ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ ELF Cup Race Endurance 2022 នឹងធ្វើនៅខេត្តកំពង់ស្ពឺពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២ ខែធ្នូ ភ្នាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា “KARA” បញ្ជាក់ឲ្យដឹងថាព្រឹត្តិការណ៍នេះនឹងធ្វើនៅទីលានបើកបរយានយន្តយ៉ាម៉ាម៉ូតូ ខេត្តកំពង់ស្ពឺ ។
លោក ពៅ តិចឡេង អគ្គនាយកភ្នាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា “KARA” បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតប្រណាំងម៉ូតូលើវាលរាប ELF Cup Race Endurance 2022 មានកីឡាករ-កីឡាការិនី ចំនួន ៤៥នាក់រួមមាន កម្ពុជា និង ជប៉ុន ដោយគណៈកម្មការរៀបចំការ ប្រកួតបានបែង ចែកចេញ ទៅតាមកម្រិតរបស់កីឡាករ-កីឡាការិនី ចំនួន៤កម្រិត គឺកម្រិត “A” “B” “C” “D” ។ការប្រកួតលើកមុន សម្រាប់កីឡាករ-កីឡាការិនី គ្មានប្រាក់រង្វាន់ លើកទឹកចិត្តប៉ុន្តែឆ្នាំនេះគណៈកម្មការរៀបចំការប្រកួតនឹងផ្តល់ជូន ចំពោះក្រុមអត្តពលិក ដែលទទួលបានចំណាត់ថ្នាក់ ។
លោកអគ្គនាយកបានបន្តថា កម្រិត “A” ដែលជាកីឡាករជំនាញប្រណាំងម៉ូតូប្រភេទ 150CC ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៤លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៣លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២លានរៀល ។
ចំណែកកម្រិត “B” “C” “D” ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ២ លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបាន ប្រាក់រង្វាន់ លើកទឹកចិត្តចំនួន ១លាន២០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៨០ម៉ឺនលានរៀល។
លោកស្រី Dinah Kumerនាយកគ្រប់គ្រង Total Engergies Marketing (Cambodia)Co.,Ltd បាននិយាយថាក្រុមហ៊ុនលោកស្រីបានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ការប្រកួតប្រណាំងម៉ូតូលើវាលរាប ELF Cup Race Endurance នៅព្រលានយន្តហោះ ខេត្តបាត់ដំបង ហើយពេលនេះ ក្រុមហ៊ុនក៏នៅតែគាំទ្រដដែលដើម្បីលើកស្ទួយវិស័យកីឡាប្រណាំងម៉ូតូលើវាលរាបឲ្យមានការរីកចម្រើនកាន់តែខ្លាំង និងអំពាវនាវឲ្យយុវជនចូលរួម ព្រឹត្តិការណ៍ការប្រកួតទាំងអស់គ្នា ៕