​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ នៅ​យប់​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០០៨ លោក ហ្គោ​តាម អា​ដា​នី (Gautam Adani) ដែល​ពេលនោះ​ជា​មហាសេដ្ឋី​ទី ១០ នៅក្នុង​ប្រទេស​ឥណ្ឌា​កំពុង​ទទួល​ទាន​​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​សណ្ឋាគារ Taj Mahal ដ៏​ប្រណីត​របស់​ទីក្រុង​មុំ​បៃ នៅពេល​ដែល​គាត់​ឃើញ​ខ្មាន់កាំភ្លើង​កំពុងបើក​ការបាញ់រះ​គ្រប់​ទិស​ទី​និង​គប់​គ្រាប់បែកដៃ​។​

​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​អាវុធ​ធុន​ធ្ងន់​ចំនួន ១០ នាក់ ដែល​ជា​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំងអស់ បាន​មក​ដល់​តាម​សមុទ្រ​នៅ​ល្ងាច​នោះ ដោយ​បំបែក​គ្នា​ជា​ក្រុម ប្លន់​រថយន្ត និង​វាយប្រហារ​គោលដៅ​នានា រួម​ទាំង​សណ្ឋាគារ​លំដាប់​ខ្ពស់​ចំនួន​ពីរ​ផង​ដែរ​។ ការឡោមព័ទ្ធ​ទីក្រុង​រយៈពេល ៦០ ម៉ោង​បាន​បណ្តាលឱ្យ​មនុស្ស ១៦៦ នាក់​ស្លាប់ និង​ធ្វើឱ្យ​ទំនាក់ទំនង​មាន​ភាព​ជូរ​ចត់​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​

​ក្រោយមក​លោក​អា​ដា​នី​បាន​ប្រាប់​ទស្សនា​វ​ដ្តី India Today​ថា​បុគ្គលិក​សណ្ឋាគារ​បាន​ប្រញាប់​នាំ​អ្នក​ទទួល​ទាន​អាហារ​ទៅ​ពួន​ក្នុង​បន្ទប់ក្រោមដី​អស់​រយៈពេល​ពីរ​បី​ម៉ោង​ហើយ​បន្ទាប់មក​បាន​ផ្លាស់​​ពួកគេ​ទៅ​សាល​មួយ​នៅ​ជាន់​ខាងលើ បើទោះបីជា​ការ​បង្ហូរឈាម​នៅតែ​បន្ត​នៅ​ខាងក្រៅ​ក៏ដោយ​។​

​មាន​ភ្ញៀវ ១០០ នាក់​ប្រមូលផ្តុំ​គ្នា​ពេញ​សាល ដោយ “​ខ្លះ​លាក់ខ្លួន​នៅក្រោម​សា​ឡុង ខ្លះ​ទៀត​ឈរ​បញ្ចេញ​កាយវិការ​ផ្សេងៗ​ដើម្បី​បន្លំ​ខ្លួន​” ហើយ​បន់ស្រន់​ព្រះ​ឱ្យ​ជួយ​សង្គ្រោះ​ជីវិត​ពួកគេ​។​លោក​អា​ដា​នី​បាន​​រៀបរាប់ថា គាត់​បាន​អង្គុយ​នៅលើ​សា​ឡុង ប្រាប់​ភ្ញៀវ​ដែល​ជាប់គាំង​ទាំង​នោះ​ថា “​ត្រូវ​មាន​ជំនឿ​លើ​ព្រះ​”​ហើយ​បាន​ទូរស័ព្ទ​ទៅកាន់​គ្រួសារ​ដែល​មាន​ការព្រួយបារម្ភ​របស់​គាត់​នៅក្នុង​ទីក្រុង​កំណើត​របស់​​គាត់ អា​មេ​ដា​បាដ (Ahmedabad) ដែល​នៅ​ឆ្ងាយ​ពី​នោះ​ប្រមាណ ៥០០ គីឡូម៉ែត្រ ខណៈ​អ្នកបើកបរ​និង​សន្តិសុខ​របស់​គាត់​បាន​រង់ចាំ​យ៉ាង​អន្ទះសារ​នៅក្នុង​ឡាន​របស់​គាត់​នៅ​ខាងក្រៅ​។​

​បន្ទាប់ពី​ចំណាយ​ពេល​មួយ​យប់​នៅក្នុង​សាល​នោះ លោក​អា​ដា​នី​និង​ចំណាប់ខ្មាំង​ដទៃ​ទៀត​ត្រូវបាន​នាំ​ចេញ​តាម​ច្រកចូល​ខាងក្រោយ បន្ទាប់​ពី​កង​កុម្ម៉ង់ដូ​បាន​បិទ​សណ្ឋាគារ​នៅ​ព្រឹក​បន្ទាប់​។​លោក​បាន​​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​ត្រឡប់​ទៅ​ទីក្រុង​អា​មេ​ដា​បាដ​វិញ​តាម​យន្តហោះ​ឯកជន​របស់​គាត់​នៅ​ថ្ងៃ​បន្ទាប់​ថា “​ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​នៅ​ចម្ងាយ​ត្រឹមតែ​៥​ម៉ែត្រ​”​។​

​ប្រហែល ១៤ ឆ្នាំ​ក្រោយមក លោក​អា​ដា​នី​អាយុ ៦០ ឆ្នាំ​គឺជា​មហាសេដ្ឋី​ទី ៣ របស់​ពិភពលោក​បន្ទាប់ពី​លោក អេ​ឡុន ម៉ាស និង​លោក ជេ​ហ្វ បេ​ហ្សូ​ស​។ ​លោក​បាន​បើក​ក្រុមហ៊ុន​ពហុ​ផលិតផល​រាប់​ចាប់ពី​កំពង់ផែ​រហូតដល់​ថាមពល​ដ៏​ធំ​សម្បើម​មួយ ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សាធារណៈ​ចំនួន​ប្រាំពីរ មាន​បុគ្គលិក ២៣.០០០ នាក់ និង​មូលធន​​ប័ត្រ​ទីផ្សារ​ជាង ២៣០ ពាន់​លាន​ដុល្លារ​។​

​លោក​បាន​ល្បី​លើ​សារព័ត៌មាន​ក្នុង​សប្តាហ៍​នេះ​ដោយសារ​តែ​លោក​ជិត​ទិញ​បាន​ទូរទស្សន៍ NDTV ដែល​ជា​បណ្តាញ​ព័ត៌មាន​គួរឱ្យ​គោរព​បំផុត​របស់​ឥណ្ឌា​នៅក្នុង​អ្វី​ដែល​ជា​ការបណ្តាក់ទុន​ខាង​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ធំ​លើកដំបូង​របស់​គាត់​។​

​តាំងពី​យូរណាស់​មកហើយ​មុនពេល​ដែល​លោក​បោះបង់​ចោល​ការសិក្សា​ពី​សាលា​មក​ប្រែក្លាយ​ជា​មហាសេដ្ឋី​ដ៏​ហ៊ាន​ប្រថុយប្រថាន លោក​អា​ដា​នី​ប៊ិះ​នឹង​ស្លាប់​ម្តង​រួចទៅហើយ​។ នៅ​ខែ​មករា ឆ្នាំ ១៩៩៨ គាត់​និង​សហការី​ម្នាក់​ត្រូវបាន​ចាប់ជំរិត​យក​ទារប្រាក់​ពី​ឡាន​របស់​ពួកគេ ដោយ​ត្រូវ​បុរស​មួយក្រុម​ភ្ជង់​ក្បាល​នឹង​កាំភ្លើង​នៅ​ទីក្រុង​អា​មេ​ដា​បាដ​។​

​បុរស​ជាប់ចោទ​ពីរ​នាក់​ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ ២០១៨ បន្ទាប់​ពី​ពាណិជ្ជករ​រូប​នេះ​និង​សហការី​របស់​គាត់ “​មិន​ដែល​បាន​ប្តឹង​ផ្តល់ បើទោះបីជា​មាន​ការកោះហៅ​ម្តង​ហើយ​ម្តង​ទៀត​ពី​តុលាការ​ក៏​ដោយ​”​។ ជា​អ្នកជំនួញ​ម្នាក់​ដែល​តែងតែ​ពណ៌នា​ខ្លួនឯង​ថា​ជា​មនុស្ស​មិន​សូវ​បញ្ចេញ​មុខ លោក​អា​ដា​នី​មិន​ដែល​និយាយ​អំពី​ឧបទ្ទវហេតុ​ទាំងនេះ​ទេ ក្រៅពី​ធ្លាប់​ប្រាប់​អ្នកកាសែត​ម្តងថា “​ឧបទ្ទវហេតុ​អកុសល​ពីរ​ឬ​បី​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​”​។​

