​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ហូឡង់​ត្រូវ​បើក​ឆាក​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មុនគេ​ទល់​នឹង​សហរដ្ឋ​អាម៉េរិក​នៅ​ម៉ោង ២២៖០០ ហើយ​វា​ជា​ប្រកួត​មួយ​ដែល​ពួកគេ​មាន​ប្រៀប​ជាង ខណៈ​អា​ហ្សង់​ទីន ដែល​កំពុង​ឡើង​ជើង​ខ្លាំង ត្រូវ​ប៉ះ​អូស្ត្រាលី​នៅ​វគ្គ​នេះ​ផងដែរ​។

– ហូ​ឡង់ vs សហរដ្ឋ​អាម៉េរិក

* ហូឡង់​មិន​ដែល​ចាញ់​សោះ​ក្នុង​ការប្រកួត​វើល​ខាប់ ១០ លើក​ក្រោម​ការដឹកនាំ​របស់​លោក Louis van Gaal ដោយ​ឈ្នះ ៧ លើក​។​
* ហូឡង់​បានឈ្នះ ១៣ នៃ​ការប្រកួត​វើល​ខា​ប់ ១៩ លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ក្រុម​មិនមែន​អឺរ៉ុប​។​
* សហរដ្ឋ​អាម៉េរិក​បាន​ចាញ់ ១៣ លើក​ក្នុងចំណោម ២៣ ប្រកួត​របស់​ពួកគេ​ជាមួយនឹង​ក្រុម​អឺរ៉ុប​នៅ​វើល​ខា​ប់​។​
* ហូឡង់​បានឈ្នះ​៧​លើក​ពី​ការប្រកួត​៩​លើក​ចុងក្រោយ​របស់​ពួកគេ​។​

​ការប្រកួត​បើកឆាក​នៃ​វើល​ខាប់​វគ្គ ១៦ ក្រុម​ចុងក្រោយ​គឺ​ឃើញ​ហូ​ឡង់​ត្រូវ​ជួប​សហរដ្ឋ​អាម៉េរិក ខណៈ​ហូ​ឡង់​កាន់តែ​មើល​ទៅ​ជា​ក្រុម​គួរឱ្យខ្លាច​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​វើល​ខាប់​។ ខណៈ​ពួកគេ​បាន​ធ្លាក់​ក្នុងដំណាក់កាល​នេះ​នៃ​យូរ៉ូ​កាលពី​ឆ្នាំមុន កំណត់​ត្រា​របស់​ពួកគេ​បានបង្ហាញ​ថា ពួកគេ​នឹង​មិន​ទទួលរង​នូវ​ជោគវាសនា​ស្រដៀង​គ្នា​នៅក្នុង​ប្រទេស​កាតា​នោះទេ​។​

​ហូឡង់​មិនស្គាល់​ចាញ់សោះ​ក្នុង​ការប្រកួត​វើល​ខា​ប់ទាំង​១០​លើ​ក​របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​លោក Louis van Gaal (​ឈ្នះ​៧ ស្មើ​៣) ដោយ​រក្សា​បាន Clean Sheet ៥ ដង​ក្នុង​ការប្រកួត​៦​លើកចុងក្រោយ​។ ហូ​ឡង់ក៏​មិនស្គាល់​ចាញ់​ក្នុង​ការប្រកួត​វើល​ខា​ប់ ១៩ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ផង​ដែរ​ជាមួយនឹង​ប្រទេស​មិនមែន​អឺរ៉ុប​ចាប់តាំងពី​ចាញ់​ប្រេ​ស៊ីល ៣-២ ក្នុង​ការប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ឆ្នាំ ១៩៩៤ ដោយ​ឈ្នះ ១៣ នៃ​ការប្រកួត​ទាំងនោះ​។​

​សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​អ៊ីរ៉ង់​ដើម្បី​ឆ្លង​ផុត​ពូ​ល B ប៉ុន្តែ​ពួកគេ​បាន​បាត់បង់​អ្នក​ស៊ុត​បញ្ចូល​ទី Christian Pulisic ដោយសារ​របួស​ក្នុង​ជ័យជម្នះ​នោះ​។ Pulisic គឺជា​កីឡាករ​មិន​សំខាន់​សម្រាប់​ក្លិប​របស់គេ ប៉ុន្តែ​រូបគេ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​របស់​គេ​។​

​ខ្សែបម្រើ​ស្លាបរ​បស់ Chelsea រូបនេះ​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ចំនួន ៦ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​ចំនួន ៩ លើក​ចុងក្រោយ​របស់​គេ​សម្រាប់​សហរដ្ឋ​អាម៉េរិក រួម​ទាំង​គ្រាប់​បាល់​ទាំងពីរ​របស់​ពួកគេ​នៅ​ក្នុង​ការប្រកួត​វើល​ខាប់​លើក​នេះ​។ សរុបមក រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​ពីរ​ដង (២២) សម្រាប់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​កីឡាករ​ផ្សេងទៀត​នៅក្នុង​ក្រុម​។ បើ​គ្មាន​រូបគេ​ទេ ពួកគេ​នឹង​ជួប​ការលំបាក​ក្នុងការ​ទម្លុះ​រនាំង​ការពារ​ដ៏​រឹងមាំ​របស់​ហូ​ឡង់​។​

​អាម៉េរិក​ក៏​ត្រូវ​ជម្នះ​លើ​កំណត់ត្រា​អន់​នៅ​ដំណាក់កាល​នេះ​នៃ​វើល​ខាប់​ផងដែរ​។ សហរដ្ឋ​អាម៉េរិក​បាន​ចាញ់​៣​ប្រកួត​ក្នុងចំណោម​ការប្រកួត​វគ្គ ១៦ ក្រុម​ចុងក្រោយ​របស់​ពួកគេ​ចំនួន​៤​ដង​ក្នុង​ប្រវត្តិសាស្ត្រ​វើល​ខាប់​។ ពួកគេ​ក៏​មិន​ដែល​ឈ្នះ​ផងដែរ​ក្នុង​ការប្រកួត​វើល​ខា​ប់ ១១ លើក​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹង​ប្រទេស​នៅ​អឺរ៉ុប​។ សរុបមក អាម៉េរិក​ចាញ់ ១៣ ប្រកួត​ក្នុងចំណោម ២៣ ប្រកួត​ជា​មួយ​ក្រុម​មក​ពី​អឺរ៉ុប​នៅវើ​លខាប់​។​

​កីឡាករ Cody Gakpo បានធ្វើឱ្យ​ហូ​ឡង់​នាំ​មុខមុន ១-០ ក្នុង​ការប្រកួត​ទាំង​៣​លើ​ក​របស់​ពួកគេ​នៅវើ​លខាប់ ហើយ​ឥឡូវនេះ​រូបគេ​រកបាន ៥ គ្រាប់​ក្នុង ៦ ប្រកួត​ចុងក្រោយ​របស់​គេ​សម្រាប់​ជម្រើសជាតិ​ហូ​ឡង់​។ ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​ឈាន​ជើង​ឆ្ពោះទៅ​ដណ្តើម​ពានរង្វាន់​ស្បែកជើង​មាស បន្ទាប់​ពី​ការចាប់ផ្តើម​ដ៏​អស្ចារ្យ​របស់គេ ហើយ​រូបគេ​នឹង​ក្លាយជា​កីឡាករ ដែល​ហូ​ឡង់​ពឹងពាក់​លើ​ដើម្បី​ភាពជោគជ័យ​ក្នុ​ងវើល​ខា​ប់​។​

