​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​អភិបាល​ទីក្រុង​បាងកក បាន​ឯកភាពគ្នា ដោយ​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ ដើម្បី​រៀបចំ​ផែនការ​រួមគ្នា អោយ​ទីក្រុង​ទាំងពីរ​មានការ​អភិវឌ្ឍ​រីក ចម្រើន ពិសេស​រួមគ្នា​ដោះស្រាយ​បញ្ហា​សំរាម បញ្ហា​ចរាចរណ៍ និង​បង្កើន​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​២​អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​ការឯកភាព​គ្នា​បែបនេះ​បាន​ធ្វើឡើង​ក្នុងជំនួប​សម្ដែង​ការគួរសម​មួយ រវាង​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ឆា​ត់​ឆាត សិទ្ធី​ផាន់ អភិបាលក្រុង​បាងកក នៅ​ល្ងាច​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ ពោលគឺ ក្រោយពី កិច្ចប្រជុំ​អភិបាល​រាជា​ធានី និង​រដ្ឋធានី​អាស៊ាន MGMAC និង​វេទិកា អភិបាលក្រុង​អាស៊ាន AMF បានបញ្ចប់​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុនសែន បាន​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​រវាង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​បាងកក ហើយក៏​នៅបាន​បង្កើតឱ្យមាន​កិច្ចប្រជុំ​ទីក្រុង​អាស៊ាន​នេះ​ថែមទៀត ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ​ដើម្បី​ធ្វើ ការរួម​គ្នា​ជាមួយ​ទីក្រុង​បាងកក​។​

​បន្ថែម​ពីលើ​នេះ លោក​ឃួ​ង​ស្រេង​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ផងដែរ ចំពោះ​អភិបាលខេត្ត​នៅតាម​ជាប់​ព្រំដែន​កម្ពុជា ថៃ ដែល​បាន​ចូលរួម កិច្ចប្រជុំ​នានា​កន្លងមក សំដៅ​ធ្វើ​ឲ្យ​បន្ទាត់​ព្រំដែន​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ បម្រើ​ឲ្យ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ នៅជាប់​ព្រំដែន​។ លោក​បន្តថា ថ្នាក់ក្រោម​ជាតិ មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ក្នុង​គោលបំណង​បម្រើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាននិងកំពុង​រស់នៅ​តាម​បណ្ដោយ​បន្ទាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

​លោក ឆា​ត់​ឆាត សិទ្ធី​ផាន់ អភិបាលក្រុង​បាងកកនៅក្នុង​ឱកាស​នោះ ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ​ផងដែរ ចំពោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បានរៀបចំ​នូវ​កិច្ចប្រជុំ អភិបាល​រាជា​ធានី និង​រដ្ឋធានី​អាស៊ាន MGMAC និង​វេទិកា អភិបាលក្រុង​អាស៊ាន AMF ទទួលបាន​ជោគជ័យ និង​បាន​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​បានល្អ​ប្រសើរ​ផងដែរ​។ លោក​បន្តថា ក្នុងនាម​ជា​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយគ្នា ត្រូវ​ទំនាក់ទំនង​ការងារ​ជាមួយគ្នា​ឲ្យ​បានល្អ ដោយ​យើង និង​បង្កើតជា​ក្រុមការងារ​មួយ​ដើម្បី ទាក់ទង​គ្នា​ធ្វើការ ជាមួយគ្នា​ឲ្យ​បានល្អ​ពិសេស​គឺ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ទីក្រុង​ទាំងពីរ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​សំរាម​ការកកស្ទះ​ចរាចរណ៍ និង​ការជំរុញ​ជើងហោះហើរ ត្រង់​ពី​ភ្នំពេញ​ទៅ​ទីក្រុង​បាងកក​ជាដើម​។​

​ក្នុងឱកាស​នោះដែរ លោក ឆា​ត់​ឆាត សិទ្ធី​ផាន់ បាន​បាន​អញ្ជើញលោក​ឃួ​ង ស្រេង ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក ដើម្បី​រួមគ្នា​ធ្វើ​ការងារ​សម្រាប់​ផលប្រយោជន៍​នៃ​ទីក្រុង​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ការអញ្ជើញ អភិបាល​រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក​នោះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ជាមួយនឹង​អភិបាល​ទីក្រុង​បាងកក ដែល​គ្រោង​នឹង​​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​អង្គរ នាពេល​សមស្រប​មួយ​៕​