ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍ ចុងខែវិច្ឆិកា ចូលដើមខែធ្នូនេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង។ ក្នុងនោះ មានព្រឹត្តិការណ៍នយោបាយសំខាន់ៗ រួមទាំងការបិទព្រឹត្តិការណ៍កីឡាជាតិ ជាដើម។

១- សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម និងលោកបណ្ឌិត យ៉ង សាំង កុមារ លើការងារកសិកម្ម

ក្រោយប្រកាសចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា លោក យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងមន្ត្រីជាន់ខ្ពស់មួយរូបទៀត អមដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយចូលជួបពិភាក្សារងារ។ ជំនួបរវាងសម្តេច និងអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្តោតសំខាន់លើការងារកសិកម្ម។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៩វិច្ឆិកា លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រីឯលោក ឡឹក សុធារ ដែលជាមនុស្សជំនិតរបស់លោក យ៉ង សាំងកុមារ ក៏ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មផងដែរ។

២- កម្ពុជាអបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

នៅថ្ងៃទី២៨ ខែវិច្ឆិកា កម្ពុជាអបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨-ថ្ងៃ២៨ វិច្ឆិកា ឆ្នាំ២០២២។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហោះវីដេអូខ្លីមួយ តាមបណ្តាញសង្គមហ្វេសបុក ដើម្បីជាការរម្លឹក និងដើម្បីអបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីអង្គការយូណេស្កូ។

៣-តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដំបូងគេ បានចាប់ផ្តើមសាងសង់នៅកម្ពុជា

តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ជាជំនួយរបស់ប្រទេសចិន ដែលជាដៃគូរបស់អាស៊ាន ត្រូវបានចាប់ផ្តើមសាងសង់ នៅកម្ពុជា។ កម្ពុជា បានជ្រើសរើសទីតាំងសួនព្រះនាងប្រាជ្ញាបារមី នៅមាត់ទន្លេជ្រោយចង្វា ដើម្បីអភិវឌ្ឍ ទៅជាតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដោយបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា។

៤-សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១

នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅជិតស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ការប្រកួតកីឡាជាតិ លើកទី៣ មានកីឡា ៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិ មាន ៧ប្រភេទកីឡា ដោយមានកីឡាករកីឡាការិនី មកពីរាជធានី-ខេត្តទូទាំងប្រទេស និងក្រសួងចំនួន ២៨ ចូលរួមប្រកួតប្រជែង។ ការប្រកួតនេះ បានចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីប្រកាសណែនាំដល់កីឡាករកីឡាការិនីកម្ពុជា ពង្រឹងការហ្វឹកហាត់ ដើម្បីត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងប្រារព្ធឡើងវិញ នៅឆ្នាំ២០២៣ នៅខេត្តសៀមរាប អង្គរ។

៥-សម្តេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកវិនិយោគជប៉ុន កាន់តែច្រើន មកធ្វើអាជីវកម្ម នៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីខួប ១១ ឆ្នាំ ក្រុមហ៊ុនដំឡើងគ្រឿងបង្គំអេឡិចត្រូនិចធំរបស់ជប៉ុន នៅកម្ពុជា មីនីបៀ មីតស៊ូមីក នៅថ្ងៃទី១ ខែធ្នូ សម្តេច បានបង្ហាញនូវចេតនា ចង់ឃើញអ្នកវិនិយោគជប៉ុនច្រើនបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចតេជោ អះអាងថា សុខសន្តិភាព ដែលកម្ពុជា មាន និងផែនការជាក់លាក់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ពាក់ព័ន្ធនឹងសកម្មភាពវិនិយោគ នឹងរួមចំណែកកាន់តែសំខាន់ ផ្តល់នូវផលប្រយោជន៍បន្ថែមដល់អ្នកវិនិយោគ ក្នុងការសម្រេចចិត្តមករកស៊ីនៅកម្ពុជា។

៦- សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខលោក ជាំង ជឺមីន អតីត

នៅព្រឹកថ្ងៃទី១ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារ ចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន ដែលទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមសម្តេចតេជោ មរណភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យរបស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់ឯកឧត្តម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។

៧- រដ្ឋមន្ដ្រីសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសុខាភិបាល នៅមន្ទីរពេទ្យឯកជន

នៅថ្ងៃទី១ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញលិខិតមួយច្បាប់ ជូនអភិបាលរាជធានីខេត្ត ដើម្បីណែនាំ និងក្រើនរម្លឹកឱ្យពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យឯកជន។ សេចក្តីណែនាំនេះ បានធ្វើឡើង ក្រោយពីមន្ទីរពេទ្យឯកជនមួយ ឈ្មោះ មន្ទីរសម្រាកព្យាបាល ដើមអង្ក្រង នៅផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរំលូតកូនស្លាប់ក្នុងផ្ទៃ បណ្តាលឱ្យម្តាយ រងគ្រោះធ្ងន់ធ្ងរ ហើយពេលនេះ កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

៨-សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនទានសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំរាជធានី និងរដ្ឋធានីរបស់អាស៊ាន

ក្នុងឱកាសអញ្ជើញជាអធិបតី បើកជាផ្លូវការវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី២ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានចែករំលែកទស្សនទានសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំរាជធានី និងរដ្ឋធានីរបស់អាស៊ាន អោយបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាប្រឈម ដែលកំពុងជួបប្រទះ ដើម្បីឈានទៅកសាងទីក្រុងឆ្លាតវៃ ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង។

៩- សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

នៅក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ ២០២២) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រសិនបើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗ ដូចថ្ងៃនេះដែរ។

១០- សម្តេចតេជោ អបអរសាទរខួប ៧ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

នៅថ្ងៃទី២ ខែធ្នូ គឺជាខួប ៧ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ -ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។ ក្នុងឱកាសនេះ សម្តេចតេជោហ៊ុនសែន បានអំពាវនាវតាមបណ្តាញសង្គមហេ្វសបុក ដោយសូមអោយកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និងចូលរួមថែរក្សា ការពារនូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

១១-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលសម្ពាធអតិផរណា និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ អនុវត្ត ៣លើក ចាប់ផ្តើមពីថ្ងៃទី១០ធ្នូ

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែធ្នូ បានចេញសារលិខិត ស្តីពី ការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ កម្មវិធីផ្តល់សាច់ប្រាក់ថ្មីនេះ នឹងចាប់ផ្តើមអនុវត្ត ៣លើក ដោយលើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕សរន