ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោកស្រី បណ្ឌិត ប៊ែណាឌៀ អុីរ៉ាវ៉ាទី ជិនដ្រាដេវី ( Dr. Bemadia Irawati Tjandradewi M.Sc., M.P.P ) អគ្គលេខាធិការ សមាគម​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC) និង​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) បាន​កោតសរសើរ អភិបាល​រាជធានី​ភ្នំពេញ ចំពោះ​ការរៀបចំ​វេទិកា អភិបាលក្រុង​អាស៊ាន AMF និង​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន MGMAC ឆ្នាំ​២០២២ នេះ ប្រកបដោយ​ភាពជោគជ័យ និង​ប្រ​ព្រឹ​តិ្ត​ទៅដោយ​រលូន ដែល​បានបង្ហាញ​នូវ​ស្មារតី ពិតប្រាកដ នៃ​ការ​សាមគ្គីភាព ការរួបរួម​គ្នា មិត្តភាព និង​ភាពជា​ដៃគូ នៅក្នុង​សហគមន៍​អាស៊ាន ។​

​ការ​កោត​ស​សើរ​បែបនេះ​របស់ លោកស្រី បណ្ឌិត ប៊ែណាឌៀ អ៊ី​រ៉ា​វាទី ជិន​ដ្រា​ដេ​វី បានធ្វើ​ឡើង ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​អភិបាល រាជធានី​-​រដ្ឋធានី អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ នេះ (AMF 2022) នា​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ នេះ ។​

​ក្នុងឱកាស​នោះ លោកស្រី បណ្ឌិត ប៊ែណាឌៀ អ៊ី​រ៉ា​វាទី ជិន​ដ្រា​ដេ​វី បាន​សម្តែង​នូវ​ការអបអរសាទរ និង​ថ្លែងអំណរគុណ ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក លោកស្រី មកពី​បណ្តា​ទីក្រុង​អាស៊ាន ក៏ដូចជា ក្រុមការងារ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក ធ្វើឱ្យ​សម្រេចបាន នូវ​កិច្ចប្រជុំ និង​វេទិកា​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ សម្រាប់​ការ​ជុំគ្នា នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំនេះ ហើយ​ឃើញថា នេះ​ជា​ស្មារតី មិត្តភាព និង​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត ដោយមាន​កិច្ចប្រជុំ​ផ្សេងៗ​ជាច្រើន ដែល​នេះ​គឺ ជា​ឱកាស​ក្នុងការ​ចូលរួម​ចែករំលែក បទពិសោធន៍ ចំណេះដឹង ជាមួយនឹង​បញ្ហា​ប្រឈម នឹង​ដំណោះស្រាយ ដែល​អាចធ្វើ​ទៅបាន ។​

​ជាងនេះទៅទៀត លោកស្រី បាន​បន្ថែមថាៈ កិច្ចប្រជុំ​ទាំង​២ ក៏មាន​ការពិភាក្សា​រក ដំណោះស្រាយ និង​បទពិសោធន៍ ពី​រាជធានី រដ្ឋធានី ដទៃទៀត ដើម្បី​ជា​ធាតុ​ចូល ក្នុងការ​ពង្រឹង និង​គ្រប់គ្រង​រាជធានី រដ្ឋធានី​អាស៊ាន ជាពិសេស​ក៏មាន​បទ​បង្ហាញ ចែករំលែក ពី​ដៃគូ​និង​សមាជិក គឺ​ត្រូវ​រៀបចំ ដោយមាន​ការគិតគូរ​ដល់​ប្រជាពលរដ្ឋ​ជាធំ និង​ផ្ដល់​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ ។​

​លោកស្រី បណ្ឌិត បាន​បន្តថាៈ កិច្ចប្រជុំ និង​វេទិកា នៅថ្ងៃនេះ គឺជា​មូលដ្ឋានគ្រឹះ​មួយ សម្រាប់​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ នៅក្នុង​តំបន់​អាស៊ាន ។ មួយវិញទៀត បានអនុម័ត​នៅ​សេចក្ដីថ្លែងការណ៍ ទីក្រុង​ភ្នំពេញ គឺ​បណ្តា​រាជធានី រដ្ឋធានី មានឱកាស ក្នុងការ​បាន​ជួបជុំ​គណៈប្រតិភូ លោក​អភិបាល អភិបាលរង ដើម្បី​ចូលរួម​អាន​រួមគ្នា នៅ​សេចក្ដីថ្លែងការណ៍ ព្រោះនេះ គឺជា​សេចក្ដីថ្លែងការណ៍ របស់​បណ្តា​រាជធានី រដ្ឋធានី​អាស៊ាន ទាំងអស់គ្នា ដែល​បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត ក្នុងការ​ធ្វើការ​រួមគ្នា និង​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត ។​

​ក្នុងនោះ លោកស្រី ក៏​សូម​អបអរសាទរ​ចំពោះ ការខិតខំ​ប្រឹងប្រែងរ​បស់ បណ្តា​រាជធានី រដ្ឋធានី​អាស៊ាន​ទាំងអស់ ក្នុងការ​បង្កើត​រាជធានី រដ្ឋធានី ឱ្យមាន​ភាព​ធន់ មាន​និរន្តរភាព និង​ភាព​ឆ្លាត​វៃ ខណៈដែល​កិច្ចការ​នេះ មិនមែនជា​អ្វីដែល​កើតឡើង នៅក្នុង​ថ្ងៃនេះ ឬ​ម្សិលមិញ​នោះទេ គឺជា​អ្វីដែល​បាន​បន្ត​មក រាប់​ឆ្នាំ​មកហើយ ដើម្បី​អាច​ទៅមុខ​រួមគ្នា ជោគជ័យ​ទាំងអស់គ្នា ដោយ​ត្រូវ​បន្ត​សាមគ្គីភាព ជា​បន្តទៅទៀត ដើម្បី​អាច​សម្រេចបាន គោលដៅ ក្នុងការ​បង្កើត​ទីក្រុង ដែលមាន​ភាព​ឆ្លាត​វៃ មាន​ភាព​ធន់ និង​មាន​និរន្តរភាព ។​

​លោកស្រី បាន​សន្យា​នឹង​បន្ត​កិច្ចការ​នេះ ជាមួយ​អភិបាលក្រុង​ឥណ្ឌូណេស៊ី បន្តទៀត ដែលជា​ប្រធាន​ប្តូរ​វេន នៅ​ឆ្នាំ​២០២៣ បន្ទាប់ពី​កម្ពុជា ដើម្បី​រួមគ្នា​ធ្វើឱ្យ​ទីក្រុង ក្នុង​តំបន់​អាស៊ាន មាន​ភាព​ឆ្លាត​វៃ មាន​ភាព​ធន់ និង និរន្តរភាព​៕/V​