ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បានធ្វើពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានជួសជុលចម្លាក់សត្វមករ ក្រោមវត្តមានចូលរួមពីលោក យិត ចាន់ដារដ្ឋ អគ្គនាយករង អាជ្ញាធរជាតិអប្សរា និងលោកស្រី ឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយក ក្រុមហ៊ុនហេងអភិវឌ្ឍន៍។ ពិធីនេះ បានប្រព្រឹត្តទៅ​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅភូមិទឹកលិច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។

ប្រភពពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាៈ ការរៀបចំពិធីក្រុងពាលី បួងសួងនេះ គឺដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិ ដែលថែរក្សានៅទីកន្លែងនោះ ដើម្បីបើកការដ្ឋានជួសជុលចម្លាក់សត្វ មករ នៅទំនប់ទឹកមុជ ខាងត្បូង ឈាងខាងកើត ជួរភ្នំគូលែន ឱ្យរួចផុតពីហានិភ័យ ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕/V