​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ ក្រុម​មាន់គក​បារាំង​នឹង​បើក​ឆាក​មុនគេ​ប៉ះ​ក្រុម​ប៉ូឡូញ​នៅ​ម៉ោង​១១៖០០​យប់ ដោយ​រំពឹង​ឈ្នះ​យ៉ាង​ងាយ​លើ​ពួកគេ​។​ខណៈ​នៅ​ម៉ោង​២​រំលង​អាធ្រា​ត្រ អង់គ្លេស​នឹង​ប៉ះ​ជាមួយ​ជើងឯក​អាហ្វ្រិក​គឺ​សេណេ​ហ្គាល់ ជា​ជំនួប​មួយ ដែល​អង់គ្លេស​នៅតែ​មាន​ភាគរយ​ឈ្នះ​ខ្ពស់ជាង​។

– បារាំង vs ប៉ូឡូញ​

* ប៉ូឡូញ​ស៊ុត​ចំ​គោលដៅ​តិចជាង​២​ជើង​ក្នុង​មួយ​ប្រកួត​ក្នុងវើ​លខាប់​នេះ​។​
* បារាំង​ឈ្នះ​រាល់​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែល​ពួកគេ​បាន​លេង​នៅ​វើល​ខា​ប់​។​
* ប៉ូឡូញ​បាន​របូត​១១​គ្រាប់​ក្នុង​ការជួបគ្នា​៤​លើក​ជាមួយ​បែលហ្ស៊ិក​និង​ហូឡង់​កាលពីដើមឆ្នាំ​នេះ​។​
* Mbappe រកបាន ៣ គ្រាប់​ក្នុង ៣ ប្រកួត​មកទល់ពេលនេះ និង​ស៊ុត​បាន ២ គ្រាប់​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៨​។​

​របៀប​នៃ​ការ​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​របស់​ប៉ូឡូញ​នៅវើ​លខាប់​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះ​ពួកគេ​បាន​ដឹង​ច្បាស់​ហើយ​ថា​ការ​ចាញ់ ២-០ ក្រោម​ថ្វៃដៃ​អា​ហ្សង់​ទី​នហើយ​នៅតែ​អាច​ឡើង​វគ្គ​បន្តបាន​គឺ​ដោយសារ​តែ​កំណត់ត្រា​វិន័យ​ល្អ​របស់​ពួកគេ​។​

​ទោះយ៉ាងណា ពួក​គេ​លេង​មិនសូវ​ទាក់ទាញ​ទេ​ក្នុង​រាល់​ការប្រកួត​វើល​ខាប់​ទាំងអស់​។ ប៉ូឡូញ​បាន​កត់ត្រា​ការ​ស៊ុត​ចំ​គោលដៅ​ត្រឹមតែ ៥ ជើង​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​ចំនួន ៣ របស់​ពួកគេ​នៅវើ​លខាប់ ដោយ ៦០% នៃ​ការ​ស៊ុត​ចំ​គោលដៅ​គឺ​កើត​ឡើង​ក្នុង​ជ័យជម្នះ ២-០ លើ​អា​រ៉ាប៊ីសាអូឌីត​។​

​ជាមួយនឹង​កំណត់ត្រា​បែប​នោះ​នៅ​ពីក្រោយ​ពួកគេ និង​ការបង្ហាញ​ទម្រង់​លេង​អន់​របស់​ពួកគេ​ទល់​នឹង​អា​ហ្សង់​ទីន តើ​ប៉ូឡូញ​ពិតជា​មាន​សង្ឃឹម​ក្នុងការ​យកឈ្នះ​លើ​បារាំង​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​មែន​ទេ​?

