសហប្រជា ជាតិនេះ មានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណា ឆ្លើយតបឱ្យចំគោលដៅ ដែលបំរើ ផលប្រយោជន៍របស់ ប្រជាពលរដ្ឋជាក់ស្តែង។

លោកបានបន្តថាៈ ចំពោះមតិយោបល់ និងបទពិសោធន៍ ដែលបានលើកឡើង នៅក្នុងកិច្ចពិភាក្សានេះ និងត្រូវយកទៅបញ្ជូល ក្នុងសេចក្តីថ្លែងការណ៍រួម នៅក្នុងវេទិកា អភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាល រាជធានី-រដ្ឋធានីអាស៊ាន ២០២២” នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។

សូមបញ្ជាក់ថាៈ វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២ នេះ បានរៀបចំឱ្យ មានក្រុមពិភាក្សា ចំនួន ៥ ក្រុម ដែលកិច្ចពិភាក្សាទី១ ផ្តោតលើការធ្វើហិរញ្ញប្បទាន គម្រោងដែលមានចីរភាព ដើម្បីការអភិវឌ្ឍ ទីក្រុង ។​ កិច្ចពិភាក្សាទី២ ការអនុវត្តគោល ដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅកម្រិតមូលដ្ឋាន។ កិច្ចពិភាក្សាទី៣ អភិបាលកិច្ច ឌីជីថល។ ទី៤ នគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព និងទី៥ ភាពធន និង អាកាសធាតុក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ នៅក្នុងតំបន់អាស៊ាន ៕/V