ដោយ​៖​ រ៉ា​ម៉ន​/​ភ្នំពេញ​៖ កិច្ចប្រជុំ អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន MGMAC និង​វេទិកា​អភិបាលក្រុង​អាស៊ាន AMF ឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ​ជាមួយ​ផ្លែ​ការ​យ៉ាង​ត្រចះត្រចង់ ដោយ​បណ្តា ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​បានទទួល​យក​បទពិសោធន៍​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់ អភិវឌ្ឍន៍​ទីក្រុង​រប​ស់​ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​ពិធី “​បិទ​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) ឆ្នាំ​២០២២ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២​នេះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ចក្ខុវិស័យ ជាក់ស្តែង​និយម និង​ការគិតគូរ​យកចិត្តទុកដាក់ ក្នុងន័យ​ស្ថាបនា​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការពិភាក្សា​លើ​គ្រប់​ទិដ្ឋភាព ដែល​សុទ្ធសឹងតែ​ជា​អនុសាសន៍​សម្រាប់​ទិសដៅ​រួមគ្នា​នៃ​ការអភិវឌ្ឍ​ទីក្រុង​អាស៊ាន នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក​បាន​បញ្ជាក់ថា បញ្ហា​ប្រឈមមុខ​ទៅនឹង​កាលៈទេសៈ និង​ទស្សនៈវិស័យ​សកល​នាពេល​​បច្ចុប្បន្ន និង​ទៅ​អនាគត ថ្នាក់ដឹកនាំ​ទីក្រុង​អាស៊ាន បាន​យល់​ស្របគ្នា​អំពី​សារៈសំខាន់​នៃ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​រួម ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដែលជា​មូលដ្ឋាន​ដ៏​ចាំបាច់ ក្នុងការ​លើកកម្ពស់​កា​រ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច និង​សង្គមកិច្ច ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។ បន្ថែម​ពីនេះ​ទៀត បាន​ជំរុញ​សន្ទុះ​នៃ​ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ប្រកបដោយ​បរិវត្ត​កម្ម និង​បរិ​យា​ប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី ដូច​អ្វីដែល​យើង​បានកំណត់​ជា​ប្រធានបទ នៃ​អង្គ​វេទិកា​អភិបាលក្រុង​អាស៊ាន ក្នុងឆ្នាំនេះ​។​

​លោក​ឃួ​ង ស្រេង បន្តថា អង្គ​វេទិការ​បាន​ដំណើរការ​ដោយ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ អំពី​សារៈសំខាន់ និង​ភាពចាំបាច់​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុងចំណោម​រាជធានី​-​រដ្ឋធានី​អាស៊ាន រដ្ឋបាលខេត្ត ទីក្រុង​សម្ព័ន្ធមេត្រី និង​បណ្តា​ទីក្រុង​អាស៊ាន​ក្នុងន័យ​ជំរុញ​ឱ្យសម្រេចបាន​ទីក្រុង​ដែល​ឆ្លាត មាន​ភាព​ធន់ និង​ចីរភាព ជាពិសេស​​នៅ​ចំពោះមុខ​បរិបទ​នៃ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល ក៏ដូចជា​វិបត្តិ​ជា​សកល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បាន​បន្តថា តាមរយៈ​វេទិកា និង​កិច្ចប្រជុំ​នេះ សម្រេចបាន​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ចំនួន ២ ច្បាប់ រួមមាន (​ទីមួយ​) សេចក្តីប្រកាស​រួម​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ដែលមាន​ខ្លឹមសារ​ចំនួន ៦ ចំណុច និង (​ទី​ពីរ​) សេចក្តីថ្លែងការណ៍​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) ឬ​ហៅថា សេចក្ដីថ្លែងការណ៍​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២២ ដែលមាន​ខ្លឹមសារ​ចំនួន ១២​ចំណុច ពោលគឺ​សមស្រប​ទៅនឹង​ប្រធានបទ​ដែល​បានកំណត់​។ ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួម​របស់ អភិបាល​/​អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និង​ក្រុង នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងការ​ពួតដៃ​គ្ន​បន្តដំណើរ​ទៅមុខ​រួមគ្នា និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​កសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព សម្រាប់​បម្រើឱ្យ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​រួម​ស្របតាម​ចក្ខុវិស័យ​របស់​សហគម​ន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ក្រោយ​ឆ្នាំ​២០២៥ ផងដែរ​។​

​សូមបញ្ជាក់ថា រដ្ឋបាល​ក្រុង នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បានក្លាយ​ជា​ប្រធាន​ប្តូរ​វេន នៃ កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន MGMAC​និង​វេទិកា​អភិបាលក្រុង​អាស៊ាន​AMF នៅ​ឆ្នាំ​២០២៣​ខាងមុខ ដោយបាន​ប្តេជ្ញា​បន្ត​បម្រើ​ជា​យន្តការ​ប្រើប្រាស់​ជា​វេទិកា​ជជែក​ពិភាក្សា ចែករំលែក​បទពិសោធ​ន៍ ក៏ដូចជា​គំនិត​ផ្តួចផ្តើម និង​នវានុវត្តន៍​ថ្មីៗ​បន្ថែមទៀត សម្រាប់​ភាព​រីកចម្រើន​នៃ​បណ្ដាញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាស៊ាន​៕​