មេដឹកនាំ​ហុង​គ្រី និង អាល្លឺម៉ង់ រិះគន់​ដាក់គ្នា​នៅ​សន្និសីទកាសែត ជុំវិញ​បញ្ហា​អន្តោប្រវេសន៍​

1003
ចែករម្លែក

​អធិការបតី​អាល្លឺម៉ង់​លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល និង​នាយករដ្ឋមន្ត្រី​ហុង​គ្រី​លោក វី​កទ័រ អ័​របា​ន បាន​រិះគន់​គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កក្កដា​លើ​បញ្ហា​អន្តោប្រវេសន៍ ដោយ​គូសបញ្ជាក់​ពី​ការបែកបាក់​គ្នា​នៅក្នុង​សហភាព​អឺរ៉ុប​ទាំងមូល​អំពី​របៀប​ដោះស្រាយ​ជាមួយ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ឬ​ស្វែងរក​ជីវិត​ល្អ​ជាង​មុន​នៅ​ទ្វីបអឺរ៉ុប​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅក្នុង​ទីក្រុង​បែរ​ឡាំង លោកស្រី​មឺ​គែល​បាន​និយាយថា បើទោះបី​ជាមាន​ចំណាត់ការ​ថ្មីៗ​នេះ​ដោយ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ដើម្បី​បង្ក្រាប​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ឆ្លងកាត់​ព្រំដែន​បើកចំហ​របស់​អឺរ៉ុប​ក៏ដោយ ក៏​លោកស្រី​ចង់​ធានាថា ពួកគេ​ត្រូវតែ​ទទួលបាន​ការប្រព្រឹត្ត​ដោយ “​មនុស្សធម៌​” ហើយ​ទ្វីប​នេះ​នឹងមិន​ត្រូវឱ្យ​ប្រែក្លាយ​ទៅជា “​បន្ទាយ​” អឺរ៉ុប​ទេ​។​

​លោកស្រី​មឺ​គែល​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​បញ្ហា​ដែល​ខ្ញុំ​មើលឃើញ និង​ចំណុច​ដែល​ការខ្វែងគំនិត​គ្នា​របស់​ពួកយើង​ស្ថិតនៅ គឺថា​យើង​ត្រូវតែ​ចងចាំ​ជានិច្ច​និង​កុំបី​ភ្លេច​ឡើយ​ថា នេះ​គឺ​អំពី​រឿង​មនុស្សជាតិ​” ។​

​លោកស្រី​បាន​បន្តថា “​អឺរ៉ុប​មិនអាច​ផ្តាច់​ខ្លួនឯង​ចេញពី​ការលំបាក​និង​ការរង​ទុក្ខវេទនា​បានទេ​”​។ លោកស្រី​បាន​បន្ថែមថា អន្តោប្រវេសន៍​ខុសច្បាប់​អាច​បញ្ឈប់​បាន​លុះត្រា​តែមាន​មធ្យោបាយ​ស្របច្បាប់ ដែល​ក្នុងនោះ​មនុស្ស​អាចធ្វើ​ដំណើរ​ទៅ​ទ្វីបអឺរ៉ុប​ដើម្បី​ធ្វើការ​និង​សិក្សា​។​

​លោកស្រី​មឺ​គែល​បានលើកឡើង​អំពី​គោលជំហរ​របស់​ប្រទេស​ហុង​គ្រី​ថា​ជា “​បញ្ហា​” អំឡុង​សន្និសីទកាសែត​រយៈពេល ២៧ នាទី ដែល​គេ​ឃើញ​មេដឹកនាំ​ទាំង​២ រិះគន់​គ្នា​ទៅវិញទៅមក​។​

​លោក​អ័​របា​ន ដែលជា​អ្នក​រិះគន់​ខ្លាំង​បំផុត​លើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់លោក​ស្រី​មឺ​គែល​ចាប់តាំងពី​ឆ្នាំ ២០១៥ នៅពេល​មនុស្ស​រាប់ពាន់​នាក់​បាន​ហូរ​ចូលទៅ​អឺរ៉ុប​ជា​រៀងរាល់ថ្ងៃ បាន​និយាយថា “​អាល្លឺម៉ង់ និង ហុង​គ្រី​មើលឃើញ​ពិភពលោក​ផ្សេងគ្នា​”​។​

​ខណៈដែល​លោក​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការចរចា លោក​អ័​របា​ន និយាយថា​ជំហរ​របស់លោក​គឺ​មិនមាន​ការផ្លាស់ប្តូរ​ទេ​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​។​

​លោក​បាន​និយាយថា “​យើង​ដឹង​អំពី​ដំណោះស្រាយ​តែមួយ​ប៉ុណ្ណោះ គឺ​បិទ​ព្រំដែន​”​។ លោក​បាន​បន្ថែមថា​ប្រសិនបើ​អឺរ៉ុប​ផ្តល់​ការគាំទ្រ​ដល់​ជនភៀសខ្លួន នោះ​វា​នឹងត្រូវ​ចាត់ទុកជា​ការអញ្ជើញ​ប៉ុណ្ណោះ​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​មនុស្ស​អាចម​កបាន ពួកគេ​នឹង​មក​”​។​

​លោក​បាន​កត់សម្គាល់ថា ហុង​គ្រី​បានដាក់​ពង្រាយ​ប៉ូលិស​និង​ទាហាន​ចំនួន ៨.០០០ នាក់​ដើម្បី​ការពារ​មិនឱ្យ​ជនអន្តោប្រវេសន៍​ចូលក្នុង​ប្លុក​អឺរ៉ុប​តាម​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន​ឡើយ​។​

​លោក​អ័​របា​ន បាន​និយាយថា “​យើង​គិតថា​វា​អយុត្តិធម៌​ដែល​អាល្លឺម៉ង់​ជារឿយៗ​ចោទប្រកាន់​យើង​ថា​ខ្វះ​សាមគ្គីភាព​”​។​

​លោក​អ័​រ​បាន​បានបញ្ជាក់​យ៉ាងច្បាស់​ថា​គាត់​ជឿថា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​បាន​ចុះឈ្មោះ​នៅ​ហុង​គ្រី​ត្រូវតែ​មក​តាមរយៈ​ប្រទេស​ក្រិ​ក​ឬ​ប៊ុលហ្គារី​ជាមុនសិន​ហើយ​ដូច្នេះ​ប្រទេស​របស់គាត់​នឹង​មិនមាន​កាតព្វកិច្ច​ទ​ទួល​យក​ពួកគេ​ទេ ប្រសិនបើ​ពួកគេ​ត្រូវបាន​អាល្លឺម៉ង់​បញ្ជូន​មកឱ្យ​ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

អធិការបតី​អាល្លឺម៉ង់​លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល (​ឆ្វេង​) និង​នាយករដ្ឋមន្ត្រី​ហុង​គ្រី​លោក វី​កទ័រ អ័​របា​ន ធ្វើ​សន្និសីទកាសែត​រួមគ្នា​នៅ​ទីក្រុង​បែរ​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