ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរង អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមកីឡាករ ក្រុមជិះកង់ ប្រមាណជាង ៣០០ នាក់ ជាមន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋមូលដ្ឋាន សិស្សានុសិស្ស ជិះកង់កម្សាន្តក្នុងផ្លូវចម្ងាយ ប្រមាណ១៥ គីឡូម៉ែត្រ នៅក្នុងក្រុងកំពង់ឆ្នាំង និងនៅ ក្នុងស្រុករលាប្អៀរ ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក នៅក្នុងក្រុងកំពង់ឆ្នាំង ។
លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោកអភិបាលខេត្ត ក្នុងពេលជួបជុំ ក្រុមកីឡាជិះកង់ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង បានថ្លែងថាៈ ព្រឹត្តិការណ៍ជិះកង់កម្សាន្ត ក្រោមម្លប់សន្តិភាពនេះ ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាពគ្នា រវាងថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក និងមន្ត្រីរាជការជុំវិញខេត្ត ជាមួយក្រុមកីឡាករជិះកង់ ជាអាជីវករ និងប្រជាពលរដ្ឋ ផងដែរ ដើម្បីរួមសុខទុក្ខជាមួយគ្នា រួមគ្នាក្នុងការអភិវឌ្ឍន៍ទឹកដី ខេត្តកំពង់ឆ្នាំង ឲ្យមានការរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថាៈ ការជិះកង់នេះ គឺត្រូវចេញពីគោលដៅសាលា ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅសាលាកាណាន ចេញទៅលើភូមិអណ្ដូងឫស្សី ឃុំស្រែថ្មីនិង ត្រឡប់មកវិញ ឆ្ពោះទៅកាន់តំបន់ត្រជាក់ និងវេទិកាបុណ្យអុំទូក នៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានចម្ងាយផ្លូវប្រមាណជាង ១០ គីឡូម៉ែត្រ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអ ស់ ក្នុងក្រុងនិងខេត្តកំពង់ឆ្នាំង ក៏ដូចជា ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តនានា សូមអញ្ជើញមកលេងកម្សាន្ត ក្នុងពិធីបុណ្យអុំទូក នៅមាត់ទន្លេផ្សារក្រោម ដែលប្រព្រឹត្ត ទៅ នៅរសៀលថ្ងៃទី ៣ ខែធ្នូ ២០២២ នេះ ។ ជាមួយគ្នានេះដែរ ក៏មានការប្រកួត កីឡាប្រដាល់ល្បុក្កតោ ការសម្ដែងសិល្បៈ តន្ត្រីសម័យ និងតាំងពិព័រណ៍លក់ផលិតផល នានា របស់ប្រជាពលរដ្ឋខ្មែរយើង ៕/V