ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ហឹប​វិញ្ញាសា សម្រាប់​ដំណើរការ​សំណេរ នៃ​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា បាក់​ឌុប សម័យ​ប្រឡង ០៥ ធ្នូ ២០២២ ត្រូវបាន​ដឹកជញ្ជូន​ពី រដ្ឋបាល​សាលា​រាជធានី​-​ខេត្ត ទៅ​រក្សាទុក​នៅតាម​សាលាស្រុក នីមួយៗ ប្រកបដោយ​សុវត្ថិភាព​ហើយ​។ នេះ​បើតាម​ការ​ឱ្យដឹងពី សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ ។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួង​អប់រំ បានឱ្យដឹងថាៈ ក្នុង​ដំណើរការ​នៃ​ការ​ទុក ដាក់​ហឹប​វិញ្ញាសា​នេះ មានការ​ចូលរួម​ពិនិត្យ យ៉ាង​ហ្មត់ចត់ ដោយ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់ ពី​សំណាក់​គណៈមេប្រយោគ គណៈកម្មការ​អប្បមាទ ជំនួយការ​អប្បមាទ អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមទាំង​អាជ្ញាធរ​ដែនដី ដែល​ពាក់ព័ន្ធ ដើម្បី​រក្សាបាន​នូវ ស្តង់ដា​នៃ​ការប្រឡង ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល ទទួលយកបាន​។​

​ជុំវិញ​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​នេះ ក្រសួង​អប់រំ បានឱ្យដឹង​ដែរ​ថាៈ វិញ្ញាសា​ទាំងអស់ ត្រូវបាន​ជ្រើសរើស តាក់តែង រៀបចំ និង​គ្រប់គ្រង ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ វិញ្ញាសា​ប្រឡង ត្រូវបាន​កំណត់ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ សង្គម ដោយ​ទម្រង់​វិញ្ញាសា ត្រូវបាន​រៀបចំ​ជា​ពីរ គឺ​ទម្រង់​វិញ្ញាសា​ចម្លង​ដាក់​លើ​ក្តារខៀន និង​ទម្រង់​វិញ្ញាសា ជា​សន្លឹក​ក្រដាស ចែកជូន​បេក្ខជន​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៥ ធ្នូ ២០២២ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប ១២៨.១៣៤ នាក់ ស្រី ៦៨.៧៧១ នាក់ មណ្ឌល​ប្រឡង​សរុប ២២១ មណ្ឌល ត្រូវជា ៥.១៧៤ បន្ទប់​។ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់ រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ផ្សេងទៀត ព្រមទាំង​មាន​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រសួង​អប់រំ យុវជន និង​កីឡា​៕/V​