​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ យុវតី​អាយុ ១៨ ឆ្នាំ​ម្នាក់ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត នឹងចូលរួម​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ប៉ុន្តែ​សំណាង អាក្រក់ នាង​បាន​លង់ទឹក​ស្លាប់ ជាមួយនឹង​ប្អូនប្រុស​ជីដូនមួយ​ម្នាក់ទៀត​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ នៅ​ស្ទឹង​បរិបូណ៌ ស្ថិតនៅ​ក្នុងភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។​

​យោងតាម​នគរបាល​ប៉ុស្តិ៍​ផ្សារ បាន​ឲ្យ​ដឹងថាៈ យុវតី​រងគ្រោះ មានឈ្មោះ ហូរ សុបិន អាយុ ១៨ ឆ្នាំ មាន​ឪពុក​ឈ្មោះ ហូ​  បុណ្យ ម្ដាយ​ឈ្មោះ សុគា ចំណែក​ប្អូនប្រុស​ជីដូន មួយ ឈ្មោះ បុល រតនា អាយុ ៦ ឆ្នាំ មាន​ឪពុក​ឈ្មោះ ហូរ សំ​បុល និង​ម្ដាយ​ឈ្មោះ ស៊ុន សុភា ។ ពួកគេ មាន​ទីលំនៅ នៅក្នុង​ភូមិ​ឃុំ កើតហេតុ​។

​ប្រភព​ដដែល បាន​បន្តថាៈ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​បងប្អូន បាននាំគ្នា​ទៅ​មើល​ឪពុក​បង់សំណាញ់ នៅ​ផ្នែក​ខាងក្រោម​ស្ទឹង ប៉ុន្តែ​ដើរ​មិនទាន់​ដល់​ផង ក៏បាន​រអិល​ជើង​ធ្លាក់ចូល​អន្លង់​ទឹក​ជ្រៅ បណ្ដាលឱ្យ​លង់​ស្លាប់​តែម្ដង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ និង​បានប្រគល់ សព​ជនរងគ្រោះ ទៅ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​ការ​សោកសង្រេង យ៉ាង​ក្រៃលែង ពី​ក្រុមគ្រួសារ​។​

​ក្រុមគ្រួសារ​ស បានបញ្ជាក់​ថាៈ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត នាង​នឹង​ទៅ​ចូលរួម​ប្រឡង សញ្ញាបត្រ​ទុតិយភូមិ ហើយ​មិនគួរ​មានរឿង​បែបនេះ​ឡើយ​៕/V​