​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ជែម​ស៍ ក្លេ​វើលី (James Cleverly) បាន​ព្រមាន​ថា ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​អាច​នឹង​ប្រើប្រាស់​កិច្ចចរចា​សន្តិភាព​​ណាមួយ​ជុំវិញ​អ៊ុយ​ក្រែន​ធ្វើ​ជា​ឱកាស​ក្នុង​ការកសាង​កងកម្លាំង​បាក់ស្រុត​របស់​រុស្ស៊ី​ឡើងវិញ​សម្រាប់​ការវាយលុក​ជាថ្មី​។​

​លោក​ក្លេ​វើលី​បាន​និយាយថា មហាអំណាច​លោកខាងលិច​ចាំបាច់​ត្រូវ “​ប្រុងប្រយ័ត្ន​បំផុត​” ប្រសិន​បើ​មេដឹកនាំ​រុស្ស៊ី​ព្យាយាម​ផ្តួចផ្តើម​ការចរចា​ដែល​សំដៅ​ស្វែងរក​ការបញ្ចប់​ជម្លោះ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត The Daily Telegraph លោក​បាន​និយាយថា​មាន​ហានិភ័យ​ដែល “​បទ​ឈប់​បាញ់​គឺ​ពិតជា​ត្រូវបាន​ប្រើប្រាស់​ដោយ​ពូ​ទីន​ដើម្បី​បណ្តុះបណ្តាល​កងទ័ព​បន្ថែម​​ទៀត និង​ផលិត​គ្រាប់​យុទ្ធភ័ណ្ឌ​បន្ថែមទៀត និង​ដើម្បី​ជួសជុល​កងកម្លាំងប្រដាប់អាវុធ​ដែល​រង​ការខូចខាត​របស់​គាត់ និង​ដើម្បី​បំពាក់​អាវុធ​ដល់​កងកម្លាំង​របស់​គាត់​ឡើងវិញ​”​។​

​ការព្រមាន​របស់​គាត់​បាន​កើត​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​និយាយថា​លោក​នឹង​ត្រៀម​ខ្លួន​ដើម្បី​និយាយ​ជាមួយ​លោកពូ​ទីន​ប្រសិនបើ​ពូ​ទីន​ព្យាយាម​បញ្ចប់សង្គ្រាម​​យ៉ាង​ពិតប្រាកដ ជា​អ្វីមួយ​ដែល​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ​រហូតមកទល់​ពេលនេះ​។​

​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ក៏​បាន​និយាយ​ផងដែរ​ថា លោក​នឹង​បន្ត​និយាយ​ទៅ​កាន់​មេដឹកនាំ​រុស្ស៊ី​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការបង្កើន​សង្គ្រាម​បន្ថែមទៀត និង​ដើម្បី​សម្រេចបាន “​លទ្ធផល​រឹងមាំ​” ដូចជា​ការធានា​សុវត្ថិភាព​នៃ​រោងចក្រ​នុយក្លេអ៊ែរ​ជាដើម​។​

​ទោះយ៉ាងណា លោក​ក្លេ​វើលី ដែល​នៅ​សប្តាហ៍​នេះ​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ណា​តូ​នៅ​ទីក្រុង​ប៊ុយ​ការ៉េស (Bucharest) បាន​ចោទសួរ​ថា​តើ​លោក​ពូ​ទីន​ពិតជា​នឹងចូលរួម​”​ដោយស្មោះ​​ត្រង់​” មែន​ឬក៏​យ៉ាងណា​។​

​លោក​បាន​និយាយថា «​ចំណុច​សំខាន់​គឺថា យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង ប្រសិនបើ​មាន​ការពិភាក្សា​អំពី ‘​សន្តិភាព​’ ហើយ​ខ្ញុំ​ប្រើពាក្យ ‘​សន្តិភាព​’ នៅក្នុង​សញ្ញា​ក្បៀស​បញ្ច្រាស​នៅ​ទីនោះ​គឺជា​សន្តិភាព​ដែល​​ផ្តួចផ្តើម​ដោយ វ្ល៉ា​ឌី​មៀ ពូ​ទីន​”​។​

​លោក​បាន​និយាយថា ប្រសិនបើ​រុស្ស៊ី​ប្រើ​ការផ្អាក​ណាមួយ​នៅក្នុង​ការប្រយុទ្ធ​ជាធម្មតា​ដើម្បី​បិទបាំង​ការបំពាក់​អាវុធ​ឡើងវិញ នោះ​វា​អាច​នឹង​មាន​បញ្ហា​ច្រើន​បន្ថែមទៀត​។​

​លោក​បាន​បន្តថា “​អ្វី​ដែល​នឹង​កើត​ឡើង​គឺ​យើង​នឹង​ឃើញ​ឈុត​ឆាក​ទាំងនេះ​ម្ដងទៀត ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ទេ ប្រហែល​ជា​សង្គ្រាម​រយៈពេល ៦​ខែ ១២​ខែ ១៨​ខែ​ថែមទៀត ក៏​មិនដឹង​”​។​

​លោក​បាន​បន្ថែមថា “​សេចក្តីសម្រេចចិត្ត​ចំពោះ​បញ្ហា​នេះ​ត្រូវ​មាន​និរន្តរភាព វា​ចាំបាច់​ត្រូវ​មាន​អត្ថន័យ វា​ត្រូវ​តែ​ជា​ការពិត​”​។​

“​អ្វី​ដែល​យើង​ត្រូវ​ប្រយ័ត្ន​គឺ​ការផ្អាក​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​រុស្ស៊ី គ្រាន់តែ​ជា​វិធី​ធ្វើ​ឱ្យ​ប្រាកដថា ដំណាក់កាល​បន្ទាប់​នៃ​ការឈ្លានពាន​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​ជាង​ដំណាក់កាល​បច្ចុប្បន្ន​”​។​

“​ហើយ​សូម​មើល​ចុះ វ្ល៉ា​ឌី​មៀ ពូ​ទីន មាន​រូបមន្ត​លើ​រឿងនេះ​។ ហ្ស​ក​ហ្ស៊ី តើ​នោះ​នឹង​ក្លាយជា​ការឈ្លានពាន​តែម្តង​ហើយ​ចប់​មែន​ទេ​? នៅគ្រីម៉េ តើ​វា​នឹង​ក្លាយ​ការឈ្លានពាន​តែម្តង​ហើយ​ចប់​មែន​ទេ​? ភាគ​ខាងកើត​អ៊ុ​យក្រែន តើ​វា​នឹង​ក្លាយជា​ការឈ្លានពាន​តែម្តង​ហើយ​ចប់​មែន​ទេ​?”​។​

“​ហើយ​ពិត​ណាស់ អ្វី​ដែល​យើង​បានឃើញ​គឺ​ពួកគេ​កំពុង​ពង្រឹង​ឆ្ពោះ​ទៅរ​ករលក​នៃ​ការឈ្លានពាន​ចុងក្រោយ​បំផុត​នេះ​”៕

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ជែម​ស៍ ក្លេ​វើលី