​សហរដ្ឋ​អាម៉េរិក​អាច​ផ្តល់ឱ្យ​ហូឡង់​នូវ​ការ​ធ្វើតេស្តិ៍​ស្រដៀង​គ្នា​ទៅ​នឹង​អេក្វាឌ័រ​ដែរ ដោយ​ផ្អែក​លើ​របៀប​ដែល​ពួកគេ​រៀបចំ​ក្រុម ប៉ុន្តែ​អាម៉េរិក​ខ្វះ​ប្រយុទ្ធ​ស្រួច​ដើម្បី​ឆាឆៅ​តំបន់​ការពារ​របស់​គូ​ប្រជែង​។ ពួកគេរ​ក​បាន​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​ក្នុង​ពូ​ល​ទាំង​៣​របស់​ពួកគេ ដូច្នេះ​វា​ងាយ​នឹង​មើល​យល់​ណាស់​ថា​នេះ​ជា​ការប្រកួត​ដ៏​តានតឹង តែ​ទោះ​យ៉ាងណា​ហូឡង់​មានប្រៀប​ឈ្នះ​ខ្ពស់ជាង​។​

​លទ្ធផល​ព្យាករណ៍ ហូឡង់​ឈ្នះ ១-០​។​

– អា​ហ្សង់​ទីន vs អូស្ត្រាលី​

* អា​ហ្សង់​ទី​ន​បាន​របូត​គ្រាប់​បាល់​ត្រឹមតែ​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​១២​ប្រកួត​ក្នុង​ឆ្នាំ​២០២២​។​
* អា​ហ្សង់​ទីន​បានឈ្នះ​៧​លើក​ពី​ការប្រកួត​៨​លើក​ចុងក្រោយ​របស់​ពួកគេ​ដោយ​មិន​របូត​គ្រាប់​បាល់​។​
* កីឡាករ Julian Alvarez បាន​ស៊ុត​បញ្ចូល​ទី​ទល់នឹង​ប៉ូឡូញ​។​
* អា​ហ្សង់​ទីន​បានឈ្នះ​២​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ក្នុង​លទ្ធផល ២-០​។​

​អា​ហ្សង់​ទីន​ត្រូវ​ប៉ះ​អូស្ត្រាលី​ក្នុង​ការប្រកួត​វើល​ខាប់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងនាម​ជា​ក្រុម​រំពឹង​ឈ្នះ​វើល​ខាប់ខ្ពស់​បំផុត​មួយ​នៅ​កាតា​។​

​ក្រុម​អាម៉េរិក​ខាងត្បូង​នេះ​បាន​រង​បរាជ័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្រោម​ស្នាដៃ​អា​រ៉ាប៊ីសាអូឌីត​ក្នុង​ការប្រ​កួតបើកឆាក​របស់​ពួកគេ ប៉ុន្តែ​បាន​ងើប​ឡើង​វិញ​ជាមួយ​នឹង​ជ័យជម្នះ ២-០ លើ​ម៉ិក​ស៊ិកនិង​ប៉ូឡូញ ដើម្បី​រក្សា​កៅអី​ទៅ​វគ្គ​បន្ត​។​

​អូស្ត្រាលី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ជាង​ដា​ណឺម៉ា​ក​និង​ទុយ​នេ​ស៊ី​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ពី​ពូ​ល D រួម​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​បារាំង ប៉ុន្តែ​ពួកគេ​ទំនងជា​មិន​បង្ក​បញ្ហា​ដល់​ក្រុម​អា​ហ្សង់​ទី​ន​ដែល​លេង​ស៊ីចង្វាក់​គ្នា​យ៉ាង​ល្អ​នៅ​ថ្ងៃ​សៅរ៍​នេះ​ទេ​។​

Lionel Messi អាច​ជា​កីឡាករ​ល្បី​ឈ្មោះ​សម្រាប់​អា​ហ្សង់​ទីន ប៉ុន្តែ​ការពិត ភាពជោគជ័យ​របស់​ពួកគេ​ត្រូវបាន​កសាងឡើង​ដោយ​ផ្អែក​លើ​តំបន់​ការពារ​ដ៏​រឹងមាំ ហើយ​ពួកគេ​អាច​ដណ្តើម​បាន​ជ័យជម្នះ​មួយ​ផ្សេង​ទៀត​ដោយ​គ្មាន​អ្នក​ស៊ុត​ចូល​ទី ពេល​ពួកគេ​ប្រកួត​ប៉ះ​ក្រុម​កង់​ហ្គូ​រូ​នៅ​កីឡដ្ឋាន Ahmad bin Ali ក្នុង​ទីក្រុង Al Rayyan​។​

