ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ ខណៈ ការប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ​ឬ​ហៅថា​បាក់​ឌុប​នៅសល់តែ​ពីរ​ថ្ងៃ​ទៀត​នឹង​ឈាន​មកដល់ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​ក្រសួង​អប់រំ​បានរៀបចំ​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​ជូន​ដល់​គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស ដល់ ប្រធាន អនុប្រធាន​មណ្ឌល ដើម្បី​ត្រៀម​ដំណើរការ​សំណេរ​នៃ​ការប្រឡង សម័យ​ប្រឡង ០៥ ធ្នូ ២០២២​។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​បានឱ្យដឹងថា​៖ ការបើក​កិច្ចប្រជុំ​នេះ​ក៏ ដើម្បី​ណែនាំ​បច្ចេកទេស​ក្នុង​ដំណើរការ​ប្រឡង​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលបាន​។​

​ប្រភព​ខាងលើនេះ​បានបញ្ជាក់​បន្ថែមថា​៖​កិច្ចប្រជុំ​នេះ​ក៏បាន​ធ្វើការ​ណែនាំ​អំពី​យន្តការរដ្ឋបាល សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​បច្ចេកទេស​។ គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស និង​ប្រធាន​មណ្ឌល​មាន​តួនាទី​ទទួល​សំណុំ​ឯកសារ សម្ភារៈ ធ្វើការ​ផ្ទៀងផ្ទាត់​លេខ​បន្ទប់ លេខ​តុ ឈ្មោះ​របស់​បេក្ខជន ទទួល​សម្ភារៈ​សុខភាព អនាម័យ និង​សម្ភារៈ​ចាំបាច់​ផ្សេងទៀត និង​ចុះហត្ថលេខា​លើ​បញ្ជីរាយនាម​របស់​បេក្ខជន​។

​ក្រសួង​អប់រំ​បានឱ្យដឹង​ដែរ​ថា​៖​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​នឹងចូលរួម​សហការគ្នា​ដើម្បីឱ្យ​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រព្រឹត្ត​ទៅដោយ​រលូន​៕​