ដោយៈ សុផល / សៀមរាប៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) នៅទូទាំងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ សរុបជាង ១,៧៩ លាននាក់ កើនឡើងជាង ៨៨៦ ភាគរយ ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
នៅក្នុងពិធីប្រារព្ធខួប ២០ ឆ្នាំ របស់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថាៈ «រយៈពេល១០ខែ ឆ្នាំ២០២២ ខេត្តសៀមរាប ទទួលបានទេសចរសរុប ចំនួន ១.៧៩២.៥៤៩ នាក់ កើនឡើង ៨៨៦,៣៣៥% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១»។
លោកបានបន្តថាៈ ក្នុងចំណោមទេសចរសរុបទាំង ១.៧៩២.៥៤៩ នាក់នោះ មានភ្ញៀវទេសចរជាតិ ចំនួន ១.៦២៣.២០០ នាក់ កើនឡើង ៨៣០,៤៥% និងទេសចរអន្តរជាតិ មានចំនួន ១៦៩.៣៤៩ នាក់ កើនឡើង ២២២៤,៣០%។
លោករដ្ឋមន្ត្រី បានបន្ថែមថាៈ តាមការព្យាករណ៍ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ នេះ ភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត ក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួនជាង២,២៧ លាននាក់ កើនឡើងជាង ៣២៦% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះ ទេសចរជាតិ អាចនឹងឡើងដល់ប្រមាណជាង ២ លាននាក់ ក្នុងកំណើនជាង ២៩១% ហើយទេសចរអន្តរជាតិ នឹងឡើងដល់ជាង ២៣ ម៉ឺននាក់ ក្នុងកំណើនជាង ១៧៦៣%។
គួរជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០២២ ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ១,៥៧ លាននាក់ កើនឡើង ៩៩១% ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្ត ក្នុងប្រទេស ជាង ១០,៨៦ លាននាក់ កើនឡើង ២៣៤% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន កម្ពុជារំពឹងថា នឹងទាក់ទាញទេសចរអន្តរជាតិ ឱ្យបាន ប្រមាណជាង ២ លាននាក់ និងទេសចរផ្ទៃក្នុង ប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២២ នេះ៕/V