​អា​ហ្សង់​ទីន​បានឈ្នះ ៧ ប្រកួត​ក្នុងចំណោម ៨ ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​ដោយ​មិន​របូត​គ្រាប់​បាល់ ហើយ​២​គ្រាប់​ដែល​ពួកគេ​បាន​របូត​ទល់នឹង អា​រ៉ាប៊ីសាអូឌីត គឺ​គ្រាន់តែ​ជា​គ្រាប់​ទី ៣ និង​ទី ៤ ដែល​ពួកគេ​បាន​របូត​ក្នុង ១២ ប្រកួត​ក្នុង​ឆ្នាំ ២០២២ ប៉ុណ្ណោះ​។​

​អូស្ត្រាលី​អាច​ស៊ុត​បាន​១​គ្រាប់​ទល់​នឹង​បារាំង និង​បាន​យកឈ្នះ​ទាំង​ក្រុម​ដា​ណឺម៉ា​ក​និង​ទុយ​នេ​ស៊ី​ក្នុង​លទ្ធផល ១-០ ដូច្នេះ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​រាល់​ការប្រកួត​ទាំង​៣​របស់​ពួកគេ​រហូតមកទល់​ពេលនេះ ប៉ុន្តែ​អា​ហ្សង់​ទីនមាន​ខ្សែការពារ​ល្អ​បំផុត​នៅ​វើល​ខា​ប់ ហើយ​អាច​នឹង​កក់​កៅអី​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ដោយ​មិន​របូត​គ្រាប់​បាល់​។​

Messi តែងតែ​មាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ស៊ុត​បញ្ចូល​ទី​សម្រាប់​អា​ហ្សង់​ទីន បើទោះបីជា​រូបគេ​ស៊ុត​ប៉េណាល់​ទី​មិន​ចូល​ទល់នឹង​ប៉ូឡូញ​ក៏ដោយ ប៉ុន្តែ​កីឡាករ Julian Alvarez របស់ Manchester City ក៏​ទំនង​ជា​បេក្ខជន​ស៊ុត​បញ្ចូល​ទី​ឱ្យ​អា​ហ្សង់​ទីន​ដែរ​។​

​កីឡាក​រវ័យ ២២ ឆ្នាំ​រូប​នេះ​ត្រូវបាន​ផ្តល់​ឱកាស​លេង​ជម្រើស​ដំបូង​ក្នុងវើ​ល​ខាប់​លើកដំបូង​របស់​គេ​ទល់នឹង​ប៉ូឡូញ ហើយ​បាន​ស៊ុត​ចូល​១​គ្រាប់ ដូច្នេះ​រូបគេ​គួរតែ​រក្សា​តំណែង​ក្នុង​ជម្រើស​ដំបូង​នៅ​ថ្ងៃនេះ​។​

​ជ័យជម្នះ ២-០ ផ្សេង​ទៀត​សម្រាប់​អា​ហ្សង់​ទីន គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ កូនក្រុម​របស់លោក Lionel Scaloni មាន​ភាពប៉ិនប្រសព្វ​ក្នុង​ការគ្រប់គ្រង​ការប្រកួត ហើយ​ពួកគេ​បានចាប់ផ្តើម​ជាន់​ហ្គ័​រមួយ​ទំហឹង បន្ទាប់​ពី​ឈ្នះ ២-០ នៅ​ពីរ​លើក​ចុងក្រោយ ហើយ​រឿង​នេះ​អាច​នឹង​កើតឡើង​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ​៕

​អា​ហ្សង់​ទីន​កំពុងកើន​សន្ទុះ​លេង ហើយ​អាច​នឹង​ឈ្នះ​អូស្ត្រាលី​ក្នុង​លទ្ធផល ២-០ សាជាថ្មី