ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ដើម្បីថែរក្សាមរតកប្រពៃណីខ្មែរ តាំងពីបុរាណកាលមក គឺការប្រមូលផលស្រូវ មូលនិធិ អុឹងហ្វោនដេហ្ស៊ិន បានរៀបចំពិធី “បុណ្យរដូវរំហើយ” ដែលបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ នៅទីតាំងវាលស្រែ ក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយគ្រោងនឹងបន្តធ្វើ វគ្គទី២ នៅស្រុកកំពង់លែង ថ្ងៃទី១៧ និង ១៨ ខែធ្នូ ខាងមុខនេះ បន្តទៀត ។

លោកឧកញ៉ា អុឹង ប៊ុនហូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានមានប្រសាសន៍ថាៈ ការរៀបចំពិធី “បុណ្យរដូវរំហើយ” នេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ពិសេសក្នុងកិច្ចខិតខំ ប្រឹងប្រែងលើកស្ទួយ ថែរក្សា និងអភិរក្ស នូវប្រពៃណី ទំនៀមទម្លាប់ ពីបុរាណ ជាយូរលង់ ណាស់មកហើយ។ ម៉្យាងវិញទៀត គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្រោយពីទទួលបានសមិទ្ធផល ក៏ដូចជា ការប្រមូលផលស្រូវ ។

មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន មានបេសកកម្ម ក្នុងការលើកតម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដ៏ផូរផង់ ដែលជាដួងព្រលឹងជាតិ ឲ្យមានភាពរស់រវើក និងជំរុញលើក កម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ក្នុងស្រុកកំពង់លែង និងជុំវិញតំបន់នោះ ដែលនឹងទទួលផលប្រយោជន៍ ដោយផ្ទាល់ ពីការអភិរក្ស ការពារនានា និងការអភិវឌ្ឍ វិស័យទេសចរណ៍ធម្មជាតិ ក្នុងតំបន់ របស់មូលនិធិផងដែរ។ សម្រាប់ថ្ងៃនេះ ជាលើកទី២ ហើយ ដែលក្រុមហ៊ុន អុឹងហ្វោនដេហ្ស៊ិន បានរៀបចំពិធីនេះឡើង ដោយកាលលើកមុន យើងបានធ្វើពិធីប្រឡងច្រូតកាត់ នៅទីនេះ ហើយយកស្រូវទៅបុកអំបុក នៅស្រុកកំពង់លែង។

ប៉ុន្តែសម្រាប់ថ្ងៃនេះ យើងធ្វើពិធីប្រឡងច្រូតកាត់ស្រូវ នៅទីនេះ រួចយើងនឹងធ្វើពិធីបុក អំបុក ជាជំហានទី២ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ខាងមុខនេះ បន្តទៀត ហើយសម្រាប់ លើកទី២ នេះដែរ គឺក្រុមហ៊ុន បានបន្ថែមកម្មវិធី ១ទៀត គឺការបង្ហោះខ្លែង ដែលមានតាំង ពីបុរាណកាលមក ដើម្បីបង្ហាញពីភាពរុងរឿង ថ្កុំផ្កើង នាសម័យដើម។

លោក អុឹង ស៊ីវខូវ ប្រធានគណៈកម្មការរៀបចំ ពិធីបុណ្យ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានបញ្ជាក់ថាៈ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការលើកស្ទួយ ថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ និងសិល្បៈ តាំងពីដូនតា។ លើសពីនេះ យើងក៏បានរៀបចំកម្មវិធី ប្រចាំឆ្នាំផ្សេងទៀត ដូចជា សង្ក្រានភ្នំទូកមាស កាលពីខែមេសា ឆ្នាំ២០២២​ កន្លងទៅនេះ ដែលមានភាពយ៉ាងអធឹក អធម រយៈពេល ៣ថ្ងៃ នៅស្រុកកំពង់លែង មានមនុស្សចូលរួម ប្រមាណ ១៥.០០០ នាក់។

លោកបានបន្តថាៈ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តរៀបចំ ព្រឹត្តិការណ៍បុណ្យរដូវរំហើយនេះ ឲ្យបានជារៀងរាល់ឆ្នាំ ហើយយើងនឹងរៀបចំឲ្យមាន កម្មវិធីមហាជនផ្សេងទៀត ដូចជាការរត់ម៉ារ៉ាតុងជាដើម ក្នុងពេលសមស្របខាងមុខ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនោះ គណៈកម្មការ បានរៀបចំការប្រឡងច្រូតស្រូវ ដែលមាន ៨ ក្រុម មកពីបណ្តាស្រុក ក្រុងទាំង ៨ របស់ខេត្តកំពង់ឆ្នាំង ចំពោះលទ្ធផល គឺប្រកាស ក្រោយពេលប្រឡងបុកអំបុក នៅស្រុកកំពង់លែង ដែលគ្រោងបន្តធ្វើនៅ ពាក់កណ្តាល ខែនេះ ៕/V