ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​សហគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២​នេះ បានទទួល អាហារ សាមគ្គី អបអរសាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់ គណៈប្រតិភូ​នៃ​បណ្តា​ទីក្រុង និង​សហគមន​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ ដែលជា​សមាជិក នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​” ដែល​អញ្ជើញ​មក​ចូលរួម​វ​ទិ​កា អភិបាល​ក្នុង​អាស៊ាន និង កិច្ចប្រជុំ​អភិបាល​រាជធានី​-​រដ្ឋធានី អាស៊ាន ២០២២ នៅ​រាជធានី​ភ្នំពេញ​(AIMF: Association Internationale des Maires Francophones) នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា​ភ្នំពេញ​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្នុងនាម​ជា​សមាជិក អចិន្ត្រៃយ៍​នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​រីករាយ ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​នៃ​បណ្តា​ទីក្រុង និង​សមាគមន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​សមាជិក នៃ​សមាគម​អា​.​ស៊ី​.​អឹម​.​អេ​ហ្វ (AIMF)” ដែល​បាន​អញ្ជើញ មក​ចូលរួម​វេទិកា​អភិបាលក្រុង​អាស៊ាន និង​កិច្ចប្រជុំ​អភិបាល​រាជធានី​- រដ្ឋធានី​អាស៊ាន ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ​។​

​លោក​បន្តថា​៖ ក្នុង​រយៈពេល​កន្លងមក​នេះ ក្នុង​ភាពជា​ដៃគូ កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព​ល្អជា​ប្រពៃណី អាច​វាយ​ត​ម្ល​បាន​ថា បណ្តា​ទីក្រុង និង​សមាគម​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​សមាជិក នៃ​សមាគម អា​.​អ៊ី​.​អឹម​.​អេ​ហ្វ (AIMF) យើង​បាន បំពេញ​នូវ​ការងារ​ជាច្រើន​ជាមួយគ្នា និង​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល ផ្លាស់ប្ដូរ​បទពិសោធន៍ ដោះស្រាយ បញ្ហា​ប្រឈម និង​ចែករំលែក​ព័ត៌មាន​ល្អៗ​នៃ​ការអភិវឌ្ឍ​ទីក្រុង ដើម្បី ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន​ក្នុងប្រទេស​នីមួយៗ ក្រោម​ក្របខណ្ឌ ហ្វ្រ​ង់​កូ​ហ្វូ​នី​។ ជាក់ស្តែង សម្រាប់​ថ្ងៃនេះ បើទោះបី​ពួកយើង​មាន​ភាព​មមាញឹក​ក្នុងការ ចូលរួម​វេទិកា​អភិបាលក្រុង​អាស៊ាន និង​កិច្ចប្រជុំ​អភិបាល​រាជធានី​- រដ្ឋធានី​អាស៊ាន ដែល​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ យ៉ាងណាក្តី ក៏​ក្នុងនាម​ជា​សមាជិកសមាគម អា​.​អ៊ី​.​អឹម​.​អេ​ហ្វ (AIMF) ទីក្រុង​យើងទាំងអស់គ្នា បាន​ឆ្លៀតឱកាស​
​ដើម្បី​ជួបជុំ​សំណេះសំណាល ក្នុងន័យ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​ជា​សារ​បញ្ជាក់​អំពី​ការប្តេជ្ញា ចិ​ត្ដ ខិតខំ​បន្ត​គាំទ្រ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ការពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​៕​