ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ៖​ក្នុង​ក្របខណ្ឌ​កម្ពុជា​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្រសួង​មាន​ចក្ខុវិស័យ​ចង់ឃើញ​សាលារៀន​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​បរិស្ថាន​ស្អាត និង សិស្សានុសិស្ស​មាន​សុខ​ភាពល្អ និង​កាយសម្បទា​រឹងមាំ​។

​គួរ​បញ្ជាក់ថា​៖​ការ​ថ្លែង​របស់ លោក រដ្ឋមន្ត្រី ក្រសួងបរិស្ថាន​បែបនេះ​ធ្វើឡើង​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​បណ្ដា​នាយក​សាលា លោកគ្រូ អ្នកគ្រូ នៃ​បណ្ដា​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ លើក​ទី​២ និង​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៣ អម​ជាមួយ​ការផ្សព្វផ្សាយ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ក្នុង​ក្របខណ្ឌ​ការងារ​សាលារៀន នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​លោក រដ្ឋមន្ត្រី បាន​លើកឡើងថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា សុខ​ភាពជា​រឿង​ចម្បង​។ ហេតុដូចនេះ បង្គន់​អនាម័យ ធុង​ចម្រោះ​ទឹកស្អាត ទីធ្លា​កីឡា គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​។ ជាមួយគ្នានេះ ក្រសួង​រិ​ស្ថាន​ក៏​នឹង​ផ្តល់ជូន​នូវ​កូនឈើ​តាម​ការស្នើសុំ​សម្រាប់​ដាំ​ជា​ម្លប់​បៃតង តាម​សាលារៀន​ផងដែរ​។ ដោយឡែក ក្នុង​ក្របខណ្ឌ​គាំទ្រ​ដល់​សុខភាព​សិស្ស ក្រសួងបរិស្ថាន​គាំទ្រ​ដល់​សកម្មភាព​កីឡា និង​ការបង្កើត​ទីលានកីឡា​តាម​សាលារៀន​។​

ទាក់ទិន​ក្នុង​រឿងនេះ លោក សាយ សំ​អាល់ បាន​មានប្រសាសន៍ថា ”​ដើម្បី​ធានាបាន​សុខុមាលភាព​សិស្សានុសិស្ស លោក​រដ្ឋមន្ត្រី គាំទ្រ​ការរៀបចំ​បន្ទប់ទឹក​ស្ត​ង់​ដារ បរិស្ថាន​បៃតង ការផ្តល់​ធុង​ចម្រោះ​ទឹក ទីធ្លា​សម្រាប់​កីឡា​ឬ​កន្លែង​ហាត់ប្រាណ និង​ការបំពាក់​ផ្ទាំង​សូ​ឡា​ជាដើម​។ ទន្ទឹមនេះ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលា ត្រូវ​រៀបចំ​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​”​។​

​លោក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា ក្រសួងបរិស្ថាន តាមរយៈ​មូលនិធិ​បរិស្ថាន​និង​សង្គម និង​ថវិកា​ពី​ការលក់​ឥណទាន​កាបូន គាំទ្រ​ដល់​សាលារៀន​ទូទាំងប្រទេស ធ្វើយ៉ាងណា​បង្កើតបាន​ប​រិ​ស្ថាន​ស្អាត និង​លក្ខណៈ​អំណោយផល​ដល់​សិស្សានុសិស្ស ដើម្បី​បង្ក​បរិយាកាស​ល្អ​ក្នុងការ​រៀនសូត្រ ត្រងត្រាប់​ចាប់យក​ចំណេះដឹង សម្រាប់​បម្រើ​អាជីប​ការងារ​ផ្ទាល់ខ្លួន ការផ្គត់ផ្គង់​គ្រួសារ និង​ការអភិវឌ្ឍ​សង្គមជាតិ​ទាំងមូល​៕​