ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖អាជ្ញាធររុស្ស៊ីកាលពីថ្ងៃសៅរ៍បានច្រានចោលការកំណត់ថ្លៃប្រេងរបស់ខ្លួនពីសំណាក់ដៃគូលោកខាងលិចរបស់អ៊ុយក្រែននិងបានគំរាមបញ្ឈប់ការផ្គង់ផ្គង់ប្រេងដល់ប្រទេសណាដែលចូលរួមគាំទ្រផែនការនេះ។
អូស្ត្រាលី អង់គ្លេស កាណាដា ជប៉ុន អាម៉េរិកនិងប្លុកសហភាពអឺរ៉ុប២៧ប្រទេសកាលពីថ្ងៃសុក្របានព្រមព្រៀងគ្នាថានឹងកំណត់ថ្លៃប្រេងរុស្ស៊ីត្រឹម៦០ដុល្លារក្នុងមួយបារ៉ែល។ការកំហិតថ្លៃដែលនឹងចូលជាធរមានចាប់ពីថ្ងៃចន្ទទី៥ធ្នូទៅបូករួមទាំងការហ៊ុមព័ទ្ធរបស់សហភាពអឺរ៉ុបលើប្រេងរុស្ស៊ីដែលនាំចេញតាមសមុទ្រ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថារុស្ស៊ីត្រូវធ្វើការវិភាគសភាពការណ៍មុនសំរេចអំពីចម្លើយតបជាក់លាក់ណាមួយ តែថាខ្លួននឹងមិនទទួលយកការកំណត់ថ្លៃនេះទេ។ចំណែកតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំបណ្តាអង្គការអន្តរជាតិនៅក្រុងវីយែនលោក មីខាអ៊ីល អ៊ុលយ៉ាណូវ បានព្រមានថា ពួកអ្នកចូលរួមកំណត់ថ្លៃនេះនឹងស្តាយក្រោយចំពោះការសំរេចចិត្តរបស់គេ។
លោកអ៊ុលយ៉ាណូវ បានសរសេរបង្ហោះថា «ចាប់ពីឆ្នាំនេះទៅ អឺរ៉ុបនឹងរស់នៅដោយគ្មានប្រេងរុស្ស៊ី។រដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជាក់ច្បាស់ហើយថាខ្លួននឹងមិនផ្គត់ផ្គង់ប្រេងអោយប្រទេសណាដែលគាំទ្រការកំណត់ថ្លៃប្រឆាំងនឹងគោលការណ៍ទីផ្សារទេ។ សូមរង់ចាំមើល មិនយូរទេសហភាពអឺរ៉ុបនឹងចោទប្រកាន់រុស្ស៊ីថាប្រើប្រាស់ប្រេងជាសព្វាវុធមួយ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថារដ្ឋាភិបាលទីក្រុងមូស្គូ នឹងវាយតំលៃសភាពការណ៍មុនឆ្លើយតបនឹងចំណាត់ការរបស់G7និងសហភាពអឺរ៉ុប
ក្នុងពេលជាមួយគ្នាការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអំពាវនាវអោយកំណត់ថ្លៃប្រេងរុស្ស៊ីទាបជាងនេះ ដោយថាថ្លៃកំណត់ដោយG7និងសហភាពអឺរ៉ុបមិនទាន់សមល្មមនៅឡើយទេ។
អង់ឌ្រីយ យឺម៉ាក(Andriy Yermak)ប្រធានការិយាល័យរបស់ហ្សេឡេនស្គី បានសរសេរបង្ហោះក្នុងតេឡេហ្ក្រាមថា « ចាំបាច់ត្រូវបញ្ចុះវាមកនៅត្រឹម៣០ដុល្លារក្នុងមួយបារ៉ែលដើម្បីបំផ្លាញចោលសេដ្ឋកិច្ចរុស្ស៊ីអោយបានឆាប់»។
សូមបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រ បណ្តាក្រុមហ៊ុនធានារ៉ាប់រងនិងក្រុងហ៊ុននាំចេញប្រេងរុស្ស៊ីចាំបាច់ត្រូវតែនាំចេញក្នុងតំលៃដែលបានកំណត់ឬទាបជាង។ក្រុមហ៊ុនធានារ៉ាប់រងភាគច្រើនតាំងនៅអឺរ៉ុបនិងអង់គ្លេស ហើយពួកគេមុខជាស្ថិតក្រោមការត្រួតពិនិត្យ។
តាមពិតប្រេងរុស្ស៊ីត្រូវបានលក់ចេញក្នុងតំលៃប្រមាណ៦០ដុល្លារក្នុងមួយបារ៉ែលរួចជាស្រេចហើយ ដោយវាត្រូវបានលក់បញ្ចុះថ្លៃទាបជាងប្រេងក្នុងផ្សារអន្តរជាតិដែលមានតំលៃប្រមាណ៨៥ដុល្លារក្នុងមួយបារ៉ែល។
ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន នៅតែអះអាងថា ប្រេងរុស្ស៊ីនៅតែមានតំរូវការនិងបានរិះគន់ការកំណត់ថ្លៃនេះថាជា«រុះរើគោលការណ៍គ្រឹះនៃមុខងារទីផ្សារសេរីឡើងវិញ»។សារបង្ហោះក្នុងតេឡេក្រាមរបស់ស្ថានទូតបាននិយាយថា«ការកំណត់ថ្លៃក្នុងមួយបារ៉ែលនេះនឹងនាំដល់កំណើនភាពមិនប្រាកដប្រជាជាទូទៅមួយ និងការចំណាយខ្ពស់ឡើងសំរាប់អតិថិជនវត្ថុធាតុដើមមិនទាន់កែច្នៃ»៕