ដោយៈ សុផល / សៀមរាប៖ ក្រោយពីកម្ពុជាបើកប្រទេស ទទួលទេសចរអន្តរជាតិ ឡើងវិញ ពិសេសនៅរយៈពេល ១០ខែ ឆ្នាំ២០២២ ខេត្តសៀមរាប ចាប់ផ្ដើមមា​ នកំណើនភ្ញៀវទេសចរអន្តរជាតិ ច្រើនឡើងវិញ រួមជាមួយការហោះហើរ ពីបរទេសចូលក្នុងខេត្តនេះ មានចាប់ពី ១៥- ១៦ ជើង ក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរ មកជាមួយ ចាប់ពី ១.៣០០ នាក់ ទៅ ១.៤០០ នាក់ ក្នុង១ថ្ងៃ។

គួរជម្រាបថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាប ទទួលបាន ទេសចរសរុបចំនួន ១.៧៩២.៥៤៩ នាក់ កើនឡើង ៨៨៦,៣៣៥% ធៀបរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១.៦២៣.២០០ នាក់ កើនឡើង ៨៣០,៤៥% និងទេសចរអន្តរជាតិ មានចំនួន ១៦៩.៣៤៩ នាក់ កើនឡើង ២២២៤,៣០%។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឱ្យដឹងថាៈ «ចំពោះជើង ហោះហើរ មកកាន់ខេត្តសៀមរាប មាន ១.៥១៦ ជើង ក្នុង១ថ្ងៃ ​ដែលមានភ្ញៀវទេសចរ អន្តរជាតិ​មានប្រមាណ ១.៣០០ នាក់ ទៅ ១.៤០០ នាក់ ក្នុង១ថ្ងៃ»។

លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថាៈ ចំពោះការធ្វើដំណើតាមផ្លូវគោក ចូលមក ខេត្តសៀមរាប មានប្រមាណ ៦០០ – ៧០០ នាក់ ក្នុងមួយថ្ងៃ។

បើតាមក្រសួងទេសចរណ៍ រយៈពេល ១០ ខែ ឆ្នាំ២០២២ ដូចគ្នានេះ នៅទូទាំងប្រទេស កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ១,៥៧ លាននាក់ កើនឡើង ៩៩១% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្ត ក្នុងប្រទេស ជាង ១០,៨៦ លាននាក់ កើនឡើង ២៣៤% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ៕/V