​បារាំង​ប្រហែលជា​បាន​ជ្រុះ​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​យូរ៉ូ​ឆ្នាំមុន​ក៏ពិតមែន ប៉ុន្តែ​វា​មិន​ទំនង​អាច​កើតឡើង​នៅពេល​នេះ​ទេ​។ ប្រវត្តិសាស្ត្រ​បាន​ចង្អុលបង្ហាញ​ថា ក្រុម​ការពារ​តំណែង​ជើងឯក​បាន​ឈាន​ទៅ​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់​ពី​បារាំង​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ដំបូង​គេ​ដែល​បាន​ឆ្លង​ផុត​វគ្គ​នេះ​ចាប់​តាំងពីប្រេ​ស៊ីល​ក្នុង​ឆ្នាំ​២០០៦​។​

​ចាប់តាំងពី​ការប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ត្រូវ​បាន​ណែនាំ​នៅក្នុងវើល​ខាប់​ឆ្នាំ​១៩៨៦ បារាំង​បាន​បង្ហាញខ្លួន​នៅ​ដំណាក់កាល​នេះ​ចំនួន ៥ ដង និង​ឡើង​ផុត​រាល់​ឱកាស​នី​មួយៗ (១៩៨៦, ១៩៩៨, ២០០៦, ២០១៤, ២០១៨)​។ បារាំង​បាន​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​យ៉ាង​ហោច​ណាស់ ៤ ដង​នៃ​ការប្រកួត​បាល់ទាត់​ធំៗ​ទាំង ៥ លើក​ចុងក្រោយ​ដែល​ពួកគេ​ធ្លាប់​លេង​។​

​ទន្ទឹមនឹងនេះ នេះ​នឹង​ក្លាយ​ជា​ការប្រកួត​លើកដំបូង​របស់​ប៉ូឡូញ​ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​នៃ​វើល​ខាប់​ចាប់តាំងពី​ឆ្នាំ ១៩៨៦ នៅពេលដែល​ពួកគេ​បាន​ចាញ់​ប្រេ​ស៊ីល​ក្នុង​លទ្ធផល ៤-០ ក្នុង​វគ្គ​នេះ​។ កំណត់ត្រា​ការពារ​របស់​ពួកគេ​លាយ​ជាមួយ​កំណត់ត្រា​ប្រយុទ្ធ​របស់​បារាំង​ចង្អុលបង្ហាញ​ថា ប៉ូឡូញ​ច្បាស់​ជា​ធ្លាក់​ម្តងទៀត​នៅ​វគ្គ​នេះ​។​

​លទ្ធផល​ព្យាករណ៍ បារាំង​ឈ្នះ ៣-០​។​

– អង់គ្លេស vs សេណេ​ហ្គាល់​

* អង់គ្លេស​បាន​ឈ្នះ​ការប្រកួតប្រជែង​ចំនួន ១៤ លើក​ក្នុងចំណោម ២០ ប្រកួត​ជា​មួយ​ក្រុម​មក​ពី​អាហ្វ្រិក​។​
* ប្រទេស​មក​ពី​អាហ្វ្រិក​បាន​ចាញ់​៨​លើក​ក្នុងចំណោម​ការជួបគ្នា​៩​លើក​ជាមួយ​ក្រុម​មក​ពី​អឺរ៉ុប​។​
* គិត​មក​ទល់​ពេល​នេះ អង់គ្លេស​រកបាន​៩​គ្រាប់ គឺ​ខ្ពស់ជាង​នៅវើ​លខាប់​ឆ្នាំ​១៩៦៦​និង​២០១៨​។​
* Rashford រកបាន​មួយ​គ្រាប់​រៀងរាល់ ៣៦ នាទី​ជា​មធ្យម​ក្នុង​វគ្គ​ចែក​ពូ​ល​។​

​អង់គ្លេស​បាន​ឆ្លងកាត់​វគ្គ​ចែក​ពូ​ល​ដោយ​មិន​ស្គាល់​ចាញ់ ដោយ​បាន​យក​ឈ្នះ​យ៉ាង​ស្រួល​ក្នុង​ការប្រកួត​ទី​មួយ​និង​ចុងក្រោយ​របស់​ពួកគេ រួម​ជាមួយ​លទ្ធផល​ស្មើ​ជាមួយ​សហរដ្ឋ​អាម៉េរិក​នៅ​ជុំ​ទី​២​។ ពួកគេ​រកបាន​៩​គ្រាប់​រួច​មក​ហើយ ដែល​ជា​ចំនួន​គ្រាប់​បាល់​ច្រើន​ជាង​នៅ​វើល​ខា​ប់​១៩៦៦​និង​២០១៨​។ ថ្វីត្បិតតែ​មាន​ការវាយលុក​សាហាវ​និង​ការចាប់ផ្តើម​ដ៏​ខ្លាំងក្លា​ក៏​ដោយ ក៏​គ្រប់គ្នា​មិនសូវ​ជឿជាក់​លើ​ក្រុម​នេះ​ថា​នឹង​ឈ្នះ​ពាន​វើល​ខាប់​នោះឡើយ​។​

