ដោយៈ​សុផល / សៀមរាប​៖ ក្នុង​រយៈពេល ២០​ឆ្នាំ (២០០២-២០២២) សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ដែលជា​សាលា​ដ៏​ល្បី​មួយ​នៅ​ខេត្តសៀមរាប បាន​ចូលរួម​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​សិស្ស​ប្រមាណ​ជិត ៥ ពាន់​នាក់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប ក៏ដូចជា នៅ​ទូទាំងប្រទេស​កម្ពុជា​។​

លោក ប៉ូល ឌុយ​ប្រ៊ូ​ល និង​លោក ហ្វ្រ​ង់​ស្វ័​រ​ស្នូ​បេ​លែ​ន នាយក​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល បានលើកឡើង​ថាៈ សាលា​បាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ជូន​ដល់​យុវជន​និង​យុវនារី​ខ្មែរ​ចាប់តាំងពី​ឆ្នាំ​២០០២ ដែល​គិត​មកដល់​ឆ្នាំ​២០២២​នេះ គឺមាន​ចំនួន​សរុប ៤.៩៥៥ នាក់​។​

​លោកនាយក​សាលា បាន​បន្តថាៈ ការបណ្ដុះបណ្ដាល​គឺ​ផ្ដោតលើ​ជំនាញ​វិជ្ជាជីវៈ បដិសណ្ឋារកិច្ច និង​ទេសចរណ៍ (​ក្របខណ្ឌ​គុណវុឌ្ឍិ​អាស៊ាន​) ចំនួន ៣.៦៩៧ នាក់ (​ស្រី​ចំនួន ១.៥៥៣ នាក់​) ។ ជំនាញ​គ្រប់គ្រង​បដិសណ្ឋារកិច្ច ចំនួន​៤៩​នាក់ (​ស្រី​ចំនួន​១៦​នាក់​)​។ ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ចំនួន ៨៩២ នាក់ (​ស្រី​ចំនួន​១៤៦ នាក់​)​។ ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច សេវាកម្ម​សណ្ឋាគារ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ ចំនួន ១៣០ នាក់ (​ស្រី​ចំនួន ៨៣ នាក់​) ដោយ​សិស្ស មិនចាំបាច់​បង់​វិភាគទាន ថែមទាំង​ទទួលបាន​ថ្លៃ​ស្នាក់នៅ និង​អាហារ ។ សិស្ស​កំពុង​សិក្សា ចំនួន ១៨៧ នាក់ (​ស្រី​ចំនួន ១២៥ នាក់​)​។​

​បើតាម​លោក ហ្វ្រ​ង់​ស្វ័​រ​ស្នូ​បេ​លែ​ន បានឱ្យដឹងថា បច្ចុប្បន្ន​អតីត​សិស្សសាលា​ប៉ូល​ឌុយ​ប្រ៊ូ​ល​ប្រមាណ​ជាង ៨០% កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​មុនពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ពួកគេ​ប្រមាណ​ជាង​៩០% បាន​បម្រើ​ការងារ​ដោយផ្ទាល់​នៅក្នុង​វិស័យ​ទេសចរណ៍​។​

​លោក ប៉ូល ឌុយ​ប្រ៊ូ​ល បាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាង ៩ លាន​ដុល្លារ​អាមេរិក និង​ធ្វើ​សកម្មភាព​រៃអង្គាស​ផ្សេងៗ​ពី​មិត្តភក្តិ និង​សហការី​រួម​អាជីព​របស់លោក​បាន​ប្រមាណ​ជាង ៦ លាន​ដុល្លារ​អាមេរិក ដែល​សរុប​មានតម្លៃ​ជាង ១៥ លាន​ដុល្លារ​អាមេរិក ក្នុង​ការកសាង​នូវ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល​ទាំងមូល និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ​ទាំងអស់​របស់​សាលា ព្រមទាំង​ផ្គត់ផ្គង់​ទាំងស្រុង​នូវ​ដំណើរការ​បណ្តុះបណ្តាល​ដ​ល់​សិស្ស​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថាៈ សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ជា​សាលាដំបូង​គេ​បង្អស់ និង​ឈានមុខ​គេ ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចូលរួម​ផ្ដល់​ការបណ្ដុះបណ្ដាល​តាម​ស្តង់ដា​អាស៊ាន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ហើយ​សិស្ស​រាប់ពាន់នាក់​បានបញ្ចប់​ការសិក្សា​ជាមួយនឹង​សញ្ញាបត្រ​ដែល​ទទួលស្គាល់​ដោយ​អាស៊ាន ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN – MRA TP)​។​

​លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​បណ្ដុះបណ្ដាល​និង​បញ្ជូន​ពលករ​ទៅ​បរទេស ក៏បាន​ឱ្យដឹង​ដែរ​ថាៈ ថ្មីៗ​នេះ សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងការ​រៀបចំ​នូវ ប្រព័ន្ធ​បណ្តុះបណ្តាល​តាម​អន​ឡាញ (Blended Learning) ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)៕/V​