​បន្ទាប់​ពី​ឈប់រៀន​នៅ​អាយុ ១៦ ឆ្នាំ លោក​អា​ដា​នី​បាន​ផ្លាស់​ទៅ​ទីក្រុង​មុំ​បៃ​ដើម្បី​សាកល្បង​ធ្វើ​អាជីវកម្ម​ជួញដូរ​ពេជ្រ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​ដ៏​មមាញឹក​មួយ​។ អាជីវកម្ម​ដំបូង​នេះ​មិន​មាន​រយៈពេល​យូរ​នោះ​ទេ ពោល​នៅ​ពីរ​ឆ្នាំ​ក្រោយមក​គាត់​បាន​ត្រឡប់​ទៅ​រដ្ឋ​គូ​ចា​រ៉ាត់ (Gujarat) ដែល​ជា​រដ្ឋ​កំណើត​របស់គាត់ ដើម្បី​ដំណើរការ​រោងចក្រ​វេច​ខ្ចប់ ដែល​គ្រប់គ្រង​ដោយ​បងប្រុស​ម្នាក់​។​

​លោក​អា​ដា​នី ដែល​កើត​ក្នុង​គ្រួសារ​វណ្ណៈ​កណ្តាល​នៃ​ពាណិជ្ជករ​វាយនភ័ណ្ឌ មិន​ដែល​ងាកក្រោយ​នោះឡើយ បន្ទាប់ពី​លោក​បាន​បើក​ក្រុមហ៊ុន​របស់លោក​ក្នុង​ឆ្នាំ ១៩៩៨ ដោយ​ធ្វើ​ជំនួញ​លើ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​។ ក្នុង​រយៈពេល ២៤ ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន ដែល​ពឹង​លើ​បំណុល​ធ្វើ​ជា​ដើមទុន​នេះ បាន​ធ្វើ​ពិពិធ​កម្ម​ទៅខាង​កំពង់ផែ អណ្តូងរ៉ែ ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​អចលនទ្រព្យ ដោយ​ធ្វើឱ្យ​គាត់​ក្លាយ​ជា​មហាសេដ្ឋី​ជំនាន់​ថ្មី​ហ៊ាន​ប្រថុយប្រថាន​បំផុត​របស់​ឥណ្ឌា​។​

​សព្វថ្ងៃនេះ លោក​អា​ដា​នី​គឺជា​មហាសេដ្ឋី​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គ្មាន​គូ​ប្រៀប​នៅ​ឥណ្ឌា​។ លោក​បាន​កាន់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ធំ​ទី​ពីរ​របស់​ឥណ្ឌា កំពង់ផែ​ចំនួន ១៣ រួម​ទាំង​កំពង់ផែ​ធំ​បំផុត​របស់​ប្រទេស​នៅក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ភាគ​ខាងលិច មុន​ដ្រា (Mundra) និង​ធ្វើ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​ចំនួន​៧​។ លោក​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​វែង​បំផុត​របស់​ឥណ្ឌា​រវាង​ទីក្រុង​ដេល្លី​និង​ទីក្រុង​មុំ​បៃ ដែល​ជា​រដ្ឋធានី​ពាណិជ្ជកម្ម​របស់​ប្រទេស​។​

​ជាមួយ​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ប្រាំមួយ លោក​អា​ដា​នី​គឺជា​តួអង្គ​ឯកជន​ដ៏​ធំ​បំផុត​របស់​ឥណ្ឌា​នៅក្នុង​វិស័យ​ថាមពល​។ ជាមួយគ្នានេះដែរ លោក​បាន​សន្យា​វិនិយោគ ៥០ ពាន់​លាន​ដុល្លារ​លើ​អ៊ីដ្រូសែន​បៃតង និង​ដំណើរការ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ប្រវែង ៨.០០០ គីឡូម៉ែត្រ​។ លោក​ក៏​បាន​ទិញ​អណ្តូងរ៉ែ​ធ្យូងថ្ម​នៅ​ឥណ្ឌូនេស៊ី​និង​អូស្ត្រាលី​ផង​ដែរ​។ លោក​មាន​បំណង​ក្លាយជា​តួអង្គ​ថាមពល​កកើតឡើង​វិញ​ដ៏​កំពូល​របស់​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ ២០៣០៕

​មហាសេដ្ឋី​កំពូល​របស់​ឥណ្ឌា លោក ហ្គោ​តាម អា​ដា​នី