​ជម្រើស ១១ នាក់​ដំបូង​របស់​លោក Gareth Southgate នៅតែ​ជា​ការជជែក​វែកញែក ព្រោះ​ខ្លះ​ឡើង​ជើង​តែ​បាល់​អន្តរជាតិ និង​ខ្លះ​កំពុង​ធ្លាក់​ជើង​នៅតាម​ក្លិប​។ ត្បិត​នេះ​មិនមែន​ជា​សម័យកាល​មាស​របស់​អង់គ្លេស​ក៏ពិតមែន ប៉ុន្តែ​កីឡាករ​អង់គ្លេស​ក្មេងៗ​ភាគច្រើន​លេង​យល់ចិត្ត​គ្នា​ល្អ​ណាស់ ដែល​នេះ​ជា​ចំណុច​ពិសេស​របស់​អង់គ្លេស​។​

​ពួកគេ​ត្រឡប់​ទៅ​ទីក្រុង Al Khor វិញ ដែល​ជា​កន្លែង​ពួកគេ​លេង​ស្មើ​យ៉ាង​អន់​ទល់នឹង​សហរដ្ឋ​អាម៉េរិក ដើម្បី​ប្រឈមមុខ​នឹង​ម្ចាស់​ជើងឯក​អាហ្វ្រិក​សេណេ​ហ្គាល់​។ តើ​ទម្រង់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់​អង់គ្លេស​នឹង​បន្ត​ឬក៏​តោ​កំណាច​អាហ្វ្រិក​បញ្ចេញ​រនាំង​ការពារ​រឹង​ដូចដែក​បិទ​ពួកគេ​ជិតឈឹង​?

​សេណេ​ហ្គាល់​បាន​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដោយ​គ្មាន​តារា​ឯក Sadio Mane ដែល​បាន​ខកខាន​ការប្រកួត​វើល​ខាប់​ដោយសារ​របួស​។ ការ​ឈ្នះ​លើ​កាតា​និង​អេក្វាឌ័រ​បាន​នាំ​ពួកគេ​ចូល​មក​កាន់​វគ្គ​នេះ ប៉ុន្តែ​នោះ​ជា​លើកទីមួយ​ហើយ​ដែល​ពួកគេ​បាន​ឈ្នះ​ការប្រកួត​វើល​ខាប់​២​លើ​ក​ជាប់​គ្នា​។ កំណត់ត្រា​នេះ​ឆ្លុះបញ្ចាំង​ថា​ការ​ឈ្នះ​ឱ្យបាន​២​លើ​ក​ជាប់​គ្នា​ជា​ប្រវត្តិសាស្ត្រ​ហាក់ជា​កិច្ចការ​ធំ​ប៉ុន​ភ្នំ​មួយ​សម្រាប់​សេណេ​ហ្គាល់​។​

​ក្រុម​មក​ពី​ទ្វីបអាហ្វ្រិក​បាន​ចាញ់​៨​ដង​ក្នុង​ចំណោម​ការប្រកួត​ជម្រុះ​វើល​ខាប់ ៩ លើ​ក​របស់​ពួកគេ​ទល់​នឹង​ក្រុម​មក​ពី​អឺរ៉ុប​។ ទន្ទឹមនឹងនេះ​ដែរ នៅក្នុង​ការប្រកួត​វើល​ខាប់​ទាំងអស់ អង់គ្លេស​មិនដែល​ចាញ់​ក្រុម​មក​ពី​អាហ្វ្រិក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ទេ ដោយ​ឈ្នះ ១៤ ដង​ក្នុង​ចំណោម ២០ ប្រកួត​។​

​ចាប់តាំងពី​បាន​យកឈ្នះ​បារាំង ១-០ ក្នុងវើ​លខាប់​លើកដំបូង​មិន​ធ្លាប់​មាន​របស់​ពួកគេ​ក្នុង​ឆ្នាំ​២០០២​មក សេណេ​ហ្គាល់​បាន​របូត​យ៉ាងតិច​១​គ្រាប់​ក្នុង​ការប្រកួត ១០ លើក​ចុងក្រោយ​របស់​ពួកគេ​នៅក្នុងវើល​ខាប់​។ ខណៈ​ពួកគេ​មាន​អ្នក​ស៊ុត​បញ្ចូល​ទី ៥ នាក់​ផ្សេង​គ្នា​នៅក្នុងវើល​ខាប់ ពួកគេ​ពិតណាស់​គឺ​ខ្វះ​គុណភាព​ដែល Mane នាំ​មក​ជូន​ក្រុម ហើយ​ពួកគេ​មាន​សំណាង​ដែល​បាន​លេង​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​អន់ កាតា ក្នុង​វគ្គ​ចែក​ពូ​ល​។ ក្តីសង្ឃឹម​ដ៏​ល្អ​បំផុត​របស់​ពួកគេ​គឺ​ថា ដៃគូ​ពីរ​នាក់​របស់ Chelsea គឺ Edouard Mendy និង Kalidou Koulibaly នឹង​បង្ហាញ​ការការពារ​រឹងមាំ​នៅ​តំបន់​ខាងក្រោម​។​

​ទោះយ៉ាងណា អង់គ្លេស​មិនមែន​ជា​ក្រុម​ដែល​អ្នក​អាច​មក​អង្គុយ​ការពារ​ជ្រៅៗ​បានទេ​។ នោះ​ហើយ​ជា​របៀប​ដែល​អ៊ីរ៉ង់​និង​វែល​ជ្រើសរើ​សលេង ហើយ​ទីបំផុត​ពួកគេ​ត្រូវ​អង់គ្លេស​ស៊ុត​រហូត ៩ គ្រាប់​។ សហរដ្ឋ​អាម៉េរិក​ធ្វើ​បាន​ល្អ​ដោយ​បើក​ការ​វាយលុក​លើ​អង់គ្លេស​មិន​ព្រម​ដក​ដៃ ប៉ុន្តែ​ការលេង​បែប​វាយលុក​គឺ​មិន​សម​នឹង​កីឡាករ​របស់​សេណេ​ហ្គាល់​នោះទេ​។ ទោះយ៉ាងណា តោ​កំណាច​អាហ្វ្រិក​បាន​បង្ហាញ​ពី​ការការពារ​ដ៏​រឹងមាំ​និង​ការវាយលុក​ដាច់​មាត់​ដ៏​ពូកែ ដែល​គួរតែ​បង្ក​ការព្រួយបារម្ភ​ខ្លះ​ដល់​អង់គ្លេស​។​

​កីឡាករ​អង់គ្លេស​លេង​យ៉ាង​ប៉ិនប្រសព្វ​លើ​ក្រុម​ដែល​ចូលចិត្ត​ការពារ​ជ្រៅៗ ដោយ Marcus Rashford បាន​បញ្ចប់​ទៅ​ក្នុងនាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​វគ្គ​ចែក​ពូ​ល ដោយ​រក​បាន​បី​គ្រាប់​ក្នុង​រយៈពេល​ត្រឹមតែ ១០៧ នាទី​នៃ​សកម្មភាព​លើ​ទីលាន​។ រូបគេ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ដោយសារ​តែ​កំណត់ត្រា​នេះ ហើយ​ទម្រង់​លេង​របស់​គេ​គួរតែ​បន្ត​នៅ​ក្នុង​ការប្រកួត​នេះ ដូច្នេះ ខ្សែបម្រើ​ស្លាប​រូបនេះ​ពិតជា​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​រក​គ្រាប់​បាល់​ទល់​នឹង​សេណេ​ហ្គាល់​។​

​លទ្ធផល​ទស្សនទាយ អង់គ្លេស​ឈ្នះ ២-០៕

​អង់គ្លេស​រំពឹង​ឈ្នះ​ខ្ពស់​លើ​សេណេ​ហ្គាល់ ដែល​ចូលចិត្ត​លេង​ការពារ